សេក គឹម​រួន ចាញ់​ព្រោះ​ចង់ស៊ី​ឡាក​

166
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ កាលពី​រសៀល ថ្ងៃទី​១៤ កញ្ញា ២០១៩ អ្នក​ប្រដាល់​កម្ពុជា សេក គឹម​រួន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ចង់ស៊ី​ឡាក ធ្វើ​ពុត ដោយ​កុហក អាជ្ញាកណ្ដាល ថា​អ្នក​ប្រដាល់​ថៃ វ៉ាន់ ឆា​លើ​ម (Wan Chhaleum) ទាត់​ចំពង​របស់ខ្លួន ។​

​អ្នក​ប្រដាល់​រូបនេះ ធ្វើ​ពុត​ដោយ​កុហក អាជ្ញាកណ្ដាល​ថា អ្នក​ប្រដាល់​ថៃ​ទាត់​ចំពង​របស់ខ្លួន ។ លោក ឡុង វណ្ណ​ថន ដែលជា​អាជ្ញាកណ្ដាល បាន​និយាយ​ឲ្យ​ដឹងថា វ៉ាន់ ឆា​លើ​ម ទាត់​មិន​ចំពង​ទេ តែ​ចំ​ភ្លៅ​ផ្នែក​ខាងក្នុង ។ រីឯ​ប្រធាន​វិនិច្ឆ័យ ក៏​ទទួលស្គាល់ថា ការសម្រេចចិត្ត របស់​អាជ្ញាកណ្ដាល ឡុង វណ្ណ​ថន ឲ្យ​គឹម​រួន ចាញ់ ពិតជា​ត្រឹមត្រូវ​ហើយ​។​

​លី ភា ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ភី​ឈី​ត ឆៃ (Phechhit Chhai) ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ ។ លី ភា ជា​អ្នកទទួល​ជ័យជំនះ ក៏ពិតមែន តែ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​ណាស់ ។ នេះ​ជា​ជ័យជំនះ ដែល​ទាំងសងខាង គ្រាំ​ខ្លួន​ដូចគ្នា ។​

ការប្រកួត​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ចំពោះ​ការប្រកួត លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​១៥ កញ្ញា វិញ​នោះ វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​ចុះចាញ់​អ្នក​ប្រដាល់​ថៃ កាង ណូ​ភា (Kang Nophea) នៅ​ទឹក​ទី​៤ ។ សុភ័ក្ត្រ ដែល​ព្យាយាម​ប្រើ​កែង​នោះ បែរជា​ត្រូវ កាង ណូ​ភា ច្រាស់​កែង​សង​វិញ នៅ​ទឹក​ទី​២ ហើយ​ត្រូវ​អាជ្ញា​
កណ្ដាល រាប់​៨ ដល់​ទៅ ២ លើក​។ សុភ័ក្ត្រ ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដេញ​វ៉ៃ រហូត ហើយ​នៅ​ទឹក​ទី​៤ គេ​បង្ខំចិត្ត​បោះបង់ចោល ការប្រកួត​តែម្ដង​។​

​ចំពោះ​ការប្រកួត ដណ្ដើម​ខ្សែក្រវាត់ ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion នាពេល​យប់​ថ្ងៃ​ដដែល​នេះ ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ បាន​ប្រើ​កែង ផ្ដួល​អ្នក​ប្រដាល់​ថៃ ឈាង ឆៃ (Chhieng Chhai) ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ។​

​ជាមួយគ្នានេះដែរ អ្នក​ប្រដាល់ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ឈូក ឆៃ (Chhuok Chhai) ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ រិទ្ធី ឈ្នះ​ទាំង ៥ រូប​ដូចគ្នា ៕v