សេត​វិមាន ៖ កិច្ចចរចា​ពាណិជ្ជកម្ម​លើក​ទី​៣​រវាង​ចិន​និង​អាមេរិក​នឹងធ្វើ​នៅ​ថ្ងៃទី ១៤-១៥ កុម្ភៈ​

554
ចែករម្លែក
  • 26
    Shares

​សេត​វិមាន​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​ថា ក្រុមមន្ត្រី​អាមេរិក​នឹង​ស្ថិតនៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៤-១៥ ខែកុម្ភៈ​សម្រាប់​កិច្ចចរចា​លើក​ទី ៣ ក្នុង​គោលបំណង​កាត់បន្ថយ​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​ជាមួយ​ប្រទេស​ចិន​។​

​ពួក​អ្នកចរចា​កំពុងធ្វើការ​ងារ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយ មុនពេល​ការផ្អាក​វាយ​ពន្ធ​រយៈពេល ៩០ ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃទី ១ ខែមីនា ដែល​បន្ទាប់ពីនោះ​តទៅ​សហរដ្ឋអាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធ​ពិន័យ​ទ្វេដង​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក​ស្តេ​វិ​ន អេ​ម​ញូ​ជីន នឹង​ដឹកនាំ​គណៈប្រតិភូ​ដែល​រួមមាន​លោក​ដេវីត ម៉ា​ល់​ផាស (David Malpass) ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​តែងតាំង​ជា​ប្រធាន​ធនាគារពិភពលោក​។​

​ទោះយ៉ាងណា អ្នក​រិះគន់​ចិន​ខ្លាំងជាងគេ​នៅ​សេត​វិមាន​គឺ​លោក​ភី​ត​ធឺ ណា​វ៉ា​រ៉ូ (Peter Navarro) មិន​ត្រូវបាន​ចុះបញ្ជី​ជា​ផ្នែក​មួយ​នៃ​ក្រុម​គណៈប្រតិភូ​អាមេរិក​ទេ​។​

​ខណៈដែល​ក្រុមមន្ត្រី​ហាក់ដូច​ជាមាន​សុទិដ្ឋិនិយម​បន្ទាប់ពី​ការចរចា​កាលពី​សប្តាហ៍​មុន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន មតិយោបល់​ថ្មីៗ​នេះ​បាន​បានធ្វើឱ្យ​ចលាចល​ពេញទី​ផ្សារ​ហិរញ្ញវត្ថុ ដោយ​បង្កឱ្យមាន​ការព្រួយបារម្ភ​អំពី​ថា​តើ​ជម្លោះ​នេះ​នឹង​ប៉ះពាល់​ដល់​កំណើន​សកល​លោក​ឬ​យ៉ាងណា​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​មិន​រំពឹងថា​នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​របស់លោក​គឺ​លោក​ស៊ី​ជីន​ពីង មុនពេល​កំណត់​ថ្ងៃទី ១ ខែមីនា​សម្រាប់​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​នោះទេ​។​

​លោក​ត្រាំ​បាន​និយាយថា​ដំណោះស្រាយ​ចុងក្រោយ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នឹង​ពឹង​ផ្អែកលើ​កិច្ចប្រជុំ​ជាមួយ​លោក​ស៊ី “​នាពេល​អនាគត​” ប៉ុន្តែ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជំនួប​នោះ​មិនទាន់​ត្រូវបាន​គ្រោងទុក​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​បាន​និយាយថា​ដំណោះស្រាយ​ចុងក្រោយ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នឹង​ពឹង​ផ្អែកលើ​កិច្ចប្រជុំ​ជាមួយ​លោក​ស៊ី “​នាពេល​អនាគត​”