សេត​វិមាន ថា ដូ​ណា​ល់ ត្រាំ បានទទួល​លិខិត​របស់ គីម ជុង អ៊ុ​ន ដែល​ចង់​មាន​ជំនួប​លើក​ទី​២

2950
ចែករម្លែក

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទទី១០កញ្ញាថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលលិខិត ” វិជ្ជមាន ” មួយពី មេដឹកនាំកូរ៉េខាងជើងដែលកំពុងស្វែងរកជំនួបចរចាលើកទី២។ សេតវិមានបាននិយាថា ការសម្របសម្រួលសម្រាប់ការជួបគ្នានេះ គឺកំពុងដំណើរការ។

លោកស្រី សារ៉ា ស៊ែនឌ័រ (Sarah Sanders ) អ្នកនាំពាក្យសេតវិមានបាននិយាយថា ” ប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលសំបុត្រពី លោក គីម ជុង អ៊ុន ។វាជាលិខិតដ៏កក់ក្តៅនិងវិជ្ជមាន”។

លោក ស្រី បានបន្ថែមថា​ សារលិខិតនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងការរំលាយចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនេះ។

លោកស្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “គោលបំណងចំបងនៃលិខិតនេះគឺដើម្បីរៀបចំជំនួបមួយទៀតជាមួយប្រធានាធិបតីដូណាល់ ត្រាំ ដែលយើងបើកចំហ ហើយកំពុងធ្វើការសម្របសម្រួលរួចហើយ ” ។

លោកស្រី បានបន្ថែមថា​ លិខិតនេះគឺជាភស្តុតាងបន្ថែមទៀតនៃការរីកចម្រើននៃទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

កាលពីខែមិថុនា លោក ដូណាល់ ត្រាំ និង លោក គីម ជុង អ៊ុន បានជួបគ្នាជាប្រវត្តិសាស្រ្តនៅប្រទេសសិង្ហបុរី ដែលបាននាំឱ្យមានការក្តីសង្ឃឹមអំពីលទ្ធភាពនៃការលុបបំ​បាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ដោយ៖សុខា/sn

លោក ដូណាល់ ត្រាំ និង លោក គីម ជុង អ៊ុន បានជួបគ្នាជាប្រវត្តិសាស្រ្តនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា