សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត

329

​(ភ្នំពេញ)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៣ ដើម្បី​ពិនិត្យនិង​ឲ្យ​យោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការប្រកាស​ទទួលស្គាល់​ស​មា​ជិ​ក​ព្រឹទ្ធសភា​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។​

​នៅក្នុង​កិច្ចប្រជុំ ព្រឹទ្ធសភា​បានសម្រេច​ប្រកាស​ទទួលស្គាល់​លោកស្រី គុណ លំអង (​ភរិយា​លោក​ហុង សុខ​ហួរ​) ជា​សមាជិក​ព្រឹទ្ធសភានីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៤ (​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន​)​។ ចំណែក​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​ពិនិត្យនិង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែនិង​ចាត់ទុកជា​ការប្រញាប់ ដោយ​សម្លេង​៤៨ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៩ ខែមិថុនា បាន​ឲ្យ​ដឹងថា សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា តាក់តែង​ឡើងជា​លាយលក្ខណ៍​អក្សរ មាន​១១​ជំពូក ចែកចេញជា​៣២​មាត្រា ភ្ជាប់​ដោយ​សេចក្តីថ្លែងហេតុ​ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ស្នើឡើង​ដោយ​សមាជិក សមាជិកា​ព្រឹទ្ធសភា​ចំនួន ២៣​រូប មាន​ខ្លឹម​សារស​ង្ខ​ប​ដូចតទៅ​៖ ជំពូក​ទី​១ ស្តី​ពីបទ​ប្បញ្ញត្តិ​ទូទៅ មាន​៣​មាត្រា​។ ជំពូក​ទី​២ ស្តីពី​ចំនួន​សមាជិក​ព្រឹទ្ធសភា ប្រព័ន្ធ​បោះឆ្នោត​មណ្ឌលបោះឆ្នោត និង​ការកំណត់​ចំនួន​អាសនៈ មាន​៦​មាត្រា​។ ជំពូក​ទី​៣ ស្តីពី​អ្នកបោះឆ្នោត អង្គ​បោះឆ្នោត បញ្ជី​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត មាន​៣​មាត្រា​។ ជំពូក​ទី​៤ ស្តីពី​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​៣​មាត្រា​។ ជំពូក​ទី​៥ ការឃោសនាបោះឆ្នោត​មាន​៣​មាត្រា​។

ជំពូក​ទី​៦ ស្តីពី​ភ្នា​ក់​ការងារ​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​បោះឆ្នោត​មាន​២​មាត្រា​។ ជំពូក​ទី​៧ ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត មាន​៤​មាត្រា​។ ជំពូក​ទី​៨ ស្តីពី​សមត្ថកិច្ច​ដោះស្រាយ​ករណី​វិវាទកម្ម​ទាក់ទង និង​ការបោះឆ្នោត មាន​៣​មាត្រា​។ ជំពូក​ទី​៩ ស្តីពី​ការបាត់បង់​អាសនៈ នៃ​ព្រឹទ្ធសភា និង​ការជ្រើសតាំង​សមាជិក​ជំនួស មាន​២​មាត្រា​។ ជំពូក​ទី​១០ ស្តីពី​ទោស​ប្បញ្ញត្តិ មាន​១​មាត្រា​។ ជំពូក​ទី​១១ ស្តីពី​អវសាន​ប្បញ្ញត្តិ មាន​២​មាត្រា​។​

​សេចក្តីស្នើច្បាប់​ស្តីពី​ការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ រៀបចំឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ ក្រោយ​ធ្វើ​វិសោធនកម្ម​បន្ថែម​ជំពូក​ទី​១៥​ថ្មី (​ពីរ​) កំណត់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ស្ថាប័ន​ធម្មនុញ្ញ និង​មាន​សង្គតិភាព​ទៅ​និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ព្រមទាំង​បទបញ្ជា និង​នីតិវិធី​ផ្សេងៗ ពាក់ព័ន្ធ​និង​ការបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​យល់ព្រម ជា​លើកដំបូង​លើ​ខ្លឹមសារ​ទាំងមូល​ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់ ចំនួន​៩៧​សម្លេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល ក្នុងសម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧​។​​តំណាង​សមាជិក​ព្រឹទ្ធសភា​ហត្ថលេខី អញ្ជើញ​មក​ការពារ​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មាន​លោក​ជា ជេ​ដ្ឋ ប្រធាន​គណៈកម្មការ​ទី​២ លោក​គង់ សារាជ ប្រធាន​គណៈកម្មការ​ទី​៩ លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ លោក​យ៉ង សែម អនុប្រធាន​គណៈកម្មាកា​រ​ទី​១ ព្រឹទ្ធសភា និ​ងស​ហការី​។​

​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់ ចំនួន​៤៨​សម្លេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕ ដោយ ៖មុនី​រ័ត្ន

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដឹកនាំ​ប្រជុំ​ព្រឹទ្ធសភា​ប្រជុំអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​
​ព្រឹទ្ធសភា​ទទួលស្គាល់​លោកស្រី គុណ លំអង ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​