សៀវភៅ​ថ្មី​អំពី​នាង មេ​ហ្គា​ន ម៉ា​កិល និយាយថា នាង​ចង់​ដូច​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​

1331
ចែករម្លែក

​យោងតាម​សៀវភៅ​ជីវប្រវត្តិ​ថ្មី​របស់​គូ​ដណ្តឹង​ព្រះអង្គម្ចាស់​ហារី ដែល​រៀបរាប់​លម្អិត​អំពី​ការ​ឱបក្រសោប​យក​បុព្វហេតុ​សាង​អំពើ​ល្អ​អស់​មួយជីវិត​របស់​នាង​បានឱ្យដឹងថា នាង​មេ​ហ្គា​ន ម៉ា​កិល បាន​ត្រៀម​ចិត្ត​របស់​នាង​រួច​យូរហើយ​ដើម្បី​ក្លាយជា “​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​ទី​២”​។​

​យោងតាម​មនុស្ស​ដែល​គេ​ដកស្រង់​សម្តី​នៅក្នុង​សៀវភៅ​នេះ បានឱ្យដឹងថា តារា​សម្តែង​អាមេរិក ដែល​គ្រោង​នឹង​រៀបការ​នៅ​ថ្ងៃទី ១៩ ខែឧសភា គឺ​កំពុង​ការពារ “​កេរ្តិ៍ឈ្មោះ​មេ​ហ្គា​ន​” របស់​នាង​ខ្លាំង​សម្បើម​ណាស់ និង​កំពុង​ចៀសវាង​មនុស្ស​ជាច្រើន នៅពេល​នាង​កំពុង​ឈាន​ជើង​ចូលក្នុង​ជីវិត​ថ្មី​របស់​នាង​ក្នុង​សែ​រាជវង្ស​អង់គ្លេស​។​

​នាង​មេ​ហ្គា​ន ដែលជា​ព្រះ​នាង​ម្ចាស់​ក្នុង​ហូលីវូដ និង​កំពុង​ត្រៀម​មក​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ បាន​រៀបរាប់​លម្អិត​ពី​របៀប​ដែល​តារា​សម្តែង​វ័យ ៣៦ ឆ្នាំ​រូបនេះ បាន​បោះបង់ចោល​ស្វាមី​ទី​១​របស់​នាង​ផងដែរ​។​

​សៀវភៅ​ជីវប្រវត្តិ​នេះ​ត្រូវបាន​និពន្ធ​ដោយ​លោក អ៊ែន​ឌ្រូ ម័​រ​តុ​ន ជា​អ្នកនិពន្ធ​របស់​រាជវង្ស​អង់គ្លេស ដែល​បាន​និពន្ធ​សៀវភៅ​ល្បីល្បាញ “Diana: Her True Story”​។​

​គាត់​ថែមទាំង​រៀបរាប់​លម្អិត​អំពី​ការចាប់​ចិត្តជា​ខ្លាំង​រប​ស់​នាង​ម៉ា​កិល​ទៅលើ​មាតា​របស់​ព្រះអង្គម្ចាស់​ហារី គឺ​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា នៅ​គ្រា​ដែល​ទ្រង់​បាន​ចូល​ទិវង្គត​ក្នុង​ឆ្នាំ ១៩៩៧ ដោយ​ទស្សនា​ពិធី​បុណ្យសព​របស់​ទ្រង់​ទាំង​ទឹកភ្នែក​។​

​មិត្តភក្ដិ​គ្រួសារ​នាង​បាន​និយាយថា នាង​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា “​មិន​គ្រាន់តែ​ស្ទីល​សម្លៀកបំពាក់​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​បេសកកម្ម​មនុស្សធម៌​ឯករាជ្យ​របស់​ទ្រង់​ផងដែរ ដោយ​មើលឃើញ​ទ្រង់​ជា​គំរូ​ដ៏​ល្អ​”​។​

​មិត្តភក្តិ​កាលពី​ក្មេង​របស់​នាង​ឈ្មោះ នី​ណា​កី ព្រី​ដ​ឌី ត្រូវបាន​ដកស្រង់​សម្តី​ថា “​នាង​តែង​ចាប់អារម្មណ៍​នឹង​គ្រួសារ​រាជវង្ស ហើយ​នាង​ចង់​ក្លាយជា​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​ទី​២”​។​

​លោក​ម័​រ​តុ​ន​និយាយថា ការប្រៀបធៀប​ជាមួយ​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា គឺ​មិនអាច​ចៀស​រួច​ទេ ពីព្រោះ​តែ​ការងារ​មនុស្សធម៌​និង​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​របស់​នាង​មេ​ហ្គា​ន​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី និង​នាង​មេ​ហ្គា​ន គ្រោង​នឹង​រៀបការ​នៅ​ថ្ងៃទី ១៩ ខែឧសភា