សូ​ម៉ាលី​ជាប់​ជា​ប្រទេស​ពុករលួយ​បំផុត​លើ​លោក ដា​ណឺ​ម៉ាក​ជា​ប្រទេស​ពុករលួយ​តិច​បំផុត ខណៈ​អាមេរិក​ជាប់​ក្នុង​បញ្ជី​ត្រូវ​ឃ្លាំមើល​ដិតដល់​បំផុត​

643
ចែករម្លែក

​សូ​ម៉ាលី​គឺជា​ប្រទេស​ពុករលួយ​ជាងគេ​នៅក្នុង​ពិភពលោក​និង​ដា​ណឺ​ម៉ាក​ជា​ប្រទេស​ពុករលួយ​តិចជាងគេ ខណៈ​ការធ្លាក់​ពិន្ទុ​របស់​អាមេរិក​គឺជា “​ទង់​ក្រហម​ព្រមាន​មួយ​”​។ នេះ​បើ​យោងតាម​អង្គការ​ឃ្លាំមើល​អំពើពុករលួយ​សកលលោក​មួយ​។​

​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​គូសបញ្ជាក់​អំពី​ប្រទេស​ហុង​គ្រី​និង​សហរដ្ឋអាមេរិក​នៅក្នុង​ស​ន្ទ​ស្សន៍​អំពើពុករលួយ (CPI) របស់ខ្លួន​សម្រាប់​ឆ្នាំ ២០១៨ ជាមួយ​អាមេរិក​ត្រូវបាន​ខ្ទាត​ចេញពី​បញ្ជី​ប្រទេស​ស្អាតស្អំ​បំផុត​ទាំង​២០​។​

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា អាមេរិក​របស់លោក​ត្រាំ​បាន​បាត់បង់ ៤ ពិន្ទុ​ហើយ​ខ្ទាត​ចេញពី​ចំណោម​ប្រទេស​ប្រព្រឹត្ត​អំពើពុករលួយ​តិច​បំផុត​ទាំង​២០​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១១ ខណៈ​នយោបាយ​របស់​ហុង​គ្រី​កាន់តែ​ងាក​ទៅរក​របៀប​ផ្តាច់ការនិយម​។​

​អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បែរ​ឡាំង​នេះ​និយាយថា “​ការធ្លាក់ចុះ ៤ ពិន្ទុ​នៃ​ស​ន្ទ​ស្សន៍ CPI គឺជា​ទង់​ក្រហម​ព្រមាន​មួយ​និង​បាន​កើតឡើង​នៅ​គ្រា​ដែល​សហរដ្ឋអាមេរិក​កំពុង​ជួបប្រទះ​ការគំរាមកំហែង​ដល់​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​តុល្យភាព​ក៏ដូចជា​ការរេចរឹល​នៃ​បទដ្ឋាន​សីលធម៌​នៅ​កម្រិត​ខ្ពស់បំផុត​នៃ​អំណាច​។ ប្រសិនបើ​និន្នាការ​នេះ​នៅតែ​បន្ត វា​នឹង​បង្ហាញ​ពី​បញ្ហា​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេសមួយ​ដែល​ដឹកនាំ​គេ​ដោះស្រាយ​បញ្ហា​នានា​នៅ​ទូទាំង​ពិភពលោក​។ នេះ​គឺជា​បញ្ហា​របស់​បក្សនយោបាយ​ទាំង​២ ដែល​តម្រូវឱ្យមាន​ដំណោះស្រាយ​ដោយ​បក្ស​ទាំង​២”​។​

​លោក​ហ្សូ រី​ធឺ អ្នកតំណាង​ស្តីទី​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយថា ពួកគេ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋបាល​ត្រាំ ប៉ុន្តែ​អំពើពុករលួយ​បាន​ក្លាយជា​បញ្ហា​ធំ​រាប់​ឆ្នាំ​មកហើយ​។​

​សហរដ្ឋអាមេរិក ហុង​គ្រី និង ប្រេ​ស៊ី​ល​ត្រូវបាន​ចុះបញ្ជី​ជា​ប្រទេស​ដែល​ត្រូវតែ​តាមឃ្លាំមើល​ឱ្យ​ដិតដល់​៕ ដោយ៖ កញ្ញាដាលីស

បញ្ជី​ប្រទេស​ពុករលួយ​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០១៨