សេដ្ឋី​ហុងកុង​អាយុ ២២ ឆ្នាំ​ជះ​លុយ​ជាង​១១៧​លាន​ដុល្លារ​ទិញ​ផ្ទះ​ប្រណីត​មួយ​ខ្នង​

257
ចែករម្លែក

​កូនប្រុស​អាយុ ២២ ឆ្នាំ​របស់​មហាសេដ្ឋី​ជំនួញ​ម្នាក់​បាន​ជះ​លុយ​ចំនួន ៩១៦ លាន​ដុល្លារ​ហុងកុង (​ជាង​១១៧​លាន​ដុល្លារ​អាម៉េរិក​) លើផ្ទះ​ប្រណីត​មួយ​ខ្នង​នៅ​ទីក្រុង​ហុងកុង ដែលជា​ការទិញ​ចុងក្រោយ​បំផុត​ដែល​គូសបញ្ជាក់​ពី​គម្លាត​ទ្រព្យសម្បត្តិ​ដ៏​ធំ​នៅក្នុង​ទីក្រុង​មួយ ដែល​បច្ចុប្បន្នកំពុង​អង្រួន​ដោយ​បាតុកម្ម​នយោបាយ​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ចង្អៀត​នេះ​ឈរ​នៅ​លំដាប់​កំពូល​ក្នុងចំណោម​ទីក្រុង​ដែលមាន​ផ្ទះ​ថ្លៃ​ពិបាក​លៃលក​បំផុត​នៅក្នុង​ពិភពលោក ហើយ​សូម្បីតែ​ផ្ទះល្វែង​តម្លៃថោក​បំផុត​ក៏​បុគ្គលិក​ធម្មតា​ទូទៅ​ពិបាក​រកលុយ​ទិញ​ដែរ​។​

​ការកើនឡើង​វិសមភាព​និង​កង្វះ​លំនៅដ្ឋាន​បាន​ជួយ​ជំរុញ​ដល់​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែលជា​ការបង្ហាញ​ចុងក្រោយ​បំផុត​នៃ​បាតុកម្ម​ដឹកនាំ​ដោយ​យុវជន​ដ៏​ធំ​កាលពី​ដើមខែ​នេះ ដោយ​ទាមទារ​ឱ្យ​ដកចេញ​នូវ​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​អ្នកទោស​ទៅ​ចិនដីគោក​។​

​យោងតាម​ឯកសារ​ចុះបញ្ជី​ដីធ្លី​ដែល​ត្រូវបាន​មើលឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា លោក ម៉ាត់​ធូ ជឿ​ង ស៊ីវ​វ៉ុ​ន (Matthew Cheung Siu-woon) បាន​ចំណាយ ៩១៦ លាន​ដុល្លារ​ហុងកុង​ទៅលើផ្ទះ​ប្រណីត​ទំហំ ៨០៦ ម៉ែត្រការ៉េ ដែល​ត្រូវបាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​កាលពី​ខែឧសភា និង​បាន​ទិញ​រួច​រាល់កាល​ពីថ្ងៃ​អង្គារ​ទី​២៥​មិថុនា​។​

​ដោយមាន​ទីតាំង​ស្ថិតនៅ​តំបន់ The Peak នៅ​ហុងកុង ដែលជា​តំបន់​ផ្តាច់មុខ​បំផុត​មួយ​នៅក្នុង​ទីក្រុង ផ្ទះ​កម្ពស់ ៦ ជាន់​នេះ​គឺ​រួមមាន​អាង​ហែល​ទឹក​មួយ សួនច្បារ​មួយ ដំបូល និង រានហាល​ឯកជន​មួយ​។ នេះ​បើ​យោងតាម​ឯកសារ​លក់ដូរ​អចលនទ្រព្យ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបញ្ជាក់​ថា លោក​ស៊ីវ​គឺជា​នាយក​ប្រតិបត្តិ​វ័យ ២២ ឆ្នាំ​របស់​ក្រុមហ៊ុន​អប់រំ​មួយ ដែល​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​ក្រុមហ៊ុន​វិនិយោគ​របស់​គ្រួសារ​លោក​ផ្ទាល់ គឺ​ក្រុមហ៊ុន Cheung & Sons ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល វិនិយោគ​លើ​អចលនទ្រព្យ កសិកម្ម អប់រំ និង​សំណង់​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ាត់​ធូ ជឿ​ង ស៊ីវ​វ៉ុ​ន ចំណាយ​ជាង ១១៧ លាន​ដុល្លារ​ទិញ​ផ្ទះ​ប្រណីត​មួយ​នៅ​ហុងកុង
លោក ម៉ាត់​ធូ ជឿ​ង ស៊ីវ​វ៉ុ​ន ចំណាយ​ជាង ១១៧ លាន​ដុល្លារ​ទិញ​ផ្ទះ​ប្រណីត​មួយ​នៅ​ហុងកុង