សេត​វិមាន​ទាត់ចោល​កិច្ចសហការ​ក្នុងការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​លើ​លោក​ត្រាំ​

131
ចែករម្លែក

​សេត​វិមាន​ដ៏​រឹងរូស​បានប្រកាស​សង្គ្រាម​កាលពី​ថ្ងៃ​អង្គារ​ទី​៨​តុលា​ប្រឆាំងនឹង​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​លោក​ដូ​ណា​ល់ ត្រាំ ដោយ​ពន្លះ​ដំណើរការ​នេះ​ថា បក្សពួកនិយម ខុសច្បាប់ និង ផ្ទុយ​រដ្ឋធម្មនុញ្ញ ហើយ​និយាយថា​ទាំង​ប្រធានាធិបតី​និង​រដ្ឋបាល​របស់គាត់​នឹងមិន​សហការ​ទេ​។​

​នៅក្នុង​លិខិត​ពោរពេញ​ដោយ​កំហឹង សេត​វិមាន​បាន​វាយ​សំពង​ទៅលើ​ប្រធានសភា​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី និង ប្រធាន​គណៈកម្មាធិការ​សភា​ចំនួន ៣ ដែល​ដឹកនាំ​ការស៊ើបអង្កេត​នេះ ដោយ​ជំរុញ​ពួកគេ​ឱ្យ​បន្ត​ប្រឹងប្រែង​បណ្តេញ​លោក​ត្រាំ​តទៅទៀត​ចុះ ទោះបី​គ្មាន​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​ក៏ដោយ​។​

​ទីប្រឹក្សា​សេត​វិមាន​លោក​ផាត់ ស៊ី​បូល​ឡូ​ន បាន​សរសេរ​នៅក្នុង​លិខិត​កម្រាស់ ៨ ទំព័រ​ថា “​និយាយឱ្យចំ​ទៅ អ្នក​កំពុង​ស្វះស្វែង​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ ២០១៦ និង​ដកហូត​សិទ្ធិ​របស់​ពលរដ្ឋ​អាម៉េរិក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​សេរី​”​។​

​ទាក់ទិន​នឹង​ការស៊ើបអង្កេត​ដែល​កំពុង​ធ្វើឡើង​ដើម្បី​រកមើល​ថា​តើ​លោក​ត្រាំ​បាន​រំលោភ​ការិយាល័យ​របស់លោក​ដោយ​ស្វែងរក​ការស៊ើបអង្កេត​អំពី​អំពើពុករលួយ​នៅ​អ៊ុយ​ក្រែ​ន​លើ​គូប្រជែង​របស់លោក​គឺ​លោក ចូ បាយ​ដិ​ន ឬ​អត់​នោះ លោក​ស៊ី​បូល​ឡូ​ន​និយាយថា “​ការស៊ើបអង្កេត​របស់​អ្នកឯង​ខ្វះ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ស្របច្បាប់ ខ្វះ​អំណះអំណាង​យុត្តិធម៌ និង​សូម្បី​ខ្វះ​នូវ​ភស្តុតាង​គោល​បំផុត​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ​។ ប្រធានាធិបតី​ត្រាំ​មិនអាច​អនុញ្ញាតឱ្យ​រដ្ឋបាល​គាត់​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​ប្រកាន់​បក្ខពួក​នេះ​នៅក្រោម​កាលៈទេសៈ​ដូច្នេះ​ទេ​”​។

​លោកស្រី​ផេ​ឡូ​ស៊ី​បាន​វាយបក​វិញ ដោយ​ហៅ​លិខិត​នោះ​ថា “​ខុស​ទាំង​ដុល​” និង​ពណ៌​នាវា​ថា​ជា “​ការប៉ុនប៉ង​ខុសច្បាប់​មួយទៀត​ដើម្បី​លាក់បាំង​ការពិត​”​។

​លោកស្រី​និយាយថា “​ប្រធានាធិបតី​ត្រាំ លោក​ឯង​មិនអាច​នៅ​ពីលើ​ច្បាប់​បានទេ​។ លោក​ឯង​នឹងត្រូវ​ចាប់​ឱ្យទទួល​ខុសត្រូវ​”​។ លោកស្រី​បាន​ព្រមាន​ថា “​ការបន្ត​ប្រឹងប្រែង​លាក់បាំង​ការពិត​នៃ​ការរំលោភ​អំណាច​របស់​ប្រធានាធិបតី​ពី​ប្រជាជន​នឹងត្រូវ​ចាត់ទុកជា​ភស្តុតាង​បន្ថែមទៀត​នៃ​ការធ្វើឱ្យ​ស្ទះ​ដល់​ការអនុវត្ត​ច្បាប់​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