សេចក្ដីថ្លែងការណ៍​រប​ស់លោក​ជំទាវ​តំណាង​ជាន់ខ្ពស់ Federica Mogherini ក្នុងនាម សហភាព​អឺរ៉ុប ក្នុងឱកាស​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ និង​អ្នក​ស្រលាញ់​ទាំងពីរ​ភេទ ​ដូចគ្នា ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩

753
ចែករម្លែក

​ទីក្រុង​ព្រុស​សែ​លស៍ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩
​នៅក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ និង​អ្នក​ស្រលាញ់​ទាំងពីរ​ភេទ សហភាព​អឺរ៉ុប​សូមបញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់ខ្លួន ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​បាន​ទាំង​ពីរភេទ អ្នក​ប្តូរ​យេនឌ័រ និង​មនុស្ស​អន្តរ​ភេទ (​ហៅ​កាត់​រួមគ្នា​ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​)​។

​នៅ​ទូទាំង​ពិភពលោក​ទាំងមូល គុណ​តម្លៃ​នៃ​វប្បធម៌ ប្រពៃណី ឬ​សាសនា នៅតែ​ត្រូវបាន​គេ​បន្ត​ប្រើប្រាស់​ជាហេតុ​ផល ដើម្បី​ធ្វើទុក្ខបុកម្នេញ រើសអើង បង្ក ឬ​រំខាន និង​ធ្វើបាប​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែលជា​រឿយៗ មានដូចជា ការប្រព្រឹត្ត​បទល្មើស ដែលនាំឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា និង​ការប្រព្រឹត្ត​អំពើហិង្សា​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ផ្សេងៗ ដូចជា ការធ្វើ​ទារុណកម្ម និង​ការធ្វើឃាត​ជាដើម​។

​ក្នុងប្រទេស​ចំនួន ៧២ ច្បាប់​ស្តីពី​និន្នាការ​ភេទ បន្ត​ចាត់ទុក​ការ​រួមភេទ​ដូចគ្នា ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​នៅក្នុង​ប្រទេស​ផ្សេងទៀត ច្បាប់​ពុំបាន​ផ្តល់​ការការពារ​ក្នុង​កម្រិត​មួយ​ដែល​ចាំបាច់​នោះឡើយ ដែល​នេះ​បណ្តោយឱ្យ​មានការ​កើតឡើង​នូវ​ការរើសអើង ក្នុង​ទម្រង់​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​ជីវិត​រស់នៅ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ សហភាព​អឺរ៉ុប សូម​ធ្វើការ​គូសបញ្ជាក់​យ៉ាង​មុតមាំ​ជាថ្មី​ម្តង​ទៀតថា ការរើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ធ្វើឱ្យប៉ះពាល់​ដល់​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​សំខាន់ៗ ដែល​មានចែង​ក្នុង​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​។

​សហភាព​អឺរ៉ុប​នៅតែ​បន្ត​ការប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​ចំពោះ​ករណី​រើសអើង​និង ការប្រព្រឹត្ត​អំពើហិង្សា​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទាំង​ក្នុង​ទាំង​ក្រៅ​ដែនដី​របស់ខ្លួន​។ ក្នុង​បរិបទ នេះ គណៈកម្មការ​អឺរ៉ុប​បានចេញ​ផ្សាយ​នូវ “’​បញ្ជី​វិធានការ ដើម្បី​លើកកម្ពស់​សមភាព សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​” ដែល​ត្រូវអនុវត្ត​ដោយ​គណៈកម្មការ​នេះ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ ដែល​ក្នុងនោះ​មាន​រៀបរាប់​ពី​សកម្មភាព​ក្នុង​ផ្នែក​គោលនយោបាយ​ពាក់ព័ន្ធ ចាប់ពី​ការមិន​រើសអើង ការអប់រំ ការងារ សុខភាព ការដើរ​ហើរ​ដោយ​សេរី សិទ្ធិ​ជ្រកកោន សម្តី​ដែលនាំឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា​/​ការប្រព្រឹត្ត​បទល្មើស​ស្អប់ខ្ពើម​គ្នា រហូតដល់​គោលនយោបាយ​ស្តីពី​ការពង្រីក មា​ជិ​ក​ភាព​និង​ការបរទេស​។

