សេន ឃុ​ម ត្រឡប់មក​សងសឹក​ជាមួយ មាស ច័ន្ទ​មាន​

1341
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់​ថៃ សេន ឃុ​ម (Sen Khum) ដែល​ធ្លាប់​ត្រូវ​អ្នក​ប្រដាល់​កម្ពុជា មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ វាយ​ឲ្យ​សន្លប់​មុន​ទឹក​ទី​៥​ម្ដង កាលពីដើម​ខែឧសភា​នោះ បាន​ត្រឡប់មក​ប្រកួត​សងសឹក​វិញ ហើយ​នៅ​រសៀល​ថ្ងៃទី​២៦​ឧសភា​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​។​

​នេះ​ជាការ​ប្រកួត​មួយ​ដែល​គេ​ជឿថា នឹង​កក្រើក​សង្វៀន​ជាមិនខាន​ឡើយ ព្រោះ​ការបរាជ័យ​លើក​មុន​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ គឺជា​ការ​ភ្លាត់ស្នៀត ព្រោះ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​វ៉ៃ​បាន​អស្ចារ្យ​ខ្លាំងណាស់​។​

​ចំពោះ ច័ន្ទ​មាន វិញ​គេ​ក៏​ប្រកាស​ដែរ​ថា​គេ​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​តំណែង​ជា​អ្នកឈ្នះ​តទៅទៀត​។ ពេលនេះ ច័ន្ទ​មាន ចូល​ក្លិប​ដើម្បី​ហ្វឹកហាត់​មិនសូវ​ហ៊ាន​ប្រហែស​ឡើយ​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៦​ដង ឈ្នះ​១០១​ដង ចាញ់​ចាញ់​៣១​ដង និង​ស្មើ​ពិន្ទុ​៤​ដង​។ រីឯ​អ្នក​ប្រដាល់​ថៃ សេន ឃុ​ម វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​ដង ឈ្នះ​៦២​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ១ ដង ។ លើក​នេះ សេន ឃុ​ម​សង សឹក​បានសម្រេច ឬ ច័ន្ទ​មាន នៅ​រក្សា​តំណែង​ជា​អ្នកឈ្នះ​បាន​បន្តទៀត​?

​ខាំ ខ្លា​នាង ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដែល​ប៉ុន្មាន​ប្រកួត​របស់គេ​ជាមួយ​អ្នក​ប្រដាល់​ថៃ ជួប​បរាជ័យ​រហូត​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គុត សា​កន (Kout Sakorn) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម​។​

​សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ មិនមាន​នរណា​ដឹងថា តើ​គេ​មាន​សមត្ថភាព​ប៉ុនណាៗ និង​មាន​របៀប​វ៉ៃ​យ៉ាងណា​នោះឡើយ​។ គុត សា​កន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង ឈ្នះ​៤៧​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១​ដង​។​

​ចំពោះ​ខាំ ខ្លា​នាង គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​គ្នាឯង​គេ​វ៉ៃ​បានល្អ តែ​ពេល​ប្រកួត​ជាមួយ​ថៃ​បែរជា​ជួប​បរាជ័យ​រហូត​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥១​ដង ចាញ់​ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ ការប្រកួត​លើក​នេះ ខាំ ខ្លា​នាង អាច​ដណ្ដើម​ជ័យជំនះ​ពី​គូប្រកួត​បាន​ឬទេ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ ម៉ន វ៉ាន់​នី ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ប្រកួត​ជាមួយ រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕ ល​