ដោយ: ស៊ា ថាំង / ភ្នំពេញ: លោកគង់ សេងលី បណ្ឌិតសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Cornell (អាម៉េរិក) បាននិយាយថា ប្រទេសកម្ពុជាសម្បូរដោយពេជ្រមិនទាន់ច្នៃច្រើនណាស់ពិសេសគឺពួក «យុវជនយុវនារី»។
លោកបានថ្លែងថា យោងតាមគោលនយោបាយថ្មីរបស់ប្រទេសជប៉ុន បើកចំហអនុញ្ញាតឲ្យកម្លាំងពលកម្មបរទេស ដែលមានសមត្ថភាពខ្ពស់មានសិទ្ធិទទួលបានឋានៈស្នាក់នៅរយៈពេលវែង ព្រមទាំងក្រុមគ្រួសារផង ដើម្បីចូលទៅធ្វើការនេះ ប្រទេសកម្ពុជាអាចស្នើសុំជប៉ុនមកជួយបណ្តុះបណ្តាលធនធានមនុស្ស ឬធ្វើកុងត្រាជាមួយសាកលវិទ្យាល័យក្នុងស្រុក ដោយនាំយកកម្មវិធីសិក្សាទេពកោសល្យជំនាញផ្សេងៗ ដែលជប៉ុនត្រូវការមកបង្រៀនដល់ពលករ និង និស្សិតកម្ពុជារួចហើយទទួលយកកម្លាំងនេះទៅធ្វើការនៅជប៉ុន។
លោកនិយាយថា នៅសហរដ្ឋអាម៉េរិកគេមានកុងត្រាស្រដៀងនេះ ជាមួយប្រទេសថៃ និងហ្វីលីពីនលើជំនាញគិលានុបដ្ឋាន។ល។ លោកបញ្ជាក់តាមស្ថិតិប្រជាសាស្ត្រជប៉ុន និងអារ្យប្រទេសមួយចំនួននៅអឺរ៉ុបខាងលិច បាននឹងកំពុងជួបវិបត្តិកម្លាំងពលកម្មយុវជនយុវនារី ដើម្បីឆ្លើយតបតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។ ជប៉ុនត្រូវកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ ខណៈនេះប្រទេសជប៉ុនពេញទៅដោយមនុស្សចាស់។
យោងតាមការផ្សាយរបស់កាសែតបរទេសបានឲ្យដឹងថា ជប៉ុនកំពុងត្រូវកម្លាំងពលកម្ម ដែលមានសមត្ថភាពខ្ពស់ក្នុងជំនាញកសិកម្ម ពេទ្យ សំណង់ស្ថាបត្យកម្ម ជំនួញសណ្ឋាគារនិងធ្វើកប៉ាល់៕ ល