សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​បក​ប្រែជា​ខេមរភាសា​ដំបូង «​បូជា​ភ្លើង​»

353
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​
ពាក្យ «​ហូ​ឡូ​ខ​ស​ត៍​» ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ជាច្រើន​បាន​លើក​មក​បកស្រាយ​ខុសៗ​គ្នា​។ នៅ​សតវត្សរ៍​ទី​៥ ពាក្យ «​ហូ​ឡូ​ខ​ស​ត៍​» ត្រូវបាន​រកឃើញ​នៅក្នុង​គម្ពីរ​សាសនា​ផ្សេងៗ​ដែល​មានន័យថា បូជា​ដោយ​ភ្លើង​ចំពោះ «​ព្រះ​»​។ នៅ​ឆ្នាំ​១៩៤១ ពាក្យ «​ហូ​ឡូ​ខ​ស​ត៍​»​គឺជា​ការសម្លាប់​រង្គាល​នៅ​អឺរ៉ុប​ជា​លើកដំបូង​ហើយ​ភាសា​ក្រិច​ដែល​មានន័យថា «​បូជា​ដោយ​ភ្លើង​» ឬ «​បូជា​ភ្លើង​»​។​

សៀវភៅ «​បូជា​ភ្លើង​»

«​សំណួរ​ដែល​បាន​សួរ​មក​ខ្ញុំ​អំពី​ការសម្លាប់​រង្គាល​នៅ​អឺរ៉ុប​» នេះ​គឺជា​ប្រយោគ​ដែល​បានលើកឡើង​នៅក្នុង​សៀវភៅ «​បូជា​ភ្លើង​» ដែល​មជ្ឈមណ្ឌល​ឯ​សារ​កម្ពុជា​បាន​បកប្រែ​ចេញពី​សៀវភៅសរសេរ​ជា​ភាសា​អង់គ្លេស​របស់ អា​លី​ស អ៊ី អ៊ុ​ល​ស៊ុន ដែល​បាន​បកប្រែ​ចេញពី​សៀវភៅ​ដើម​ជា​ភាសា ស៊ុយអែត​។ សៀវភៅ​នេះ​បាន​រៀបរាប់​អំពី​កំណត់ត្រា​សំណួរ​របស់​យុវជន​ជាច្រើន​រយ​នាក់​ដែល​បាន​សួរ​មកកាន់ លោកស្រី ហេ​ឌី ហ្វ្រា​យ គឺជា​អ្នកនិពន្ធ និង​អ្នក​ចិត្តវិទូ និង​ជា​អ្នក​រស់រានមានជីវិត​អំពី​ការសម្លាប់​រង្គាល​នៅ​អឺរ៉ុប​។

សៀវភៅ «​បូជា​ភ្លើង​»​ក៏មាន​សទ្ទានុក្រម​ដែល​បាន​ពន្យល់​ពាក្យ​គន្លឹះ​សំខាន់ៗ​ដើម្បី​ធ្វើ​ឲ្យ​អ្នកអាន​ងាយស្រួល​យល់​អំពី​តំបន់​នៃ​ព្រឹត្តិការណ៍​និង​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​សង្គ្រាមលោកលើកទី​២ (​ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៥) ដែរ​។ សៀវភៅ «​បូជា​ភ្លើង​» នេះ​ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៧ ជា​ភាសា ស៊ុយអែត និង​ពីរ​ឆ្នាំ​បន្ទាប់មក ស្នាដៃ​របស់លោក ស្រី ហេ​ឌី ហ្វ្រា​យ ត្រូវបាន​បកប្រែ​ទៅជា​ភាសា​អង់គ្លេស​។

​សៀវភៅ «​បូជា​ភ្លើង​» ត្រូវបាន​សម្ពោធ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់លោក​ស្រី​ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​, លោក អេ​ន​ទ្រី ណេ​ល​សុន តំណាង​ស្ថានទូត​ស៊ុត​អែ​ត ប្រចាំ​ប្រទេស​កម្ពុជា​, លោក ហ្ស​ង ម៉ាក តំណាង​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​, លោកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​, លោកគ្រូ​-​អ្នកគ្រូ គរុ​សិស្ស និង​និស្សិត​ជាច្រើនរូប​ទៀត​។ ការសម្ពោធ​សៀវភៅ «​បូជា​ភ្លើង​» នេះ មាន​គោលបំណង​ដើម្បី​រំឭក​ទៅដល់​របប​ខ្មែរក្រហម​ដែល​បាន​ដួលរលំ​អស់​រយៈពេល​៤០​ឆ្នាំ និង​ស្របពេល​ជាមួយគ្នា​នឹង​ការបិទ​បញ្ចប់​នៃ​ការសម្លាប់​រង្គាល​, ការដាក់ទណ្ឌកម្ម​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ដែល​ត្រូវ​បានអនុម័ត ព្រមទាំង​ផ្ដល់​សច្ចាប័ន​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៤៨​។

