សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ត្រូវ​រដ្ឋសភា​អនុម័ត​ជា​ស្ថាពរ​

239
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នា​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែតុលា ឆ្នាំ​២០១៩ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​ក្រោយ​ការពិភាក្សា​អង្គសភា បានអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ជា​ស្ថាពរ​ដោយ​សម្លេង​ចំនួន​១០៥​។​

​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ជា​អ្នកអាន​របាយការណ៍​ពី​លទ្ធផល នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ ជូន​អង្គសភា​។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

​សេចក្តីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម ដែលមាន​១១​ជំពូក ចែកចេញជា​១០៧​មាត្រា​។ សេចក្តីព្រាងច្បាប់​របប​សន្តិសុខ​សង្គម​នេះ មាន​គោលបំណង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​មួយ តាម​គោលការណ៍​សាមគ្គីធម៌​សង្គម ដែលមាន​៤​ផ្នែក​គឺ ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតនៅក្រោម​ច្បាប់​ស្តីពី​ការងារ គិត​រួមទាំង​បុគ្គលិក​ផ្លូវអាកាស នាវា​សមុទ្រ និង​អ្នកបម្រើ​តាម​ផ្ទះ​ព្រមទាំង​បុគ្គល​ស្វ័យ​និ​យោជន៍​។

​សេចក្តីព្រាងច្បាប់​នេះ ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​បុគ្គល ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ​វិស័យ​ឯកជន និង​បុគ្គល​ស្វ័យ​និ​យោជន៍​ទទួលបាន​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ​៕ ល​