សួន​នរក វត្ត​នាង​កុក កាន់​បង្ហាញឱ្យឃើញ​ច្បាស់​តម្លៃ​បុណ្យ និង​បាប​

2688
ចែករម្លែក

ដោយ​៖ សុ​ផានី​តា / កោះកុង​៖ សួន​រូបចម្លាក់​ឋាននរក ដែលមាន​អាយុកាល​ជាង​២៣​ឆ្នាំ នៅក្នុង​វត្ត​មណ្ឌលសីមា ហៅ​វត្ត​នាង​កុក សាងសង់ ឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់​អំពី​តម្លៃ នៃ​ការអប់រំ​ធ្វើបុណ្យ និង​អំពើ​បាបកម្ម​របស់​មនុស្សលោក ដែល​នៅពេល​ខ្លួន​រស់នៅ​មានជីវិត លុះ​ដល់ពេល​ស្លាប់ទៅ​អំពើ​បុគ្គល​ណា​សាង​ប្រព្រឹត្ត​អ្វី​នឹង​ទៅតាម​នោះ​។​

​រូបចម្លាក់​ឋាននរក ដ៏​គួរឱ្យភ្ញាក់ផ្អើល​សឹងតែ​គ្មាន​មនុស្សម្នា​ខ្លះ​ហ៊ាន​ទៅលេង សាងសង់ឡើង​នៅក្នុង​ឆ្នាំ​១៩៩៥ គិត​មកទល់​ឆ្នាំ​២០១៨​នេះ សួន​នេះ​មាន​អាយុកាល​ជាង​២៣​ឆ្នាំ​ហើយ ស្ថិតនៅ​ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​មក​ធ្វើ​បុណ្យទាន​នៅក្នុង​វត្ត​មណ្ឌលសីមា ក៏​ឆ្លៀតពេល​ទៅ​ទស្សនា​ឋាននរក​ពិតៗ​ផ្ទាល់​ភ្នែក​នៅ​សម័យ​បច្ចុប្បន្ន​បាន​។​

​ព្រះអង្គ លឹម ពៅ ព្រះចៅអធិការ​វត្ត​មណ្ឌលសីមា​រាម ហៅ​វត្ត​នាង​កុក មាន​សង្ឃដីកា​នៅ​ថ្ងៃទី​៣០ មីនា​ថា គំនិត​ផ្តួចផ្តើម ស្ថាបនា​ល្បើក​ចម្លាក់​នៅ​ឋាននរក​នេះ​ឡើង ក្នុង​គោលបំណង​សំខាន់​ចង់​ពន្យល់​អប់រំ​ដល់​មនុស្សលោក​ពី​អំពើ​ជា កុសល​ទាន និង​អំពើ​បាបកម្ម នៅពេលដែល​បុគ្គល​ជឿជាក់​លើ​វិស័យ​ព្រះពុទ្ធសាសនា​។​

​ព្រះចៅអធិការ​វត្ត​មណ្ឌលសីមា មាន​សង្ឃដីកា​ពន្យល់​ទៀតថា មនុស្ស​គ្រប់រូប ចាំបាច់​យល់ដឹង​ពី​តម្លៃ​ព្រះ​សាសនា និង​តម្លៃ​សីលធម៌​រស់នៅ​ក្នុងសង្គម​ដោយ​សុ​ក្រិ​ត្យ​ភាព ជៀសវាង​អំពើ​បាប ដែលនាំឱ្យ​ធ្លាក់​ទៅ​ឋាននរក​ប្រែ​ត​។ ហើយ រូបចម្លាក់​នៅ​ឋាននរក សុទ្ធតែ​ដកស្រង់​ចេញ​សីលធម៌​៥ ដោយ​មនុស្ស​គប្បី​មានចិត្ត​គោរព និង​ប្រតិបត្តិ​។​

