សួន សេរី​រដ្ឋា​ត្រូវ​បញ្ជូនទៅ​តុលាការ​ហើយ​អាច​ជាប់គុក​២-៥​ឆ្នាំ​,​បក្ស​អំណាច​ខ្មែរ ប្រឈម​ការត្រូវរំលាយ

1176
ចែករម្លែក

(​ភ្នំពេញ​)៖ ខណៈពេលដែល​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា កំពុង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ ទាក់ទង​នឹង​ការប្រើប្រាស់​ពាក្យសម្តី​ប៉ះពាល់​ទឹកចិត្ត​កងទ័ព​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ គណបក្ស​របស់លោក ក៏​ប្រឈម​ន​ការរំលាយចោល​ផងដែរ​ដោយសារ​​តែ​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​ដែរ​។

​លទ្ធភាព​នៃ​ការរំលាយ​បក្ស​នេះ​កាន់តែ​ត្រូវ​រំពឹង​ខ្ពស់​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​កាល​​ពី​ព្រឹក​ម៉ិ​ញ​ថា​«…​ឯកសារ​ប្រមាថ​ព្រះមហាក្សត្រ​នេះ តើ​សម​នឹង​រំលាយ​គណបក្ស​នេះ​ចោល​ដែរ​ឬ​អត់​?…​ឥឡូវ​ល្អ​ហើយ អានេះ ទាត់​ស្តេច​ បើ​ទាត់​ត្រឹម​ហ៊ុន សែន បាន ។​ការប្រមាថ​មួយ​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​….​អង្គហេតុ​ប្រមាថ​កងទ័ព​ញុះញុង​កងទ័ព​មិន​អោយស្តាប់​បទ​​បញ្ជា បង្កើត​ចលាចល​ដែល​ទោស​របស់​វា​អតិប្បរមា​ច្បាប់​ចែ​ត្រឹម​ជាប់គុក​៥​ឆ្នាំ ពី​២​ទៅ​៥​ឆ្នាំ​…»​។​

​ក្នុងពេល​ជាមួយគ្នា លោក សួន សេរី​រដ្ឋា បាន​សារភាព និង​ទទួលស្គាល់​ចំពោះ​សារ​របស់ខ្លួន ដែល​បាន​ផ្ញើ​ទៅ​សកម្មជន​នៅ​ប្រទេស​បារាំង ដែល​មើលងាយ​ព្រះមហាក្សត្រ​និង​សារ​ដែល​បង្ហោះ​ជេរប្រមាថ​មេទ័ព​កម្ពុជា​ថា ជា​មេទ័ព​ចោរ​នោះ​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​​មានប្រសាសន៍ថា ឥឡូវនេះ​សាមីខ្លួន​បាន​សារភាព​ហើយ​ថា សារ​ដែល​ផ្ញើ​ទៅកាន់​សកម្មជន​នៅ​ប្រទេស​បារាំង រឿង​ទាត់​ឲ្យ​ធ្លាយ​វាំង​និង​ការ​​បង្ហោះ​ជេរប្រមាថ​ដល់​មេទ័ព ថា​ជា​មេទ័ព​ចោរ​នោះ ជា​របស់ខ្លួន​។​

​សូមជម្រាបថា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​និង​វ៉ៃខ្នោះ​ភ្លាមៗ​កាលពី​ម្សិល​ម៉ិ​ញ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ នៅលើ​គេហទំព័រ ជេរប្រមាថ​ម៉ាក់​ងា​មេទ័ព​ជាតិ​ថា​«​មេទ័ព​ចោរ​»​ហើយ​នៅ​ម៉ោងជាង​១​រសៀល​នេះ​ត្រូវ​​បាន​បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​។​

​ដោយឡែក​សារ​ប្រមាថ​ព្រះមហាក្សត្រ របស់លោក សួន សេរី​រដ្ឋា ដែល​ត្រូវបាន Facebook «​កូន​នាគ​អាស៊ី​»​ទម្លាយ​នោះបាន​សរសេរ​​យ៉ាង​ដូច្នេះ​ថា​៖

«​សូម​ក្រុម​សមាជិក KPPM នៅ​បារាំង ជួយ​ស្រាវជ្រាវ​រក​ឯកសារ​មួយ​ឲ្យ​បានមក​ឲ្យ​ខ្ញុំ ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ គឺ​ឯកសារ ដែល​បង្ហាញ​បញ្ជាក់ថា នរោត្តម សីហមុនី ជា​សញ្ជាតិ​បារាំង មែនឬ​មិនមែន​? ខ្ញុំ នឹង​វ៉ៃ​មួយឈុត​នេះ​ឲ្យ​ល្អមើល​កក្រើក​ក្នុង​ឆ្នាំ​២០១៦​នេះ​។ សូមជួយ​រក​ឲ្យ​ឃើញ យក​ឲ្យ​បាន​ឯកសារ​ឲ្យ​ខ្ញុំ​។​

​ហ៊ុន សែន ចង់​មានច្បាប់​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​មេបក្សនយោបាយ គឺជា​ឱកាស​របស់ KPP ធាក់​ឲ្យ​ធ្លាយ​វាំង​តែម្ដង​។ ចាំមើល​ស្ដេច និង​អាមាត្យ​វាំង ហ៊ាន​លា​សញ្ជាតិ​បារាំង​ទេ​? ហើយ​ពួក​យួន នៅក្នុង​បក្ស​ប្រជាជន រត់​ទៅ​ពួន​នៅ​កន្លែង​ណា​? ចាប់​កន្ទុយ​របស់​ពួកវា ញាត់​ចូល​មាត់​ពួកវា ឲ្យ​ខាំ​កន្ទុយ​ខ្លួនឯង​វា ហើយ​យើង​ចាំ​ឈរ​មើល​!»៕​ដោយ​៖​វាសនា​