សេចក្តីរាយការណ៍​ថា កូរ៉េខាងជើង​អភិវឌ្ឍ​មី​ស៊ី​ល​ថ្មី​

2773
ចែករម្លែក

​កាសែត​Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ អាមេរិក​បាន​រកឃើញ​ថា​កូរ៉េខាងជើង​កំពុង​សាងសង់​មី​ស៊ី​ល​ថ្មី ។ ការរកឃើញ​នេះ ដោយ​ផ្អែកលើ​រូបភាព​ពី​ផ្កាយរណប​ដែល​បាន​ថត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ និង​ភស្តុតាង​ថ្មី​ផ្សេងទៀត​។​

​កាសែត Washington Post ដែល​បាន​ដកស្រង់​សម្តី​ក្រុមមន្ត្រី​ស៊ើបការណ៍​នេះ បាន​និយាយថា​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​កិច្ច​ជំនួប​កំពូល​រវាង ប្រធានាធិបតី​អាមេរិក​ លោក ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន មក​នោះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទំនងជា​អភិវឌ្ឍ​មី​ស៊ី​ល​ឆ្លង​ទ្វីប​យ៉ាងតិចណាស់​១​ឬ​២​គ្រាប់​។​

​រោងចក្រ​ផលិត​មី​ស៊ី​ល​នេះ ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​ព្យុងយ៉ាង នៅ​តំបន់​Sanumdong ជាទី​ដែល​ការផលិត​មី​ស៊ី​ល​នេះ កំពុងដំណើរការ​ផលិត​មី​ស៊ី​ល​ឆ្លង​ទ្វីប​(ICBM) លើកទីមួយ​របស់​កូរ៉េខាងជើង​ដែល​អាច​បាញ់​ដល់​សហរដ្ឋអាមេរិក​។​

​បន្ទាប់ពី​កិច្ច​ជំនួប​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​មក​នោះ លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង មិនមែនជា “​ការគំរាមកំហែង​​នុយក្លេអ៊ែរ​”​ទៀត​នោះទេ ហើយ​លោក​បាន​សរសើរ​សមិទ្ធិ​ផល​ការទូត​របស់លោក ដោយផ្ទាល់​ខ្លួន​។ ប៉ុន្តែ លោក គីម ជុង អ៊ុន មិនបាន​សន្យា​ជា​សាធារណៈ​ថា​នឹង​​បញ្ចប់​ការងារ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ប្រទេស​នេះ​ទេ​ប៉ុន្តែ ផ្ទុយទៅវិញ​នោះ គឺ​គ្រាន់តែ​និយាយ​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីបំផុត​។​

​ការផលិត​មី​ស៊ី​ល​ថ្មី​ដែល​ត្រូវបាន​រាយការណ៍​នេះ គឺ​កើតឡើង​បន្ទាប់ពី លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ដ្រីការបរទេស​អាមេរិក កាលពី​សប្តាហ៍​មុន បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បន្ត​ផលិត​វត្ថុ​ធាតុ​នុយក្លេអ៊ែរ ប៉ុន្តែ មិនបាន​និយាយថា​តើ របប​កូរ៉េខាងជើង​នេះ កំពុង​កសាង​មី​ស៊ី​ល​ថ្មី​ឬ​យ៉ាងណា​នោះទេ​៕ដោយ៖សុខា/SN

​​រូបភាព​ដែល​ផ្តល់​ដោយ​កូរ៉េខាងជើង​កាលពី​ឆ្នាំ​២០១៧​បង្ហាញ លោក គីម ជុង អ៊ុន (​រូប​ទី​៣​ពីឆ្វេង​) កំពុង​ពិនិត្យមើល​អាវុធ​មី​ស៊ី​ល​