សូរ្យគ្រាស​ទាំងស្រុង កើតឡើង​ទូទាំង​អាមេរិក​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត ១ សតវត្សរ៍​

1957
ចែករម្លែក
  • 1
    Share

​អ្នក​ចាំមើល​មេឃ​ដ៏​អន្ទះសារ​បាន​ឈរ​នៅ​គ្រប់ទិសទី​នៅ​ទ្វីបអាមេរិក​ខាងជើង កាលពី​ថ្ងៃ​ចន្ទ ទី​២១ សីហា ខណៈដែល​ព្រះអាទិត្យ​បាត់ស្រមោល​ពីក្រោយ​ព្រះ​ចន្ទ ក្នុង​ព្រឹត្តិការណ៍​សូរ្យគ្រាស​ទាំងស្រុង​ដ៏​កម្រ ដែល​បាន​កើតឡើង​នៅ​ទូទាំង​ឆ្នេរ​ខាងលិច​និង​ខាងកើត​សហរដ្ឋអាមេរិក​ជា​លើកដំបូង ជិត​មួយ​សតវត្សរ៍​មកនេះ​។

​អ្នក​ចាំ​គយគន់​សូរ្យគ្រាស និង អ្នក​ចាំមើល​តារា​លើ​មេឃ​ថ្មីថ្មោង​ជាច្រើន​លាន​នាក់ បាន​ប្រមូលផ្តុំ​តាម​ទីក្រុង​ធំៗ​រង់ចាំ​មើល​សូរ្យគ្រាស​ទាំងស្រុង​នេះ ដែល​បានកើត​ឡើងលើ​ទំហំ​ផ្ទៃដី​លាតសន្ធឹង​ប្រវែង​ប្រមាណ ១១៣ គីឡូម៉ែត្រ ឆ្លងកាត់​រដ្ឋ​ចំនួន ១៤ របស់​អាមេរិក ជា​កន្លែង​ដែល​ព្រះ​ចន្ទ​បាំង​ពន្លឺព្រះអាទិត្យ​ទាំងស្រុង អស់​មួយសន្ទុះ​នោះ​។

​ពិធីបុណ្យ​ផ្សេងៗ ការ​ជប់លាង​លើដំបូល​ផ្ទះ ការរៀប​អាពាហ៍ពិពាហ៍ ការធ្វើដំណើរ​បោះជំរំ និង ការជួបជុំ​តារា​រូប​វិទូ បាន​កើតឡើង​ទូទាំង​សហរដ្ឋអាមេរិក សម្រាប់​អ្វីដែល​អង្គការ​ណា​សា​រំពឹងថា ជា​សូរ្យគ្រាស​ដែលមាន​ការថតរូប​និង​ថត​ជា​ឯកសារ​ច្រើន​បំផុត​ក្នុងសម័យ​ទំនើប​នេះ ដោយសារតែ​យុគសម័យ​បណ្តាញ​សង្គម​។

​ការ​បាំង​ជិត​ពន្លឺព្រះអាទិត្យ ដែល​គេ​ស្គាល់​ថា សូរ្យគ្រាស​ទាំងស្រុង ឬ ពេញវង់​នេះ បានចាប់ផ្តើម​នៅ​ឆ្នេរ​លីន​ខូ​ន រដ្ឋ​អូ​រី​ហ្គិ​ន វេលា​ម៉ោង ៥.១៦ នាទី​ល្ងាច (​វេលា​ម៉ោង ១.១៦ ទៀបភ្លឺ​ថ្ងៃ​អង្គារ ទី​២២ សីហា នៅ​កម្ពុជា​)​។

​ហ្វូងមនុស្ស​បាននាំគ្នា​ស្រែក​អបអរ​យ៉ាង​កងរំពង ចំពោះ​ការដែល​បានឃើញ​មេឃងងឹត​ដោយសារ​សូរ្យគ្រាស ដែល​កើត​ឡើងជា​លើកដំបូង​ក្នុង​រយៈពេល ៩៩ ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

សូរ្យគ្រាស​ទាំងស្រុង​កើតឡើង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