សៀវភៅ​និយាយ​ពី​ការពង្រឹង​អភិបាលកិច្ច​និង​នីតិរដ្ឋ​ជា​ភាសា​ខ្មែរ​របស់​ចិន​ត្រូវ​បោះពុម្ពផ្សាយ​នៅ​កម្ពុជា​

364
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សៀវភៅ​មួយ​ក្បាល​របស់​ប្រទេស​ចិន​ដែល​និយាយ​ពី​អភិបាលកិច្ច​ការពង្រឹង​នីតិរដ្ឋ​លើកកម្ពស់​ស្ថាប័ន​តុលាការ​បាន​ត្រូវ​បោះពុម្ព​ជា​ភាសា​ខ្មែរ​ចែកចាយ​និង​ផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា​។​សៀវភៅ​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​« ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​។​

សៀវភៅ​«​អភិបាលកិច្ច​ប្រកបដោយ​នីតិរដ្ឋ​៖​ដំណើរ​ថ្មី​ក្នុង​អភិបាលកិច្ច​ប្រកបដោយ​នីតិរដ្ឋ​»​នេះ​មាន​២២៧​ទំព័រ​និពន្ធ​ដោយ​សាស្ត្រាចារ្យ​និង​អ្នកស្រាវជ្រាវ​ចិន​។​ចំណែក​មជ្ឈមណ្ឌល​កម្ពុ​ជា​សម្រាប់​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​នៃ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​ទទួលបន្ទុក​បកប្រែ​និង​សម្រួល ជា​ភាសា​ខ្មែរ​និង​រចនា​ក្របសៀវភៅ ខណៈ​សារព័ត៌មាន​ជាន​ហ្វា (Jian Hua Daily) ជា​អ្នក​បោះ​ពុ​ម្ភ ផ្សាយ​។​

​ការបោះពុម្ព​លើក​ទី​១​នៅ​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​១.០០០​ច្បាប់​និង​អាច​រកបាន​នៅតាម​បណ្ណាល័យ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​ការបោះពុម្ពផ្សាយ​សៀវភៅ​ដែលមាន​ជា​៣​ភាសា​នេះ​(​ចិន​=​អង់គ្លេស​និង​ខ្មែរ​)​ក្នុង​គោលបំណង​ចែករម្លែក​បទពិសោធន៍​ចំណេះដឹង​និង​វិធីសាស្ត្រ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ប្រទេស​កំណែទម្រង់​ស៊ីជម្រៅ​ពង្រឹង​អភិបាលកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​អ្នកនិពន្ធ​សៀវភៅ​បាន​លើកឡើងថា​៖​អភិបាលកិច្ច​ថ្នាក់ជាតិ​និង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​។​

សៀវភៅ​«​អភិបាលកិច្ច​ប្រកបដោយ​នីតិរដ្ឋ​៖​ដំណើរ​ថ្មី​ក្នុង​អភិបាលកិច្ច​ប្រកបដោយ​នីតិរដ្ឋ​»​មាន​៧​ជំពូក​ដែល​ផ្តោតលើ​ការពង្រឹង​នីតិរដ្ឋ​គ្រប់​ជ្រុងជ្រោយ​និង​ការកសាង​ប្រទេស​ចិន​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន​,​ការប្រកាន់​ខ្ជាប់​ប្រព័ន្ធ​នីតិរដ្ឋ​សង្គមនិយម​ដែលមាន​ចរិតលក្ខណៈ​ចិន​,​ការកសាង​ប្រព័ន្ធ​នីតិរដ្ឋ​បែប​សង្គមនិយម​,​ការកសាង​នីតិរដ្ឋ​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​,​ការបង្កើត​រដ្ឋាភិបាល​ដែល​ផ្អែកលើ​ច្បាប់​តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​រដ្ឋបាល​ដោយ​អនុលោម​ទៅតាម​ច្បាប់​ការលើកកម្ពស់​យុត្តិធម៌​របស់​ស្ថាប័ន​តុលាការ​និង​ការពង្រឹង​គុណ​តម្លៃ​ប្រព័ន្ធយុត្តិធម៌​,​ការកសាង​ស្មារតី​នីតិរដ្ឋ​និង​សង្គម​មួយ​ដែល​ផ្អែកលើ​នីតិរដ្ឋ​និង នីតិរដ្ឋ​របស់​បក្ស​កុំម្មុយនីស្ត​ចិន​។

​នៅក្នុង​បុព្វកថា​នៃ​សៀវភៅ​នេះ​បាន​លើកឡើងថា​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​នេះ​ពោលគឺ​ចាប់តាំងពី​ពេលដែល​ប្រទេស​ចិន​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​និង​បើកចំហ​ប្រទេស​ចិន​បាន​បោះជំហាន​ចូលទៅក្នុង​ដំណាក់កាល​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​។​នៅត្រឹម​ឆ្នាំ​២០១០​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​លើស​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​និង​បាន​ក្លាយទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​លំដាប់​ទី​២​នៅក្នុង​ពិភពលោក​។

