សេង ស្រឿ​ន និង ពុ​យ វណ្ណៈ ស្វែងរក​ជ័យជំនះ បាន​ឬទេ ?

135
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​១២ តុលា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ២ រូប ត្រូវ​តស៊ូ​ទល់ ជាមួយនឹង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ។​

​ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កូ​ឡាប ដាំ (Kolap Dam) ។ កូ​ឡាប ដាំ ជា​អ្នក​ប្រដាល់​ថៃ​មួយរូប ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ យ៉ាង​ជោកជាំ​ទៅហើយ​។ គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ទោះបី​គេ​មិនមែនជា អ្នក​ប្រដាល់ ដែលមាន​ស្នៀត​កែង​អស្ចារ្យ ក៏ពិតមែន តែ​គេ​មាន​កណ្ដាប់​ធ្ងន់ ទាត់​ចេញ​បាន​រហ័ស និង​ជង្គង់​របស់គេ មិន​ស្រួល​ទប់ទល់​ឡើយ ។​

ពុ​យ វណ្ណៈ និង កូ​ឡាប ដាំ​

​វណ្ណៈ វិញ ក៏​ជា​អ្នក​ប្រដាល់​ខ្លាំង ដែល​កំពុងតែ​ធ្វើ​ឲ្យ​សង្វៀន រញ្ជួយ​មិន​ស្ទើរ​ដែរ​ទេ ។ គេ​បានធ្វើ​ឲ្យ​អ្នក​ប្រដាល់ រៀមច្បង​មួយចំនួន បរាជ័យ ក្រោម​ស្នាដៃ​របស់គេ មិនតិច​នាក់​នោះឡើយ ។ មួយរយៈ​នេះ ការប្រកួត​របស់គេ ភាគច្រើន បានទទួល​ជ័យជំនះ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧២​ដង ឈ្នះ​៥៤​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ កូ​ឡាប ដាំ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៩​ដង ឈ្នះ​៨៥​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា ជួប​សំណាងល្អ​នោះទេ ។​

សេង ស្រឿ​ន និង វ៉ាន់ ឆា​លើ​ម​

​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេស ថ្ង​ក​ខេត្តស្វាយរៀង ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ វ៉ាន់ ឆា​លើ​ម (Wan Chhaleum) ។ វ៉ាន ឆា​លើ​ម គេ​មិនសូវ​មានឱកាស មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ហើយ​គេ​មក​ម្ដងៗ តែងតែ​ស្ពាយ​ជ័យជំនះ យកទៅ​ស្រុក​គេ​វិញ ។ ការប្រកួត​របស់គេ ចុងក្រោយ នៅ​ស្រុក​ខ្មែរ ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ នៅ​ទឹក​ទី​៣ ។​

​ជំនួប​ជាមួយ សេង ស្រឿ​ន ទំនងជា វ៉ាន់ ឆា​លើ​ម មានឱកាស​ឈ្នះ ច្រើនជាង​ហើយ មើលទៅ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧០​ដង ឈ្នះ​៥៧​ដង ចាញ់​១៣​ដង ។ ចំពោះ សេង ស្រឿ​ន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩១​ដង ឈ្នះ​៧១​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ២ ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?៕v