សៀមរាបៈឃាត់ខ្លួន៣០នាក់​ក្នុងខារ៉ាអូខេ អេសស៊ី ពេល​បង្ក្រាប​គ្រឿងញៀន

341
ចែករម្លែក
  • 206
    Shares

ដោយៈសែត/សៀមរាបៈ​ នគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល​មន្ទីរប្រឆាំង​គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនមនុស្សប្រុសស្រី៣០នាក់ ក្នុងការបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ក្នុងទីតាំងខារ៉ាអូខេអេសស៊ី «SC»ម៉ោង​ជាង១យប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩ ស្ថិតក្នុង​ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ថ្នាំញៀនមួយចំនួន​ត្រូវបាន​រកឃើញ។


ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា បានឲ្យដឹងថា នៅយប់រំលង​អធ្រាត្រចូលថ្ងៃទី១៧ ខែមីនាកម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀន នៅទីតាំង​ខារ៉ាអូខេSC ។កម្លាំងជំនាញ ឃាត់ខ្លួនបានមនុស្ស៣០នាក់ ក្នុងនោះមានស្រី៧នាក់។ លោកបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនប្រភេទ​ម៉េតំហ្វេតាមីន២១កញ្ចប់, ថ្នាំញៀន អិចស្តាស៊ី៩គ្រាប់ និងកញ្ចប់ថ្នាំញៀនប្រើរួច ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។


លោកស្នងការរងបានបន្តថា បច្ចុប្បន្ននេះកម្លាំងជំនាញកំពុងសាកសួរដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី៕សរន

#