​ប្រទេស​ចិន​បាន​ឈាន​ជើង​ចូលក្នុង​ដំណាក់កាល​កំណែ​ទម្រង់​ស៊ីជម្រៅ​និង​គ្រប់​ជ្រុងជ្រោយ​ពោលគឺ​ជា​ដំណាក់កាល​មួយ​ដែលមាន​ចរិតលក្ខណៈ​ថ្មីៗ​ជាច្រើន​និង​ជា​ដំណាក់កាល​មួយ​ដែលមាន​ពោរពេញ​ទៅដោយ​ប​ដិ​វាទ​កម្ម​ធំៗ​និង​កាលានុវត្តភាព​ជា​យុទ្ធសាស្ត្រ​ជាច្រើន​។​ដំណាក់កាល​“​ប្រក្រតីភាព​ថ្មីៗ​ដែល​បាន​លេចឡើង ដោយសារតែ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាច្រើន​ទសវត្សរ៍ គឺជា​កាតាលីករ ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​ការផ្លាស់ប្តូរ​ទាំងស្រុង​នូវ​ទម្រង់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​ជា​លទ្ធផល​ប្រទេស​ចិន​បាន​ឆ្លង​ផុត​“​អន្ទាក់​ប្រាក់ចំណូល​មធ្យម​”​ហើយ​កំពុង​បោះជំហាន​យ៉ាង​លឿន​ឆ្ពោះទៅរក​ឋានៈ​ជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​មធ្យម​។

​ចំពោះ​ការស្ថាបនា​ផ្នែក​នយោបាយ​វិញ​ដោយសារតែ​រចនាសម្ព័ន្ធ​កំពូល​របស់​បក្ស​កុំម្មុយនីស្ត និង​ដោយសារតែ​ទម្រង់​ដ៏​ពិសេស​នៃ​ការវិវត្ត​នយោបាយ​រប​ស់​ប្រទេស​ចិន​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្ថាប័ន​នានា​របស់​ប្រទេស​ចិន​នឹងមាន​ភាព​ពេញលេញ​និង​រឹងមាំ​នៅត្រឹម​ឆ្នាំ​២០២០​។​ទម្រង់​និង​វិធីសាស្ត្រ​អភិបាលកិច្ច​របស់​ប្រទេស​ចិន​ដែល​ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី​ស៊ី​ជិន​ពីង​នឹង​កាន់​តែមាន​លក្ខណៈ​វិទ្យាសាស្ត្រ​និង​ប្រជាធិបតេយ្យ​ជាង​មុន​ដែល​វា​នឹង​នាំទៅដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ទំនើបកម្ម​អភិបាលកិច្ច​រដ្ឋ​ទ្រឹស្តី​របស់លោក​ស៊ី​ជិន​ពីង​ស្តីពី​អភិបាលកិច្ច​រដ្ឋ​មាន​ច្រើន​កម្រិត​និង​ច្រើន​ទិដ្ឋភាព​។​

​ទី​១,​ទ្រឹស្តី​របស់គាត់​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​សម្រេច​ឲ្យ​បា​នូវ​គោលដៅ​គំនិត​និង​វិថី​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ប្រទេស​ដែល​វា​នឹង​ដោះស្រាយបាន​នូវ​បញ្ហា​ចម្បងៗ​ដែល​ពាក់ព័ន្ធ​នឹង​ទិសដៅ​និង​គន្លង​ផ្លូវ​នៃ​ការអភិវឌ្ឍ​បែប​នោះ​។​ទី​២,​លោក​ស៊ី​បាន​បង្កើត​ទស្សនាទាន​នៃ​ការអភិវឌ្ឍ​ដោយ​ផ្អែកលើ​គុណ​តម្លៃ​និង​បានរៀបចំ​សមរភូមិ​យុទ្ធសាស្ត្រ​តាម​ភាពជាក់ស្តែង​ដែល​វា​សម្រេចបាន​នូវ​ការពង្រីក​ជាទូទៅ​ជាស​កល​ក្នុងពេល​តែមួយ​ជាមួយគ្នា​និង​សម្រាប់​ទាំងអស់គ្នា​។​

​ជា​ចុងក្រោយ​លោក​ស៊ី​បាន​ពង្រីក​ទ្រឹស្តី​នេះ​និង​បានដាក់​ចេញ​នូវ​គោល​គំនិត​ថ្មីៗ​ជាច្រើន​ទាក់ទង​នឹង​កំណែទម្រង់សេដ្ឋកិច្ច​ការ​កសាង​នយោបាយ​ការកសាង​ច្បាប់​និង​សង្គម​ការបង្កើត​អរិយធម៌​ដែល​យក​បរិស្ថាន​ជា​គោល​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​ក្នុងការ​អនុវត្ត​វិន័យ​បក្ស​ឱ្យបាន​តឹងរ៉ឹង​សន្តិសុខ​ជាតិ​និង​អភិបាលកិច្ច​សកល​ដែល​វា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​អភិបាលកិច្ច​ក្នុង​វិស័យ​គន្លឹះ​នានា​៕S/
​ ​

ចំណងជើង​រូបថត​៖​សៀវភៅ​ដែល​និយាយ​ពី​អភិបាលកិច្ច​ប្រ​តេស​ចិន​បាន​ត្រូវ​បោះ​ពុ​ម្ភ​ជា​ភាសា​ខ្មែរ ចែកចាយ​និង​ផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា​