សៀវភៅ «​បូជា​ភ្លើង​» និយាយ​អំពី​អ្នក​រស់រានមានជីវិត​ពី​ការសម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប នឹង​សម្ពោធ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩

323
ចែករម្លែក

ដោយ​៖ សន ប៊ុន​ស៊ីម បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​សម្ពោធ​សៀវភៅ​ថ្មី​មួយ​អំពី​បទពិសោធន៍​អ្នក​រស់រានមានជីវិត​ពី​ការសម្លាប់​រង្គាល នា​អំឡុង​សង្គ្រាមលោកលើកទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត នៅក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​ពិធី​នេះ​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​នឹង​តំណាង​ស្ថានទូត​អាមេរិក និង​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​។​

​ការសម្ពោធ​សៀវភៅ​នេះ គឺជា​ការ​រំឭក​ដល់​របប​ខ្មែរក្រហម ដែល​បាន​ដួលរលំ​អស់​រយៈពេល​៤០​ឆ្នាំ និង​ស្របពេល​ជាមួយគ្នា​នឹង​ការបិទ​បញ្ចប់​នៃ​ការសម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប​កាលពី​៧០​ឆ្នាំមុន ហើយក៏​ដំណាលគ្នា​ទៅនឹង​អនុសញ្ញា​ស្តីពី​ការបង្ការ និង​ការដាក់ទណ្ឌកម្ម​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ដែល​ត្រូវ​បានអនុម័ត និង​ផ្តល់​សច្ចាប័ន​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៤៨​។​

​សៀវភៅ​ប្រែ​សម្រួល​ជា​ខេមរៈភាសា កម្រាស់​២០៦​ទំព័រ​នេះ គឺជា​សៀវភៅ​មុនដំបូង​បង្អស់​ដែល​បាន​ពន្យល់ និង​បកប្រែ​ពាក្យ «​ហូ​ឡូ​ខ​ស​ត៍​» មកជា​ភាសា​ខ្មែរ ដែល​មានន័យថា «​បូជា​ភ្លើង​»​។​

​គួររំឭកថា ស្នាដៃ​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​សាធារណៈ​លើកដំបូង​ជា​ភាសា​ស៊ុយអែត កាលពី​ឆ្នាំ​២០១៧ ដោយ​អ្នកនិពន្ធ​ឈ្មោះ ហេ​ឌី ហ្វ្រា​យ​។ សព្វថ្ងៃនេះ លោកស្រី ហេ​ឌី មាន​វ័យ​៩៥​ឆ្នាំ ហើយ​ធ្វើជា​អ្នកនិពន្ធ និង​ចិត្តវិទូ​ជន ដែល​បាន​រួច​រស់​ជីវិត​ពី​ការសម្លាប់​រង្គាល នា​អំឡុង​សង្គ្រាមលោកលើកទី​២(​ពី​ឆ្នាំ​១៩៤១​ដល់​ឆ្នាំ​១៩៤៥) ដែលមាន​មនុស្ស​ប្រមាណ​៦​លាន​ស្លាប់បាត់​បង់ជីវិត​។​

​ពីរ​ឆ្នាំ​ក្រោយមក ស្នាដៃ​របស់លោក​ស្រី​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​អង់គ្លេស មាន​ចំណងជើង​ថា «​សំណួរ​ដែល​បាន​សួរ​មក​ខ្ញុំ​អំពី​ការសម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប ដោយ អា​លី​ស អ៊ី អ៊ុ​ល​ស៊ុន ដែលជា​អ្នកនិពន្ធ អ្នក​ប្រែ​សម្រួល និង​និពន្ធ​នាយក​។​

​សៀវភៅ​ដដែល​នេះ ក៏ត្រូវ​បាន​ប្រែ​សម្រួល​បន្ត​ពី​ភាសា​អង់គ្លេស​មកជា​ភាសា​ខ្មែរ​ដោយ កញ្ញា សូ​វិចិត្រ​មេត្តា ដែលជា​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។​

