សេត​វិមាន​ត្រៀម​រឹតត្បិត​ការ​នាំចូល​ទំនិញ​របស់​ចិន​

1164
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ដកស្រង់​ប្រភព​នានា​ក្នុង​រដ្ឋបាល​ត្រាំ​បានឱ្យដឹងថា ពួក​ជំនួយការ​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​រៀបចំ​កញ្ចប់​ព​ន្ធ​គយ ៣០ ពាន់​លាន​ដុល្លារ​ដ៏​តឹងរ៉ឹង​សម្រាប់​ការ​នាំចូល​ទំនិញ​របស់​ចិន​។​

​យោងតាម​កាសែត Politico កញ្ចប់​ពន្ធ​នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក រ៉ូបឺត ឡៃ​ធី​ហ្ស័​រ (Robert Lighthizer) ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​លួច​កម្មសិទ្ធិបញ្ញា​ពី​សំណាក់​ចិន​។ បន្ទាប់ពី​កិច្ចប្រជុំ​នោះ លោក​ត្រាំ​បានស្នើ​ឱ្យ​ជំនួយការ​របស់លោក​កំណត់​គោលដៅ​ទំនិញ​ធំៗ​របស់​ចិន​ឱ្យបាន​ច្រើន និង​ណែនាំ​រដ្ឋបាល​នេះ​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ការប្រកាស​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​កាសែត Politico បានឱ្យដឹង​ទៀតថា កញ្ចប់​ពាណិជ្ជកម្ម​ថ្មី​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​នាំចូល​ផលិតផល​ចិន​ជាង ១០០ ប្រភេទ ទោះបីជា​ព័ត៌មាន​លម្អិត​ក៏ដូចជា​ការកំណត់​ពេល​វេលា​នៃ​ការប្រកាស​ពន្ធ​ថ្មី​នេះ​អាច​នឹងត្រូវ​ផ្លាស់ប្តូរ​ក៏ដោយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​កំណត់​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ការ​នាំចូល​ដែកថែប​និង​ពន្ធ​លើ​ការ​នាំចូល​អាលុយមីញ៉ូម ១០ ភាគរយ​។ ចំណាត់ការ​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ១៥ ថ្ងៃ ក្រោយ​ចុះហត្ថលេខា​។​

​សេចក្តីប្រកាស​របស់លោក​ត្រាំ​ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជាពិសេស​ប្រទេស​កាណាដា ចិន និង​សហភាព​អឺរ៉ុប ដែល​ចោទប្រកាន់​លោក​ត្រាំ​ថា​ការពារ​ប្រយោជន៍​ប្រទេស​ខ្លួន​ហួសហេតុ​ពេក និង​បាន​សន្យា​ចេញ​វិធានការ​តទល់​នឹង​អាមេរិក​វិញ​៕ ដោយ៖ កញ្ញាដាលីស

ទំនិញ​ចិន​១០០​ប្រភេទ​អាច​នឹងរង​ផលប៉ះពាល់​ពី​វិធានការ​ពន្ធ​ថ្មី​របស់​អាមេរិក​នាពេល​ខាងមុខ