សេដ្ឋកិច្ចកម្ពុជា នៅតែ​បន្ត​រីកចម្រើន នៅ​ឆ្នាំ​២០១៩

556
ចែករម្លែក

កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់ ទី​ប្រាំមួយ​លើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង ៧% ក្នុង​១​ឆ្នាំ តាមរយៈ​ការ រីកចម្រើន​ក្នុង​កម្រិត​ដ៏​ខ្ពស់​ជាប់​មិន​ដាច់ នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន​។
​ ​
ផលិតផល​ក្នុងស្រុក​សរុប បាន​កើន​ពី​ប្រមាណ ៣.៦៤៩ លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០០០ ដល់​ប្រមាណ ២៤.៦០៥ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​។ រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា កំពុង​ផ្លាស់ប្តូរ ពី​ប្រទេស ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ ឧស្សាហកម្ម និង​សេវាកម្ម​វិញ​។ សម្រាប់​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ កម្ពុជា​រំពឹងថា នៅតែ អាច​សម្រេចបាន​កំណើន សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ និង​ធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូ សេដ្ឋកិច្ច​រឹងមាំ​បន្តទៀត​។​
​ ​
លើ​មូលដ្ឋាន​នៃ​សមិទ្ធកម្ម​វិស័យសេដ្ឋកិច្ច​នេះ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក៏​ទទួលបាន នូវ​ការកែលម្អ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ដែល​ប្រការនេះ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ ពី​ប្រមាណ ២៨៨ ដុល្លារ នៅ​ឆ្នាំ​២០០០ ដល់ ១៥៦៣ ដុល្លារ នៅ​ឆ្នាំ​២០១៨​។ អត្រា​នៃ​ភាពក្រីក្រ ក៏បាន​ធ្លាក់ចុះ​ពី​ប្រមាណ ៥៣,២% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹម ប្រមាណ ១៣,៥​ភាគរយ នៅ​ឆ្នាំ​២០១៤ និង​ត្រូវបាន​រំពឹងថា បន្ត​ថយចុះ មក​នៅក្នុង​រង្វង់ ១០% នាបច្ចុប្បន្ន​។​
​ ​
ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​ជាងគេ​លើ​ពិភពលោក កម្ពុជា​សម្រេចបាន​វឌ្ឍន​ភាព​ដ៏​ល្អប្រសើរ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការកែលម្អ​សូចនាករ ផ្នែក​សង្គមកិច្ច និង​លើសពីនេះ​ទៀត កម្ពុជា​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ប្រទេស​មាន ចំណូល​ទាប ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

ចំណែក​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំ​២០១៩ ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​គួរ​ជាទី​មោទនៈ​។ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ភាពរឹងមាំ ទោះបីជា​បាន​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្តី​។ វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ បន្ត​មាន​កំណើន ក្នុង​អត្រា​ពីរ​ខ្ទង់​ក្នុង​បរិយាកាស​អំណោយផល នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក និង​ដោយមាន​ការគាំទ្រ​ពី​គោលនយោបាយ​សារពើ​វិត្ថារ​កម្ម (​ការពង្រីក​) គោលនយោបាយ​ហិរញ្ញវត្ថុ និង​ផ្លែផ្កា​នៃ​វ​ឌ្ឈ​នភា​ព និង​វិស័យ​ធនាគារ​ព្រមទាំង វិស័យ​ដទៃទៀត​។​
​ ​
របាយការណ៍​បង្ហាញថា ទោះបីជា​បាន​ប្រឈម​នឹង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ អាមេរិក ចិន​និង​ឥទ្ធិពល​នៃ​ប្រក្រតី​កម្ម​នៃ​គោលនយោបាយ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​អភិវឌ្ឍន៍ មួយចំនួន​ក៏ដោយ កំណើនសេដ្ឋកិច្ច​ពិភពលោក និង​តំបន់​មាន​ភាពល្អប្រសើរ និង​បានផ្តល់ កាលានុវត្តភាព​ល្អ​ដល់​សេដ្ឋកិច្ចកម្ពុជា​។ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​មក​កម្ពុជា​បន្ត​កើនឡើង ក្នុង​អត្រា​១២% ពិសេស​វិស័យ​ធនាគារ អចលនទ្រព្យ និង​វិស័យ​កាត់ដេរ​ហើយ​បាន​គាំទ្រ ជញ្ជីងទូទាត់​ឲ្យ​មាន​អតិរេក​(​ផល​លើស​)​ប្រមាណ​៤,៥%​នៃ​ផលទុនជាតិ​សរុប​ក្នុងស្រុក ។​
​ ​
​អតិរេក​ជញ្ជីងទូទាត់​ពាណិជ្ជកម្ម បានរួម​ចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា ដល់​១០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អាច​ធានា​ការនាំចេញ​ទំនិញ និង​សេវា​សម្រាប់​ឆ្នាំ​បន្ទាប់ បាន​ជាង ៥​ខែ ដែលជា​កម្រិត​ខ្ពស់​ធៀប​នឹង​កម្រិត​អប្បបរមា ដែល​ប្រទេស​អភិវឌ្ឍន៍​គួរ​មាន​។​

​សម្រាប់​ទស្សនវិស័យ​ឆ្នាំ​២០១៩ របាយការណ៍​របស់​ធ​នាគារ​អភិវឌ្ឍ​អាស៊ី បាន​បញ្ជាក់ថា ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៩ សេដ្ឋកិច្ចកម្ពុជា រំពឹង​បន្ត​កំណើន​ក្នុង​រង្វង់​អត្រា​៧​ភាគរយ ហើយ​អតិផរណា​បន្ត​ស្ថិតក្នុង​កម្រិត​ទាប​ក្នុង​រង្វង់ ២,៦​ភាគរយ ជាមួយនឹង​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ ៤០៥០​រៀល ក្នុង ១​ដុល្លារ​អាមេរិក​។ ចំណែក​ទុនបម្រុង​អន្តរជាតិ​រំពឹង​កើន​ដល់​១១,៣​ពាន់​លាន ដុល្លារ​អាមេរិក ដែល​អាច​ធានា​ដល់​ការនាំចេញ និង​សេវា​បាន​រយៈពេល ប្រាំ​ខែ​។

​ម្យ៉ាងវិញទៀត ឥណទាន​ធនាគារ​រំពឹងថា នឹង​បន្ត​កើនឡើង​ក្នុង​ល្បឿន ១៧,១% និង​បរិ​យា​ប័ន្ន ហិរញ្ញវត្ថុ នឹង​បន្ត​កើន​ឡើងជា​លំដាប់ ដែល​កត្តា​ទាំងនេះ នឹង​បន្ត​រួមចំណែក​ជំរុញ​ការរីកចម្រើន សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​បន្ថែមទៀត ។​
​ ​
សរុបមក ដោយសារតែ​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ គឺ​នៅ​ឆ្នាំ​២០១៩ នេះ កម្ពុជា​បន្ត​រីកចម្រើន ដោយសារតែ​កម្ពុជា​គ្រប់គ្រង​បាន​នូវ​ម៉ាក្រូសេដ្ឋកិច្ច និង​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិយុត្ត​នានា​បានល្អ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគ​នានា ជំរុញ​ឲ្យ​មាន​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច​។ ជាងនេះទៅ ទៀត កត្តា​សុខសន្តិភាព​ស្ថិរភាព នយោបាយ ក៏​ជាការ​ជំរុញ​ឲ្យ​អ្នកវិនិយោគ​បរទេស ចូលមក​កាន់​កម្ពុជា កាន់តែច្រើន​ថែមទៀត​៕ ដោយ​: ម៉េង​ឆៃ​