កញ្ញា សូ​វិចិត្រ​មេត្តា ​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

​មេត្តា បាន​ពន្យល់ថា ៖ «​សៀវភៅ​មួយ​នេះ​គឺជា​សៀវភៅ​ដំបូងបង្អស់ ដែល​បាន​ពន្យល់​បង្ហាញ​អំពី​ទស្សនៈ​របស់​អ្នក​រួច​រស់​ជីវិត​នៃ​ការសម្លាប់​រង្គាល​ទ្រង់ទ្រាយ​ធំ​ក្នុង​របប​ណា​ស៊ី អាល្លឺម៉ង់ ដែល​ស្រដៀង​គ្នា​ទៅនឹង​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែរ​។ ជនរងគ្រោះ​រាប់លាន​នាក់ ត្រូវបាន​បំពាន បង្អត់អាហារ ធ្វើ​ទារុណកម្ម និង​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​»​។​

​កញ្ញា បន្តថា អំពើ​ប្រល័យពូជសាសន៍ គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។ ហេតុនេះហើយ ការបង្រៀន​មនុស្ស​ជំនាន់​ក្រោយ​អំពី​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល់​ទ្រង់ទ្រាយ​ធំ គឺមាន​គោលបំណង​ប្រឆាំង​ទប់ស្កាត់​នឹង​ការរើសអើង​ជាតិ​សាសន៍ ជម្លោះ​ជាតិ​ពន្ធ និង​អំពើ​ប្រល័យពូជសាសន៍​នាពេល​អនាគត​។​

​ក្នុងនាម​ជា​កូន និង​ជា​ចៅ​របស់​ជីដូន​ជីតា​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម សូ​វិចិត្រ​មេត្តា ចង់​ឲ្យ​អ្នក​រួច​រស់​ជីវិត​ម្នាក់ៗ​កត់​ត្រាទុក​រឿងរ៉ាវ​ដែលមាន​ភាព​ប្រាកដ​ច្បាស់លាស់​ដើម្បី​បម្រើ​ឲ្យ​ការអប់រំ​។ កញ្ញា​ឲ្យ​ដឹងថា ៖ «​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត អាច​នឹង​ត្រូវបាន​ជនខិលខូច​បំភ្លៃ​ហើយ​បាត់បង់​ការពិត ប៉ុន្តែ​ជាមួយនឹង​ឯកសារ​ជាក់ស្ដែង ទោះបីជា​លែងមាន​ជនរងគ្រោះ​នៅ​សេសសល់​ដើម្បី​និយាយប្រាប់ ក៏​ប្រវត្តិសាស្ត្រ​នេះ មិនអាច​ត្រូវ​បាត់បង់​ទៅណា ហើយ​អំពើ​ឃោរឃៅ​ក៏​មិនអាច​ត្រូវគេ​បំភ្លេច​។ ចំណែក​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌​នោះ នឹង​នៅតែមាន​ក្នុងការ​ចងចាំ​របស់​ពិភពលោក​ជានិច្ច​»​។​

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ជឿជាក់ថា មនុស្សជាតិ​គ្រប់គ្នា​មិនត្រូវ​បំភ្លេច​អំពើ​ឧក្រិដ្ឋ​នោះឡើយ​។ លោក​និយាយថា ៖ «​យើង​មាន​កាតព្វកិច្ច​ក្នុងការ​ចងចាំ​។ ការចងចាំ​នេះ​មិនមែនជា​កាតព្វកិច្ច​ដែល​ត្រូវ​បានកំណត់​នៅក្នុង​ដែន​អនុសញ្ញា​រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ វា​គឺជា​កាតព្វកិច្ច​មួយ​ដែល​កើតឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​មនុស្ស​ចំពោះ​មនុស្សជាតិ​។ ដូចជា​ព័ត៌មាន​ទាំងអស់​ដែរ ប្រវត្តិសាស្ត្រ​អាច​ត្រូវបាន​បំភ្លៃ ឬ​បំផ្លាញ និង​លុបចោល ហើយ​ដំណោះស្រាយ​តែមួយគត់​ដើម្បី​បង្ការ​បញ្ហា​ទាំងអស់នេះ គឺ​ការប្ដេជ្ញាចិត្ត​របស់​បុគ្គ​ល​ម្នាក់ៗ​ក្នុងការ​ចងចាំ​»​។​