​រូបចម្លាក់​ចាស់​ដែលមាន​យាម​រាជ​យក​លំពែង​ចាក់​គូថ​មនុស្ស​ប្រុស​ស្រី​ឡើង​រកាដែក ហ្វូងមនុស្ស​ទូល​ដី មនុស្ស​មាន​ក្បាល​ជា​សត្វ​ជ្រូក និង​សត្វ​ឆ្កែ​។​ល​។ គឺ​សុទ្ធសឹងតែ​ឱ្យដឹងថា បាប​ដែល​មនុស្ស​សាង​ពេល​នៅរស់​រាន មានជីវិត​បានធ្វើ​អី្វ​ខ្លះ ដូច្នេះ​ពេល​ស្លាប់ទៅ​កម្មផល​នោះ​នឹង​ផ្តល់​ដល់​ព្រលឹង​ខ្មោច​ទាំងនោះ​។​

​បើតាម​គម្រោង​ទៅ​ថ្ងៃមុខ ព្រះអង្គ​ចៅអធិការ ក៏​គ្រោង​នឹង​ជួសជុល​កែលម្អ​ល្បើក​នរក​នេះ​អោយ​បានល្អ​ស្អាត​ថ្មី​ធំ​ជាង ប៉ុន្តែ​អាស្រ័យ​បច្ច័យ​សប្បុរសជន​ដែលមាន​ស​ន្ធា​សន្សំ​បុណ្យ​ជឿជាក់​ក្នុង​វិស័យ​ព្រះ​សាសនា​ចូលរួម​កសាង​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហែម រ៉​ន ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​វត្ត​មណ្ឌលសីមា​ម្នាក់ លើកឡើងថា សួន​ចម្លាក់​ឋាននរក សព្វថ្ងៃ​មាន​មនុស្ស​តិចតួច​ដែល​បាន​ស្គាល់ និង​ទៅ​ទស្សនា​ស្វែងយល់ ដោយ​រូបចម្លាក់​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង បើ​ធៀប​នឹង​១០​ឆ្នាំ គឺមាន​ពលរដ្ឋ ក៏ដូចជា​អ្នក​ទេសចរណ៍​បរទេស​មក​ទស្សនា​ច្រើន​។​

​ទោះយ៉ាងណា លោក ហែម រ៉​ន ដែល​ជឿជាក់​ព្រះ​សាសនា គាំទ្រ និង​ទទួលស្គាល់ថា ការសាងសង់​រូបចម្លាក់​ឋាននរក​ដោយ​ស្តែង​ពី​ការធ្វើ​ទារុណកម្ម​ចំពោះ​ព្រលឹង​ខ្មោច​ដែល​សាង​អំពើ​បាបកម្ម​ពេល​នៅរស់ គឺមាន​អត្ត​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​ជាការ​ដាស់សតិ​ពិចារណា​របស់​មនុស្ស​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​។ ព្រោះតែ​ខ្វះ​ការយល់ដឹង​នៃ​តម្លៃ​មនុស្ស​នេះ ទើប​តម្លៃ​សីលធម៌ និង​គុណធម៌​របស់​មនុស្ស​មួយ​ក្នុងសង្គម​បច្ចុប្បន្ន តែ​បង្កជម្លោះ​ទាស់ទែង​គ្នា​ស្ទើរ​រាល់ថ្ងៃ​ឥតឈប់ឈរ​។​

​គួរ​ជម្រាប​ថា សួន​ចម្លាក់​ឋាននរក នៅ​វត្ត​មណ្ឌលសីមា បាន​សាងសង់ឡើង​នៅក្នុង​ឆ្នាំ​១៩៩៥ អំឡុង​មុនពេល​មាន​ស្ពាន​កោះកុង​ឆ្លងកាត់ ដែល​កាលនោះ ប្រជាពលរដ្ឋ​គ្រប់ទិសទី​ក្នុង​ខេត្តកោះកុង តែង​នាំគ្នា​ជិះទូក​យក​ចង្ហាន់​មក​ធ្វើ​បុណ្យទាន និង​ទស្សនា​ល្បើក​នរក​នេះ​ជា​បន្តបន្ទាប់​។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ សួន​នេះ​ក៏​អាចជា​ទីកន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ល្អ​ផងដែរ​៕L