សៀង​រី​ចាញ់ល្បែង​នៅកាស៊ី​ណូ​ឡាស​វេ​ហ្គាស​ជាង​១​លាន​ដុល្លារ​

266
ចែករម្លែក

​រដូវក្តៅ​ឆ្នាំនេះ​រឹតតែ​ក្តៅ​ខ្លាំង​ថែមទៀត​សម្រាប់​សៀង​រី​។ អតីត​តារាចម្រៀង​ក្នុង​ក្រុម BigBang រួមជាមួយ​អតីត​ប្រធាន​ផលិតកម្ម YG Entertainment លោក យ៉ាង យុន​ស៊ុ​គ កំពុងមាន​អារម្មណ៍​ដឹង​ពី​កម្សួល​កម្តៅ​នេះ បន្ទាប់ពី​មានការ​អះអាង​ជាច្រើន​លេចឡើង​ថា ពួកគេ​បាន​លេងល្បែង​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។

​ការប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​ខុសច្បាប់​គឺជា​បទឧក្រិដ្ឋ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

​ការចោទប្រកាន់​ថ្មី​បំផុត​នេះ​គឺ​បន្ថែម​ទៅលើ​ការចោទប្រកាន់​ជាច្រើន​ទៀត ដែល​សៀង​រី​កំពុង​ប្រឈម​រួចទៅហើយ រួមមាន ការចោទប្រកាន់​អំពី​ការបើក​សេវា​ពេស្យាចារ​សម្រាប់​វិនិយោគិន និង ការ​កិបកេង​លុយ​។

​យោងតាម​កម្មវិធី​ព័ត៌មាន ឈ្មោះថា Newsroom កាលពី​ថ្ងៃ​ព្រហស្បតិ៍​តី​៨​សីហា បានឱ្យដឹងថា សៀង​រី​គឺជា​ភ្ញៀវ VIP នៅ​សណ្ឋាគារ MGM Grand Hotel and Casino ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​ក្នុងឱកាស​ទៅលេង​ទីនោះ​ចំនួន​៤​លើក ដោយ​ចាញ់ល្បែង​ជាង ១ លាន​ដុល្លារ​។

​លោក​យ៉ាង ដែល​ទើប​ចុះ​ចេញពី​ប្រធាន​ផលិតកម្ម YG ថ្មីៗ​នេះ បន្ទាប់ពី​តារា​របស់​ផលិតកម្ម​ខ្លួន​ជាប់​ជំពាក់ជំពិន​ច្រើនឡើង​ក្នុង​រឿងអាស្រូវ K-pop ត្រូវគេ​និយាយថា​បាន​ទៅលេង​កាស៊ីណូ​ដូចគ្នានេះ​ចំនួន​១១​លើក និង​ចាញ់​ជាង ៥០០.០០០ ដុល្លារ​។

​អាជ្ញាធរ​កូរ៉េ​តាម​ដឹងបាន​ចាប់ផ្តើម​ការស៊ើបអង្កេត​ហើយ ជាមួយ​អ្នកតាមដាន​សាច់​រឿងនេះ​រំពឹងថា ប៉ូលិស​នឹង​ប្រមូលយក​កំណត់ត្រា​អតិថិជន​របស់​កាស៊ីណូ​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​៕ ដោយ៖ កញ្ញាដាលីស

សៀង​រី​ឥឡូវ​ជាប់​ជំពាក់ជំពិន​នឹង​រឿង​លេងល្បែង​ចាញ់​ជាង​១​លាន​ដុល្លារ​នៅ​ឡាស​វេ​ហ្គា​ថែមទៀត