លោកស្រី​ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឡើង​ថ្លែង​សុន្ទរកថា ក្នុងឱកាស​សម្ពោធ​សៀវភៅ «​បូជា​ភ្លើង​» នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩

​នៅក្នុង​សៀវភៅ​នេះ ហេ​ឌី ហ្វ្រា​យ បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់​ខ្លួន តាមរយៈ​ការបង្រៀន​ទៅកាន់​សិស្សានុសិស្ស​ដោយ​ផ្ដោត​សំខាន់​ទៅលើ​៣​ចំណុច ។​ទី​១. លោកស្រី បាន​ចាប់​ផើ្ដ​ម​ពី​ការព្យាយាម​ប​ងា្ហ​ញ​អំពី​មនុស្ស​រស់នៅ​អតីតកាល ដែលជា​ចំណែក​មួយ​ធ្វើឱ្យ​ណា​ហ្ស៊ី​ស្អប់​ជនជាតិ​ជ្វី​ហ្វ​។​ទី ២. ការចែករំលែក​បទពិសោធ​ន៍​ជីវិត​និង​ទី ៣. ការអនុញ្ញាត​ឲ្យ​មានការ​សួរ​សំណួរ​បើកទូលាយ​ក្រោយពី​បញ្ចប់​ការបង្រៀន​។ សំណួរ​មួយចំនួន​ដែល​យុវជន​ទូទាំង​ពិភពលោក​មានការ​ងឿងឆ្ងល់​ហើយ​បានលើកឡើង​នៅក្នុង​សៀវភៅ​នេះ​គឺ តើ​ហេតុអ្វី​បានជា​ហ៊ី​ត្លែរ​ស្អប់​ជនជាតិ​ជ្វី​ហ្វ​? តើ​ប្រជាជន​អាល្លឺម៉ង់​ទាំងអស់​គាំទ្រ​ហ៊ី​ត្លែរ​ដោយ​របៀប​ណា​? ហេតុអ្វី​បានជា​អ្នក​មិន​ប្រឆាំង​តប​វិញ​? តើ​អ្វីដែល​បាន​ជួយ​ឲ្យ​អ្នក​រួច​ជីវិត​? តើ​អ្នកដឹង​នៅពេលណា​ថា​អំពើ​ប្រល័យពូជសាសន៍​បានកើត​ឡើង​? តើ​អ្នកដោះស្រាយ​ជាមួយនឹង​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន​ដោយ​របៀប​ណា​? តើ​អ្វីដែល​ជំរុញ​ឲ្យ​អ្នក​ចាប់ផ្ដើម​បង្រៀន​? តើ​អ្នក​ស្អប់​ជនជាតិ​អាល្លឺម៉ង់​ដែរឬទេ​? តើ​អ្នក​អាច​អត់ឱន​ទោស​បាន​ដែរឬទេ​? តើ​សាលារៀន​អាចជួយ​យើង​ឲ្យ​ជៀស​ផុតពី​រឿង​ដែល​ស្រដៀង​នេះ​បាន​យ៉ាងដូចម្ដេច​? តើ​យើង​អាច​រៀនសូត្រ​បាន​អ្វីខ្លះ​អំពី​ហូ​ឡូ​ខ​ស​ត៍​? តើ​អ្វីៗ​អាច​នឹង​កើតឡើង​ម្ដងទៀត​ដែរឬទេ​?

​នៅ​ដើម​ទសវត្សរ៍​ទី​២០ ជនជាតិ​ជ្វី​ហ្វ ត្រូវបាន​បញ្ជូន​តាមរ​ទេះ​ភ្លើង​ទៅកាន់​ជំរំ​អូស​ឈ្វិ​ច ដែលជា​ជំរំ​ប្រមូលផ្ដុំ​ដ៏​ធំជាងគេ​របស់​ណា​ហ្ស៊ី​។ គ្រួសារ​របស់ ហេ​ឌី ហ្វ្រា​យ និង​ប្រជាជន​ផ្សេងទៀត​ប្រមាណ​ជា ៣.០០៧​នាក់ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ជំរំ អូស​ឈ្វិ​ច ដែរ​។ ក្រោយមក​ប្រជាជន​ត្រូវបាន​បំបែក​ចេញពី​គ្រួសារ​ជាទី​ស្រឡាញ់​។ ម្ដាយ​ឪពុក​របស់ ហេ​ឌី ហ្វ្រា​យ ត្រូវបាន​ណា​ហ្ស៊ី​បោក​បញ្ឆោត​ឲ្យ​ទៅ​ងូតទឹក ប៉​ន្តែ​ដោយ​ជំនួស​ឲ្យ​ការ​ងូតទឹក គាត់​ត្រូវបាន​ឃុំ​នៅក្នុង​បន្ទប់​ផ្សែង​ពុល​ដែលមាន​សារធាតុ​គីមី ហ្ស៊ី​ក្លូ​ប៊ី​។ ណា​ហ្ស៊ី​បាន​ប្រើ​វិធីសាស្ត្រ​ក្នុងការ​សម្លាប់​បែបនេះ ក្នុង​គោលបំណង​ធ្វើយ៉ាងណា​សម្លាប់​ជនជាតិ​ជ្វី​ហ្វ​ឲ្យ​បាន​ច្រើន ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​។

