សេត​វិមាន​បញ្ចេញ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ពូ​ទីន ដោយ​ផ្តោតលើ​ចារបុរស​និង​បក្ខពួក​របស់លោក​

1164
ចែករម្លែក

​រដ្ឋការ​លោក​ត្រាំ បញ្ចេញ​ទណ្ឌកម្ម​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៥​មីនា​ទៅលើ​ស្ថាប័ន​ចំនួន​៥​និង​បុគ្គល​១៩​រូប​ដែលមាន​ទំនាក់ទំនង​ជាមួយ​​រដ្ឋាភិបាល​រុស្ស៊ី ដោយយោង​ដល់​ការជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​នៅ​ឆ្នាំ​២០១៦​និង​ការវាយប្រហារ​ដោយ​ឧស្ម័ន​បំពុល​ស​សៃ​ប្រសាទ​កា​លពី​ពេល​ថ្មីៗ​នៅ​អង់គ្លេស ជាមួយនឹង​ហេតុផល​មួយចំនួនទៀត​។​

​ការជំរុញ​ដាក់ទណ្ឌកម្ម​នេះ​កើតឡើង​ខណៈ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា វា​ទំនងជា​រុស្ស៊ី​ស្ថិតនៅ​ពីក្រោយ​ការបំពុល​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី សឺ​ហ្គេ ស្គ្រី​ប៉ាល់​និង​កូនស្រី​របស់លោក​។​

សូមបញ្ជាក់ថា ​ប្រាំ​អង្គភាព​និង​បុគ្គល​១៩​រូប​ដែលរងទណ្ឌកម្មរួមមាន អង្គភាព​ស៊ើបការណ៍​កំពូល​រុស្ស៊ី​FSB ទីភ្នាក់ងារ​ចារកម្ម​យោធា​(GRU) និងមនុស្ស​១៣​នាក់​ដែល​ត្រូវ​​បាន​ចោទប្រកាន់​ដោយ​លោក​រ៉ូ​ប៊ឺ​ត មូ​អេ​ល​លឺ ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ពិសេស​អាមេរិក​ទទួលដោះស្រាយ​ការងារ​រុស្ស៊ី​។​

​ទណ្ឌកម្ម​នេះ​ក៏​ដាក់​លើ​បុគ្គល​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​អេ​ឡិច​ត្រូវ​និក​និង​ការព្យាយាម​ដែល​កំពុងមាន​សព្វថ្ងៃ​ដើម្បី​លួច​​ចូល​បណ្តាញ​ចែកចាយ​អគ្គិសនី​៕ដោយ៖វាសនា