សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ឆ្លង​ផុត​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណបក្សនយោបាយ​

1042
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: អង្គប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​កំណត់​ពី​គោលដៅ ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា ដែល​បង្កើតឡើង​ដោយ​គណបក្សនយោបាយ​ចំនួន ១៦ គណបក្ស ដែល​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ( រូបភាព​ពី​ហ្វេ​ស​ប៊ុ​កលោក ផៃ​ស៊ី​ផាន )

​កិច្ចប្រជុំ​ពិភាក្សា​នេះ បានធ្វើ​ឡើង នៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ដោយមាន​ការចូលរួម​ពី​ប្រធាន​និង​តំណាង​គណបក្សនយោបាយ​ចំនួន ១៦ គណបក្ស ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ គណបក្ស​ទាំង ១៦ នេះ បាន​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​លើកដំបូង ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។​

​ជា​លទ្ធផល កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា បាន​ឯក​ភាពជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ដែល​មាន ៧ ជំពូក និង ២១ មាត្រា ដើម្បី​គណៈរដ្ឋមន្ត្រី រៀបចំ​ចាត់​បញ្ជូន​ទៅកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​សម្រេច ហើយ​ទូលថ្វាយ​ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ជា​ផ្លូវការ​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ថ្មី​នេះ នឹង​ចេញ​ជា​រូបរាង​នៅក្នុង​ខែកញ្ញា​នេះហើយ​។ នេះ​បើតាម​លោក ឈឹម ផល​វរុណ ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ទទួលបន្ទុក​តាក់​តែងសេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​នេះ​។​

កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ( រូបភាព​ពី​ហ្វេ​ស​ប៊ុ​កលោក ផៃ​ស៊ី​ផាន )

លោក ឈឹម ផល​វរុណ បន្ថែមថា គណបក្សនយោបាយ​ទាំង ១៦ ក៏បាន​ផ្ញើរ​ឈ្មោះ​ប្រតិភូ​គណបក្ស​របស់ខ្លួន មាន​ប្រធាន​ប្រតិភូ អនុប្រធាន​ប្រតិភូ និង​មន្ត្រី​ម្នាក់ ក្នុង​គណបក្សនយោបាយ​នីមួយៗ ទាំង ១៦ គណបក្ស ដើម្បី​ចូលរួម​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​លើកលែងតែ​បួន​គណបក្ស​ទៀត​ដែល​មិនបាន​ចូលរួម​។ គណបក្សនយោបាយ​ចំនួន​បួន​ដែល​មិនបាន​ចូលរួម​ប្រជុំ​ទាំង​២​លើក​នេះ រួមមាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​មាតុភូមិ​យើង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​ក៏ប៉ុន្តែ​លោក ឈឹម ផល​វរុណ បញ្ជាក់ថា គណបក្សនយោបាយ​ទាំង​បួន​ដែល​មិនបាន​ចូលរួម​នេះ បើ​ស្ម័គ្រចិត្ត​ចង់​ចូលរួម​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ អាច​សរសេរ​លិខិត​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បើសិនជា​សម្តេច​តេ​ជោ យល់ព្រម នោះ​គណបក្សនយោបាយ​នោះ អាច​នឹងចូលរួម​ក្នុង​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​បាន​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក ឈឹម ផល​វរុណ បន្ថែមថា មកដល់ពេលនេះ នៅសល់តែ​នីតិវិធី​ចុងក្រោយ តែ​ពីរ​ដំណាក់កាល​ទេ គឺ​ឆ្លងកាត់​ការពិនិត្យ​សម្រេច​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ព្រះករុណា ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ដើម្បី​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។ ក្រុមការងារ​នឹង​រៀបចំ​ឲ្យ​រួចរាល់ ក្នុងអំឡុង​ខែកញ្ញា​នេះ គឺ​នៅ​មុនពេល​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​នៅ​អង្គការសហប្រជាជាតិ និង​នៅ​អឺរ៉ុប នៅ​ចុងខែ​កញ្ញា​នេះ ហើយ​និង​ឲ្យ​បាន​មុន​គណៈរដ្ឋមន្ត្រី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ​២០១៩ ដែល​ពេលនោះ យើង​អាច​យក​សេចក្តីព្រាង​ថវិកាជាតិ​ឆ្នាំ​២០១៩ ដូច​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ចង់​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្រជុំពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកាជាតិ​នេះ​៕សរន