សេដ្ឋី​ទុរេន​ថៃ​លុប​ចោលការ​ប្រជែង​ជ្រើសរើស​កូនប្រសារ​សម្រាប់​កូនស្រី​ពៅ ព្រោះ​បេក្ខជន​សង្ហារ​ពេក ខ្លាច​ធ្វើបាប​ចិត្ត​កូនស្រី​គាត់

598
ចែករម្លែក
  • 400
    Shares

​ឈ្មួញ​ទុរេន​ថៃ​ម្នា​ក់បាន​លុបចោល​ការប្រកួត​ជ្រើសរើស​កូនប្រសារ​សម្រាប់​កូនស្រី​ពៅ​របស់គាត់ ដោយ​និយាយថា ចំណាប់អារម្មណ៍​សាធារណៈ​បានក្លាយ​ជាការ​រំខាន​ដល់​គ្រួសារ​និង​អាជីវកម្ម​របស់គាត់​។​

​លោក​អា​ណុន រ៉ូ​ត​ថោង ដែល​បើក​ផ្សា​រលក់​ទុរេន​ចំនួន​២​នៅ​ខេត្ត​ជុំ​ផុន​បាន​ល្បី​ពេញ​សារព័ត៌មាន បន្ទាប់ពី​បានប្រកាសថា​លោក​កំពុង​រៀបចំ​ការប្រកួត​ប្រជែង​មួយ​ដើម្បី​ជ្រើសរើស​ស្វាមី​សម្រាប់​កូនស្រី​ឈ្មោះ​កាន់​ចា​ស៊ីថា រ៉ូ​ត​ថោង អាយុ ២៦ ឆ្នាំ​។​

​ក្នុង​ផុស​មួយ​លើ​ហ្វេ​ស​ប៊ុ​ក បុរស​វ័យ ៥៨ ឆ្នាំ​រូបនេះ​បាន​អញ្ជើញ​អ្នកដាក់ពាក្យសុំ ដែលមាន​ចំណាប់អារម្មណ៍ មក​ធ្វើការ​នៅ​ចម្ការ​ទុរេន​របស់គាត់​រយៈពេល ៣ ខែ​រហូត​ទាល់តែ​សល់​បុរស​តែ​ម្នាក់​គត់​។​

​គាត់​ក៏បាន​សន្យា​ផ្តល់ប្រាក់ ១០ លាន​បាត យានយន្ត ១០ គ្រឿង ផ្ទះមួយ​ខ្នង និង​ផ្សា​រលក់​ទុរេន​របស់គាត់​ឱ្យទៅ​បុរស​ណា​ដែល​អាច​យកឈ្នះ​បេះដូង​កូនស្រី​របស់គាត់​ផងដែរ​។​

​បុរស​ជាង ១០.០០០ នាក់​បានដាក់​ពាក្យ​ប្រជែង ហើយ​បុរស​ម្នាក់​ក្នុងចំណោម​អ្នកដាក់ពាក្យ​ប្រជែង​លើ​បណ្តាញ​សង្គម​ដែល​លេចធ្លោ​ជាងគេ គឺ​លោក ប្រេ​ម​យ៉ូ​សា​ផន ខុង​សៃ អាយុ ២៨ ឆ្នាំ​។​

​យោងតាម​វេ​ប​សាយ Coconuts Bangkok បានឱ្យដឹងថា ការបញ្ចេញមតិ​របស់​លោក​ខុង​សៃ​នៅ​ហ្វេ​ស​ប៊ុ​ក​របស់លោក​អា​ណុន បានទទួល​ការ​ចុច Like រហូតដល់​ទៅ ១៤.០០០ នាក់​ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។​

​ខុង​សៃ​បាន​សរសេរ​អម​ជា​មួយរូប​របស់គាត់​ថា “​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​។ ខ្ញុំ​មាន​អាយុ​២៨​ឆ្នាំ​។ គ្រួសារ​ខ្ញុំ​ក៏​ដាំ​ទុរេន​ដែរ​នៅ​ខេត្ត​ត្រាត​។ យើង​មាន​ដើម​ទុរេន​ជាង​៣០០​ដើម​…​។ ខ្ញុំ​អាច​ព្យាករណ៍​ដឹង​អំពី​ភ្លៀង​និង​មេឃ​ស្រឡះ​បាន​។ ខ្ញុំ​អាច​បើកឡាន​កង់​១០​និង​ត្រាក់ទ័រ​។ សូម​ពិចារណា​រូបខ្ញុំ​ផង លោក​ពុក​អា​ណុន​។ អរគុណ​”​។​

​ខណៈ​នាង​កាន់​ចា​ស៊ីថា រ៉ូ​ត​ថោង និយាយថា លោក​ខុង​សៃ “​គួរឱ្យ​ស្រឡាញ់​” ឪពុក​របស់​នាង​បែរជា​មនុស្ស​មតិ​ផ្សេង​ទៅវិញ​។

​លោក​អា​ណុន​និយាយថា “​លោក​ប្រេ​ម​យ៉ូ​សា​ផន​មិន​ជាប់​ទេ​សម្រាប់​រូបខ្ញុំ ព្រោះ​គាត់​សង្ហារ​ខ្លាំងពេក​។ គាត់​អាច​នឹង​ធ្វើឱ្យ​កូន​ខ្ញុំ​ខូចចិត្ត​”​។​

​នាង​កាន់​ចា​ស៊ីថា ដែល​តាម​ដឹង​ធ្លាប់មាន​មិត្ត​ប្រុស​ម្នាក់​គត់​ក្នុង​មួយជីវិត​របស់​នាង និយាយថា ការសម្រេច​ចុងក្រោយ​គឺ​អាស្រ័យ​លើ​នាង​ប៉ុណ្ណោះ ទោះ​លទ្ធផល​ចេញមក​យ៉ាងណាក៏ដោយ​។

​កាលពី​ថ្ងៃ​ពុធ​ទី​៦​មីនា លោក​អា​ណុន​បាន​ប្រាប់​អ្នកកាសែត​ថា គាត់​បាន​លុប​ចោលការ​ប្រជែង​ជ្រើសរើស​កូនប្រសារ​ក៏ពិតមែន ប៉ុន្តែ​គាត់​នៅតែ​មានបំណង​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ​អនាគត​កូនប្រសារ​ដដែល​។

​យោងតាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា មេធាវី​ម្នាក់​បាន​និយាយថា លោក​អា​ណុន​អាច​នឹង​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ប្រសិនបើ​ការរៀបចំ​ទាំងមូល​នេះ​គឺ​គ្រាន់តែ​ចង់ឱ្យ​គេ​ចាប់អារម្មណ៍​លើ​អាជីវកម្ម​ទុរេន​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

នាង​កាន់​ចា​ស៊ីថា រ៉ូ​ត​ថោង និង បេក្ខជន​ដាក់ពាក្យ​សង្ហារ​ជាងគេ​ឈ្មោះ ប្រេ​ម​យ៉ូ​សា​ផន ខុង​សៃ
នាង​កាន់​ចា​ស៊ីថា រ៉ូ​ត​ថោង និង បេក្ខជន​ដាក់ពាក្យ​សង្ហារ​ជាងគេ​ឈ្មោះ ប្រេ​ម​យ៉ូ​សា​ផន ខុង​សៃ
លោក​អា​ណុន​អាច​នឹង​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ប្រសិនបើ​ការរៀបចំ​ទាំងមូល​នេះ​គឺ​គ្រាន់តែ​ចង់ឱ្យ​គេ​ចាប់អារម្មណ៍​លើ​អាជីវកម្ម​ទុរេន​របស់គាត់