ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានបង្កើនសង្គ្រាមពាណិជ្ជកម្មសកលលើសមរភូមិពីរកាលពីថ្ងៃចន្ទ (២ ធ្នូ) ដោយប្រកាសពន្ធលើដែកឧស្សាហកម្មពីប្រទេសប្រេស៊ីលនិងអាហ្សង់ទីន ខណៈសម្លឹងដំឡើងពន្ធ ១០០ ភាគរយលើផលិតផលបារាំងពេញនិយមរាប់សិបមុខ។
រដ្ឋបាលត្រាំនិយាយថា ចំណាត់ការនេះគឺចាំបាច់ពីព្រោះដៃគូពាណិជ្ជកម្មអាម៉េរិកកំពុងប្រព្រឹត្តិមិនយុត្តិធម៌ដើម្បីធ្វើឱ្យខូចខាតដល់សសរទ្រូងសេដ្ឋកិច្ចប្រពៃណីរបស់អាម៉េរិកក៏ដូចជាក្តីសង្ឃឹមសម្រាប់វិបុលភាពនាពេលអនាគត។
នៅក្នុងសារ Twitter នាព្រឹកព្រលឹម លោកត្រាំបាននិយាយថាលោកកំពុងបញ្ជាឱ្យដំឡើងពន្ធថ្មីលើដែកថែបនិងអាលុយមីញ៉ូមពីប្រទេសប្រេស៊ីលនិងអាហ្សង់ទីនដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា “ការទម្លាក់ថ្លៃរូបិយវត្ថុរបស់ពួកគេយ៉ាងសម្បើម” ដែលធ្វើឱ្យខាតបង់ដល់កសិករអាម៉េរិក។ ការប្រកាសមិននឹកស្មានដល់នេះគឺធ្វើឱ្យប្រែក្រឡាស់កិច្ចព្រមព្រៀងឆ្នាំ ២០១៨ របស់បណ្តាប្រទេសអាម៉េរិកឡាទីនជាមួយលោកត្រាំដើម្បីទទួលយកកូតាលើការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាម៉េរិកជំនួសឱ្យការដំឡើងពន្ធនាំចូល។
ប៉ុន្មានម៉ោងក្រោយមកលោក រ៉ូបឺត ឡៃធីសហ្ស័រ ប្រធានអ្នកចរចាពាណិជ្ជកម្មរបស់លោកប្រធានាធិបតីត្រាំ បានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរយៈពេល ៥ ខែដែលបានសន្និដ្ឋានថា ពន្ធលើសេវាកម្មឌីជីថលនៅបារាំងគឺរើសអើងចំពោះក្រុមហ៊ុនអ៊ីនធឺណេតអាម៉េរិក ដូច្នេះគួរតែរងការដំឡើងពន្ធគយរហូតដល់ ១០០ ភាគរយលើទំនិញតម្លៃ ២,៤ ពាន់ដុល្លារអាម៉េរិក ដូចជា ឈីស ទឹកដោះគោជូរ ស្រា និង គ្រឿងតុបតែងផ្សេងៗ។
សំណើ ដែលកំពុងរង់ចាំការសម្រេចរបស់ប្រធានាធិបតីត្រាំនេះ កំពុងគំរាមបង្កើនការបែកបាក់ខាងពាណិជ្ជកម្មឆ្លងសមុទ្រអាត្លង់ទិក ស្របពេលលោកត្រាំចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបរួចហើយថាទទួលបានការការពារពីរដ្ឋាភិបាលពីការប្រកួតប្រជែងរបស់អាម៉េរិក៕ ដោយ៖កញ្ញាដាលីស