​ដោយឡែក​ប្រទេស​កម្ពុជា អំពើ​សម្លាប់​យ៉ាង​សាហាវយង់ឃ្នង បានកើត​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​២០ គឺមាន​រយៈ​៣០​ឆ្នាំ​បន្ទាប់ពី​ការកើតឡើង «​ហូ​ឡូ​ខ​ស​ត៍​»​។ ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត​អំពី​របប​ខ្មែរក្រហម បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន និង​ការចងចាំ​មកកាន់​មនុស្ស​ជំនាន់​ក្រោយ តាមរយៈ​ការអប់រំ​នៅក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​។ ទោះបីជា​យ៉ាងនេះ​ក្ដី ក្រោយ​របប​កម្ពុជា​ធិបតេយ្យ​ដួលរលំ យន្តការ​នៃ​ការផ្សះផ្សា​ជាតិ​ក៏ត្រូវ​បានរៀបចំ​ឡើងជា​បន្តបន្ទាប់ ខណៈដែល​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅតែ​ជា​តម្រូវ​ការចាំបាច់ រហូតដល់​មានការ​បង្កើតឡើង​នូវ​តុលាការអន្តរជាតិ ដើម្បី​កាត់ទោស​មេដឹកនាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​ទាំងនេះ​ត្រូវបាន​កត់ត្រា​ទុក​ហើយក៏​គួរ​ត្រូវបាន​ចាំ​ចងចាំ និង​បង្រៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដែរ​។

​លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មានប្រសាសន៍​នៅក្នុង​ថ្ងៃ​សម្ពោធ​សៀវភៅ «​បូជា​ភ្លើង​» ថា «​យើង​គួរ​តែង​ចងចាំ​ពីអ្វី​ដែលជា​អតីតកាល ហើយ​ដោយសារតែ​មានកា​រ​ចងចាំ​របស់​អ្នក​ជំនាន់​មុននេះ ទើប​មានការ​ចែករំលែក​ឲ្យ​ក្មេងជំនាន់ក្រោយ​បានដឹង​អំពី​ព្រឹត្តិការណ៍​អតីតកាល​»​។

​ចំណែក​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានលើកឡើង​អំពី​កាតព្វកិច្ច​នៃ​ការចងចាំ​នៅក្នុង​កថាមុខ​នៃ​សៀវភៅ «​បូជា​ភ្លើង​» ថា «​អ្នក​ដែល​បាន​ហែល​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ទាំងឡាយ​ត្រូវតែ​ចែករំលែក​ចំណេះដឹង​របស់ខ្លួន​ទៅ​មនុស្ស​ជំនាន់​ក្រោយ ហើយ​មនុស្ស​ជំនាន់​ក្រោយ មាន​កាតព្វកិច្ច​ក្នុងការ​រៀនសូត្រ និង​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​ជា​បន្តបន្ទាប់​។ ការចងចាំ​គឺជា​ការចាប់ផ្ដើម និង​សេចក្ដី​បញ្ចប់​ចំពោះ​បេសកម្ម​ក្នុងការ​ស្វែងរក​យុត្តិធម៌ សន្តិភាព និង​ការពិត​។ រីឯ​កាតព្វកិច្ច​ក្នុងការ​ចងចាំ​គឺ​ចាប់ផ្ដើម និង​បញ្ចប់​ដោយ​បុគ្គល​ម្នាក់ៗ​ធ្វើការ​សម្រេចចិត្ត​អំពី​សារសំខាន់​របស់​ប្រវត្តិសាស្ត្រ មិន​ត្រឹមតែ​ចំពោះ​ខ្លួនឯង​ផ្ទាល់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ​ឯទៀត​ដែរ​»​។