​ឆាំង យុ ក៏​ជា​អ្នក​រួច​រស់​ជីវិត​មួយរូប​ពីរ​បប​ខ្មែរក្រហម​។ នា​អំឡុង​ឆ្នាំ​១៩៩៥ គាត់​និង​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​មកពី​សាកលវិទ្យាល័យ យ៉ែ​ល នៅ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ធ្វើការ​ប្រមូល និង​រក្សាទុក​ឯកសារ​ពាក់ព័ន្ធ​ទៅនឹង​របប​ខ្មែរក្រហម​។ មកទល់​សព្វថ្ងៃ មជ្ឈមណ្ឌល​បាន​រកឃើញ​ឯកសារ​ជាង​១​លាន​២​សែន​ទំព័រ ហើយ​ប្រមាណ​ពាក់កណ្តាល​នៃ​ឯកសារ​ទាំងនោះ បាន​បម្រើ​ជា​ភ័ស្តុតាង​នៅ​សាលាក្តី​ខ្មែរក្រហម ឬ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ បន្ថែម​ពីនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏បាន​រកឃើញ​រណ្តៅ​សាកសព​២​ម៉ឺន​រណ្តៅ មន្ទីរ​សន្តិសុខ​ឬ​គុក ប្រមាណ​១០០​ទីតាំង និង​ប្រវត្តិ​ជនរងគ្រោះ​និង​ជនដៃដល់​ចំនួន​៣​ម៉ឺន​នាក់​។​

​លោក​បាន​ពន្យល់​ទៀតថា ៖ «​ឯកសារ​សក្ខីកម្ម​ទាំងនោះ នឹង​ត្រូវបាន​ប្រើប្រាស់​ជា​សម្ភារ​សិក្សា​ស្រាវជ្រាវ និង​បង្រៀន សម្រាប់​ការចងចាំ​មួយ​ដែល​មិន​លម្អៀង​។ នៅក្នុង​បរិបទ​នេះ ការចងចាំ​គឺ​មិនមែនជា​រឿងរ៉ាវ​ឯកជន​ទៀត​នោះទេ​។ សាច់រឿង​ទាំងនោះ ក៏​មិនអាច​ជាការ​ចងចាំ ដែល​មិន​បង្ហាញ​ចេញមកក្រៅ នៅ​ស្ងៀមស្ងាត់ ឬ​មិន​ផា្ល​ស់​ប្តូរ​ទៅរក​អី្វ​ដែល​ល្អប្រសើរ​នោះដែរ​។ អ្នក​ដែល​បាន​ហែល​ឆ្លងកាត់​ប្រ​វ​តិ្ដ​សាស្ដ្រ​ទាំងឡាយ ត្រូវតែ​ចែករំលែក​ចំណេះដឹង​របស់ខ្លួន​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ ហើយ​មនុស្ស​ជំនាន់​ក្រោយ​មាន​កាតព្វកិច្ច​ក្នុងការ​រៀនសូត្រ និង​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​ជា​បន្តបន្ទាប់​។​

​ការចងចាំ​គឺជា​ការចាប់ផ្តើម និង​ជា​សេចក្ដី​បញ្ចប់​ចំពោះ​បេសកកម្ម​ក្នុងការ​ស្វែងរក​យុត្តិធម៌ សន្តិភាព និង​ការពិត​។ ចំណែក​កាតព្វកិច្ច​ក្នុងការ​ចងចាំ គឺ​ចាប់ផ្តើម និង​បញ្ចប់​ដោយ​បុគ្គល​ម្នាក់ៗ ធ្វើការ​សម្រេចចិត្ត​អំពី​សារសំខាន់​របស់​ប្រវត្តិសាស្ត្រ មិន​ត្រឹមតែ​ចំពោះ​ខ្លួនឯង​ផ្ទាល់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ​ឯទៀត​ដែរ​»​។​

​បន្ថែម​ពី​ការចែក​សៀវភៅ​ជាង​៣​ពាន់​ក្បាល មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏​បង្កើត​ឲ្យ​មាន​មាតិកា​ជា​សាធារណៈ​ជា​ទម្រង់​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច ជា​សំឡេង និង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។ ការ​ប្រែ​សម្រួល​នេះ ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អ៊ែត និង​ការគាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​៕ ល​