សូ​ហ្វ​តិ​ន្នី​ស​៖ កីឡាករ ៦ រូប និង​កីឡាការិនី ៣ រូប ត្រៀម​ចូលរួម​ស៊ី​ហ្គេម​

235
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានបង្ហាញ​ឲ្យ​ដឹង​ហើយ នូវ​បញ្ជី​ឈ្មោះ កីឡាករ កីឡាការិនី ដែល​ត្រូវ​ទៅ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ ។​

លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង

​ក្នុង​បញ្ជី​ផ្លូវការ ដែល​ចុះហត្ថលេខា ដោយ​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នោះ​ថា ការ​ចេញទៅ​ប្រកួត​នេះ ដឹកនាំ​ដោយ​លោក ជា សែន​វិស្សុត រួមជាមួយ​គ្រូបង្វឹក ជនជាតិ​ជប៉ុន គឺ​លោក ម៉ាសា​តុ អូ​ហ្គី​វ៉ា​រ៉ា (MASATO Ogiwara) រួមជាមួយ​លោក យី សារិន ដែលជា​គ្រូ​ជំនួយ ។​

​ចំពោះ​កីឡាករ ចំនួន ៦ រូបនោះ មាន​កីឡាករ កាន់ សោ​ភ័​ណ្ឌ កីឡាករ អន សម្បត្តិ កីឡាករ ឌឹ​ម សំ​សម្បត្តិ កីឡាករ ច​ន ម៉ា​ដា កីឡាករ យី គា​វីរៈ និង កីឡាករ ប៉ិល វ​ណ្ណី ។ ចំពោះ​កីឡាការិនី​ទាំង ៣ រូប​វិញ​នោះ មាន​កីឡាការិនី រិ​ន សុធា​រី កីឡាការិនី ជិន ស្រី​ឡូយ និង កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន​។​

ក្រុម​កីឡាករ កីឡាការិនី ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេម​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង បានបញ្ជាក់​ឲ្យ​ដឹងថា ការ​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ កម្ពុជា​ត្រៀមខ្លួន​លេង​លើ​វិញ្ញាសា វាយ​ជា​ក្រុម វិញ្ញាសា​វាយ​គូ និង វិញ្ញាសា​ឯកត្តជន តែ​ម្ចាស់ផ្ទះ មាន​បន្ថែម​វិញ្ញាសា អ្វី​ផ្សេងទៀត​នោះ ក៏​កម្ពុជា​លេង​ដែរ ។ លោក​អនុប្រធាន បាន​អះអាងថា ចំពោះ​វិញ្ញាសា​ជា​ក្រុម កម្ពុជា​សង្ឃឹមថា នឹង​បានទទួល​មេដាយ ។​

​ពេលដែល​ចោទសួរ​ថា តើ​ប្រទេស​ណា ដែលជា​ឩ​ប​សគ្គ សម្រាប់​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​នេះ ? លោក​បញ្ជាក់ថា ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី ពិតជា​ខ្លាំង តែ​កម្ពុជា ក៏​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ដែរ ។ ជំនួប​រវាង​ក្រុម​ទាំង ២ នេះ ជាមួយ​កម្ពុជា ប្រសិនបើ​គេ​ឈ្នះ​យើង ក៏​វេទនា​ដែរ ។ សម្រាប់​ប្រភេទ​កីឡា សូ​ហ្វ​តិ​ន្នី​ស អាច​និយាយបានថា កម្ពុជា គឺជា​ប្រទេស​ប្អូន​ពៅ​គេ តែ​រៀមច្បង មិនអាច​ធ្វេសប្រហែស ជាមួយ​ប្អូន​ពៅ​រូបនេះ បានឡើយ ។​

​លោក​បាន​បន្តថា សព្វថ្ងៃនេះ កម្ពុជា បាន​បង្កើន​ការហ្វឹកហាត់ ទាំង​កម្លាំង ទាំង​បច្ចេកទេស ហេតុនេះ យើង​ត្រូវតែ​មានសង្ឃឹម យើង​មិនអាច​សម្លឹង​ឃើញ បរាជ័យ មុនពេល​ចូល​ទីលាន​នោះទេ ៕v