សេចក្តីប្រកាស​ព័ត៌មាន ព្រឹត្តិការណ៍​បាល់ទាត់​ទិវា​កុមារ ខេ អឹម អេ​ច (KMH INTERNATIONAL CHILDREN’S DAY)

1237
ចែករម្លែក

​ដោយៈ​ISI/ភ្នំពេញៈ ​យើង​រួមគ្នា​ខិតខំ​ផ្តល់​តម្លៃ បម្រើ និង ការពារ​កុមារ​កម្ពុជា​យើង​!
​​មូលនិធិ ខេ អឹម អេ​ច (KMH Foundation) ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) រៀបចំ «​ព្រឹត្តិការណ៍​បាល់ទាត់​ទិវា​កុមារ ខេ អឹម អេ​ច​» នៅ ទីលាន​បាល់ទាត់ ខេ អឹម អេ​ច ផាក (KMH Park) នា​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ​២០១៨​នេះ ដោយមាន​ការចូលរួម​ពី​កុមារ​ចំនួន​៥០០​នាក់ និង ថ្នាក់ដឹកនាំ​ជាច្រើនរូប​របស់​មូលនិធិ ខេ អឹម អេ​ច (KMH Foundation) ផងដែរ​។

កម្មវិធី​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ និង ដើម្បី​លើកកម្ពស់​វិស័យ​បាល់ទាត់​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​ឱកាស​កាន់តែច្រើន​ដល់​កុមារ និង យុវជន​ក្នុងការ​បញ្ចេញ​សមត្ថភាព​របស់ខ្លួន ជាពិសេស​នោះ​គឺ​ដើម្បី​បណ្ដុះ​ស្មារតី​ដល់​កុមារ​កម្ពុជា ឲ្យ​ចូលរួម​ក្នុង​ការងារ សង្គម​។
​ក្នុង​«​ព្រឹត្តិការណ៍​បាល់ទាត់​ទិវា​កុមារ ខេ អឹម អេ​ច​» នេះ​ក៏មាន​ការបរិច្ចាគ​ទឹក​ប្រាក់​ចំនួន​៣ ០០០ ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ធ្វើឡើង​នៅពេល​ព្រឹក​ក្រោម​ការដឹកនាំ​របស់លោក កាំ​ង សេន នាយក មូលនិធិ​បាល់ទាត់ ខេ អឹម អេ​ច ។ បន្ទាប់មកទៀត ក៏មាន​ការលេង​ហ្គេម​កម្សាន្ត​ជាច្រើន ដោយមាន​ការចូលរួម​ពី​កុមារ​ចំនួន ៥០០​នាក់ មកពី​បណ្តា​សាលាបឋមសិក្សា​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង មកពី​ខេត្តកណ្តាល និង កុមារ​រស់នៅក្នុង​សហគមន៍​រោងចក្រ​ដំបូល​ខៀវ​ផងដែរ​។ លើសពីនេះ​ទៀត ក៏មាន​ការផ្តល់ជូន​នូវ​សម្ភារ​មួយចំនួន​ដល់ កុមារ និង អ្នកចូលរួម មានដូចជា ខោអាវ​កីឡា ប៊ិក ខ្មៅ​ដៃ សៀវភៅ អាហារសម្រន់ អាវយឺត មួក និង វត្ថុ​អនុស្សាវរីយ​មួយចំនួនទៀត​ពី​ដៃគូ​សហការ​ឧបត្ថម្ភរ​បស់​យើង​។​

​នៅពេល​ល្ងាច​ចាប់ពី​ម៉ោង ៤ និង ១០ នាទី​តទៅ ក៏មាន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់ KMH CUP U18 រវាង​ក្រុម សម្ព័ន្ធ គ​.​ស​.​ន​.​ប​.​ក (​សម្ព័ន្ធ​គណៈកម្មាធិការ​សម្របសម្រួល​និស្សិត និង បញ្ញវន្ត​កម្ពុជា​) និង ក្រុមបាល់ទាត់​យុវជន​ព្រះ​ខ័​ន្ទរា​ជ​ស្វាយរៀង​។ សម្រាប់​ម្ចាស់​ជើងឯក KMH CUP U18 នេះ នឹង​

​ទទួលបាន​ទឹកប្រាក់​ចំនួន ៤ ០០០ ដុល្លារ​អាមេរិក ចំណែក​ជើងឯក​រង​វិញ ទទួលបាន​ទឹកប្រាក់ ២ ០០០ ដុល្លារ​អាមេរិក​។ ក្រៅពីនេះ​ក៏មាន​ការប្រកួត​លក្ខណៈ​មិត្តភាព​ចំនួន​២ ប្រកួត​ផ្សេងទៀត​។ អ្វីដែល​ពិសេស​ទៀត​នោះ ក៏មាន​វត្តមាន​របស់​តារាបាល់ទាត់​ដ៏​ល្បី​ចំនួន​២​រូប​មកពី​ក្លឹប​ព្រះ​ខ័​ន្ទរា​ជ​ស្វាយរៀង​គឺ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម និង កីឡាករ​Shane Booysen ដោយ​តារាបាល់ទាត់​ដ៏​ល្បី​ចំនួន​២​រូបនេះ នឹង​ចូល​រូ​ម​លេង​បាល់ទាត់​ជាមួយនឹង កុមារ​ចំនួន​៥០​នាក់​។

​សូមបញ្ជាក់ថា មូលនិធិ​បាល់ទាត់ ខេ អឹម អេ​ច ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់ និង អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា ក៏ដូចជា​ស្នូល​វិជ្ជមាន​មួយចំណែក​សម្រាប់​សង្គម​កម្ពុជា តាមរយៈ​ការផ្តល់​ឱកាស​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ និង​បង្ហាញ​សមត្ថភាព​របស់ខ្លួន ព្រមទាំង​ប្រមូល​ថវិកា​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សង្គម​។

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
​កញ្ញា ឆែម ណា​លី
​ទូរស័ព្ទ​៖ ០១២ ៣៨៨ ៩៣៩