សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​

807

(​ភ្នំពេញ​)៖ សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​ជាមួយនឹង​សំឡេងគាំទ្រ​៤២​លើ​៤២​រូប នៅក្នុង​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​កិច្ចប្រជុំពេញអង្គ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​ព្រឹទ្ធសភា ក្រោម​អធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​ដោយមាន​​សមាជិក​ព្រឹទ្ធសភា ចំនួន​៤២​រូប​ចូលរួម​។​

​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រៀច​ចំ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវបាន​រដ្ឋសភា អនុម័ត​ជា​ស្ថា​ព័រ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​។

​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ​ផ្តោត​សំខាន់​លើ​ការហាម​គណបក្សនយោបាយ​មិនត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង ​រូបភាព​ឯកសារ​ជា លាយលក្ខណ៍អក្សរ ឬ​សកម្មភាព របស់​ទណ្ឌិត​ជាប់ទោស​បទឧក្រិដ្ឋ ឬ​ពីបទ​ម​ជ្ឈឹ​ម​ដើម្បី​ជា​ផលប្រយោជន៍​​នយោបាយ​ខ្លួន​ឡើយ ហើយ​គណបក្សនយោបាយ មិនត្រូវ យល់ព្រម​ដោយ​ចំហរ ឬ​ឃុបឃិត​ជាមួយ ទណ្ឌិត​ជាប់ទោស​ធ្វើ​សកម្ម​​ភាព​ណាមួយ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ផងដែរ​។​

​បើតាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់ថា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ នឹងមាន​សុពលភាព​អនុវត្ត​ភ្លាមៗ​នៅ​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​។​ការដែល​​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​មាន​សុពលភាព​អនុវត្ត​ភ្លាមៗ គឺ​ដោយសារ​ច្បាប់​នេះ​នឹងត្រូវ​ប្រកាស​ជាការ​ប្រញាប់​។​

​លោក សុខ ឥសាន បន្តថា ក្រោយពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួចហើយ គ្រប់​គណបក្សនយោបាយ​មិនមាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោសឧក្រិដ្ឋ​ជាដាច់ខាត​។ ក្នុងករណី​គណបក្សនយោបាយ​ណាមួយ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ទោះជា​សម្ងាត់​ក្ដី ឬ​ជា​ចំហ​ក្ដី ដូច​មានចែង​ក្នុង​ច្បាប់​នេះ គណបក្ស​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ការទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ គឺមាន​ការផ្អាក​សកម្ម​ភាព​របស់​គណបក្ស​នោះ​រយៈពេល ៥​ឆ្នាំ​យ៉ាងតិច ត្រូវ​លុបឈ្មោះ​គណបក្ស​នោះ​ចេញពី​បញ្ជី​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​តែម្ដង​៕ដោយ៖វាសនា

សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​ជាមួយនឹង​សំឡេងគាំទ្រ​៤២​លើ​៤២​រូប