សេត​វិមាន​៖ ដូ​ណា​ល់ ត្រាំ លុបចោល​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ពីព្រោះ លោក ចូលចិត្ត គីម ជុង​អ៊ុន​

340
ចែករម្លែក
  • 257
    Shares

​ប្រធានាធិបតី​អាម៉េរិក ​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា ​បាន​ប្រកាស​លុបចោល​ទណ្ឌ​កម្ម​ដែល​ដាក់​ដោយ​ក្រសួង​រតនាគារ​ផ្ទាល់​របស់​លោក​ដើម្បី​រឹតបន្តឹង​ការដាក់​​សម្ពាធ​ជា​អន្តរជាតិ​លើ​កូរ៉េខាងជើង​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​ទំនាក់ទំនង​Twitter​ថា ” វា​ត្រូវ​បាន​ប្រកាស​នៅថ្ងៃនេះ​ដោយ​ក្រសួង​រតនាគារ​អាម៉េរិក​ថា ការដាក់ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​បន្ថែមទៀត​​នឹង​ត្រូវ​បន្ថែម​ទៅ​លើការដាក់ទណ្ឌកម្ម​ដែល​មាន​ស្រាប់​រួច​ហើយ​លើ​កូរ៉េ​ខាងជើង ​ហើយ​ថ្ងៃនេះខ្ញុំ​បាន​បញ្ជា​ឱ្យ​ដក​ចេញ​ការដាក់ទណ្ឌកម្ម​បន្ថែម​ទាំង​នោះ​” ។

​លោក​ទំនងជា​និយាយ​សំដៅ​ទៅលើ​វិធានការ​ដែល​បាន​ដាក់​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែលមាន​គោលដៅ​ទៅលើ​ក្រុមហ៊ុន​ចិន​២​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជួយ​កូរ៉េ​​ខាងជើង​ឱ្យ​គេច​ពី​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ដ៏​តឹងតែង​ដើម្បី​បង្ខំ​រដ្ឋាភិបាល​ព្យុងយ៉ាង​ឱ្យ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​វា​ជា​សញ្ញា​ថ្មី​នៃ​ការដាក់​សម្ពាធ​ចាប់តាំងពី​កិច្ចចរចា​រវាង​លោក​ដូណាល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បរាជ័យ​នៅ​ទីក្រុង​ហាណូយ​កាលពី​ជាង​មួយ​​ខែ​មុន​។ ទោះជា​យ៉ាងនេះក្តី លោក ដូ​ណា​ល់ ត្រាំ ទំនង​ជា​នៅ​តែ​សង្ឃឹម​ថា​ទំនាក់ទំនង​ផ្ទាល់​ដ៏​ខ្លាំ​ងរបស់លោកនឹង​ទទួលបាន​ផ្លែផ្កា​។​

​លោក សា​រ៉ា សាន់​ដឺ​ស៍ អ្នកនាំពាក្យ​ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា “​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចូលចិត្តប្រធាន គីម ជុង​អ៊ុន ហើយលោក​មិន​គិត​ថា​ការដាក់ទណ្ឌកម្ម​​ទាំងនេះជា​ការចាំបាច់​នោះ​ទេ​។​

​លោក អាដាម ស៊ី​ហ្វ មក​ពី​បក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​គណៈកម្មាធិការ​ចារ​កម្ម នៃ​សភា​អាម៉េរិក បាន​រិះគន់លោក ដូ​ណា​ល់ ត្រាំ ចំពោះ​ការលុបចោល​ទណ្ឌកម្ម ដែល​បាន​ដាក់​កាលពី​ថ្ងៃ​សុក្រ​និង​ត្រូវបាន​គាំទ្រ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ផ្ទាល់​របស់​លោក ពីព្រោះ​លោក ចូលចិត្តលោក គីម ជុង​អ៊ុន​៕​ដោយ​៖​សុខា​/Ha