​ឈុំ ស្រី​តូច គឺជា​និស្សិត​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​សៀវភៅ «​បូជា​ភ្លើង​» បាន​ឲ្យ​ដឹងថា សៀវភៅ​នេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​។ សៀវភៅ​នេះ​បាន​បន្ថែម​នូវ​ចំណេះដឹង​ថ្មី​ដល់​ខ្ញុំ ដែល​កាលពីមុន​ខ្ញុំ​មិនដែល​ដឹង​ទាល់តែសោះ​អំពី​អំពើ​ប្រល័យពូជសាសន៍ សាហាវយង់ខ្នង កើតមាន​ក្នុង​ទ្វីបអឺរ៉ុប​។ កាលពីមុន​ខ្ញុំ​គិតថា មានតែ​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​អំពើ​ប្រល័យពូជសាសន៍​។ ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ការបកប្រែ​សៀវភៅ​ពី​ភាសាបរទេស​មកជា​ភាសា​ខ្មែរ​សម្រាប់​សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ និង​ប្រជាជន​ខ្មែរ​អាន​។ ខ្ញុំ​សង្ឃឹមថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹងមាន​ការបកប្រែ​សៀវភៅ​ភាសាបរទេស មកជា​ខេមរភាសា​កាន់តែច្រើន​ថែមទៀត​។​

លោក អេ​ន​ទ្រី ណេ​ល​សុន តំណាង​ស្ថានទូត​ស៊ុត​អែ​ត ប្រចាំ​ប្រទេស​កម្ពុជា ឡើង​ថ្លែង​សុន្ទរកថា ក្នុងឱកាស​សម្ពោធ​សៀវភៅ «​បូជា​ភ្លើង​» នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩

​សំអុល ច័ន្ទ​សិលា គឺជា​គរុ​សិស្ស​ឯកទេស​ជីវវិទ្យា បាន​ចាប់អារម្មណ៍​ការ​រចនា​ក្របសៀវភៅ​ខាងមុខ​។ សៀវភៅ​នេះ​មាន​ទំហំ​តូច​ល្មម​ដែល​ទាក់ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​អាន​។ សៀវភៅ​នេះ​គឺជា​តម្លៃ​នៃ​ប្រវត្តិសាស្ត្រ និង​មានការ​កាប់សម្លាប់​ប្រជាជន​ដូច​នៅក្នុង​របប​ខ្មែរក្រហម​ដែរ​។ ទោះបីជា​មិនអាច​ប្រៀបធៀប​សេចក្ដី​ឈឺចាប់​រវាង​ជនជាតិ​ទាំង​ពីរបាន ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា ប្រជាជន​កម្ពុជា និង​ជនជាតិ​ជ្វី​ហ្វ​ទទួលរង​នូវ​ការឈឺចាប់​ខ្លោចផ្សា​ដូចគ្នា​។ ស្ត្រី​ជនជាតិ​ជ្វី​ហ្វ ត្រូវបាន​កោរសក់ និង​ត្រូវបាន​ទាហាន​ចាប់រំលោភ ឬ​បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ​។ នៅពេល​ប្រជាជនមាន​ជំងឺ ត្រូវ​ណា​ហ្ស៊ី​សម្រាត​ខោអាវ​ចេញ ហើយ​ប្រសិនបើ​អ្នកជំងឺ​ស្គម​មើលទៅ​ឃើញតែ​ឆ្អឹង មិនត្រូវ​បាន​នាំទៅ​ព្យាបាល​ឡើយ​។ អ្នកជំងឺ​នោះ​ត្រូវបាន​ណា​ហ្ស៊ី​យកទៅ​សម្លាប់ ឬ​ដាក់​នៅក្នុង​បន្ទប់​ផ្សែង​ពុល​។ ខ្ញុំ​យល់ថា គួរតែ​បញ្ចូល​សៀវភៅ​នេះ​ទៅក្នុង​ការអប់រំ​នៅតាម​សាលា​។ ទោះបី​ព្រឹត្តិការណ៍​ខ្លះ ឃោរឃៅ​យង់ឃ្នង​ធ្វើ​ឲ្យ​ផលប៉ះពាល់​អារម្មណ៍​អ្នកអាន ប៉ុន្តែ​វា​មាន​ប្រយោជន៍​ដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​ទាំងនេះ​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​។​

​សៀវភៅ «​បូជា​ភ្លើង​» ដែល​បាន​បកប្រែ​ចេញពី​ភាសា​អង់គ្លេស «Holocaust» ឬ «​ហូ​ឡូ​ខ​ស​ត៍​» ដោយ​កញ្ញា សូ​វិចិត្រ មេត្តា នឹងធ្វើ​ឲ្យ​អ្នកសិក្សា​ស្រាវជ្រាវ គ្រូបង្រៀន សិស្សានុសិស្ស​និង​អ្នកអាន​មានការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​អំពី​ខ្លឹមសារ​នៃ​ពាក្យ​នេះ​ជា​ភាសាជាតិ​និង​យល់ដឹង​ពី​ហេតុការណ៍​នៃ​ការកាប់សម្លាប់​យ៉ាង​រង្គាល​នៅក្នុង​ទ្វីបអឺរ៉ុប​ផងដែរ​៕ ល​