​តាមរយៈ​ការងារ​ការបរទេស សហភាព​អឺរ៉ុប​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ ជាប្រចាំ​ជាមួយនឹង​ប្រទេស​ទី ៣ នឹង​ផ្តល់​ការគាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ផ្តោតលើ​សកម្មភាព​ជាក់លាក់​។ ចាប់តាំងពី​ឆ្នាំ ២០១៦ មក សហភាព​អឺរ៉ុប​បានផ្តល់​ការគាំទ្រ​ដល់​គម្រោង​ចំនួន ១៦ ដែល​អនុវត្ត​ដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​អាស៊ី អាហ្វ្រិក អាមេរិក​ឡាទីន និង​អឺរ៉ុប​បូព៌ា ក្នុង​ទឹកប្រាក់ ៥,២ លាន​អឺរ៉ូ​។ ក្នុង​ឆ្នាំ ២០១៨ សហភាព​អឺរ៉ុប បានប្រកាស​ស្នើសុំ​ឱ្យមាន​ការដាក់សំណើ​អនុវត្តន៍​គម្រោង​ក្នុង​ទឹកប្រាក់ ១០ លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ដល់​អង្គ​ការដែល​ធ្វើ​ការងារ​ផ្តោតលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ទូទាំង​សកលលោក​។ លើសពីនេះ ការអនុម័ត​លើ​គោលការណ៍​ណែនាំ​សិទ្ធិមនុស្ស​ស្តីពី​ការមិន​រើសអើង​របស់​សហភាព​អឺរ៉ុប​កាលពីពេល​ថ្មីៗ​នេះ ជាការ​ពង្រឹង​បន្ថែម​គោលការណ៍​ណែនាំ​ដែល​កំពុង​ចូល​ជា​ធរមាន​របស់​សហភាព​អឺរ៉ុប ដើម្បី​លើកកម្ពស់ និង​ការពារ​ការទទួលបាន​គ្រប់​សិទ្ធិមនុស្ស​ទាំងអស់​រប​ស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។

​អ្នកការពារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់មិនអស់ កំពុងធ្វើការ​ងារ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ផ្តល់​សំឡេង​ដល់​អ្នក​ដែល​ទទួលរង​ការគៀបសង្កត់ និង​ការរើសអើង ប៉ុន្តែ​ពួកគេ​បែរជា​ប្រឈម​នឹង​ការវាយប្រហារ​ទាំង​នៅក្នុង​អឺរ៉ុប ទាំង​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ ដូច្នេះហើយ ទើប​ចាប់តាំងពី​ខែ វិច្ឆិកា ឆ្នាំ ២០១៨ មក សហភាព​អឺរ៉ុប តាមរយៈ​ឧបករណ៍ (​កម្មវិធី​) លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស កំពុងផ្តល់​ការគាំទ្រ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អង្គការ​ស្ថាប័ន​របស់​ពួកគេ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់ ដែល​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រឈម​នឹង​ការរើសអើង​ខ្លាំងជាងគេ​។

​សហភាព​អឺរ៉ុប តាមរយៈ​ការសហការ​ជាមួយនឹង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការងារ​សំខាន់​របស់​អ្នកតស៊ូ​មតិ​ទាំងនេះ ហើយនឹង​មិន​ឈប់​ធ្វើ​សកម្មភាព​ទាំង​នេះឡើយ រហូតដល់​ពេលដែល​អ្ន​ក​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំងអស់ អាច​រស់នៅ​ប្រកបដោយ​សេរីភាព និង​សុវត្ថិភាព​៕