សេរីភាព​ដាច់បង្ហៀរ​នឹង​ហក់​កញ្ឆេង​ដល់​ណា​បើ​គ្មាន​ច្បាប់​ជួយ​ទប់​?

1676
ចែករម្លែក

ពាក្យ​ដែល​ហៅថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ និង​សេរីភាព ខាង​ការជួបជុំ បាន​នឹង​កំពុង​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​នានា រួមទាំង​អង្គការ​អន្តរជាតិ​មួយចំនួន​ផង យកមក​ធ្វើជា​របរ និង​ជា​ជំនួញ​រកស៊ី​យ៉ាង​កាក់កប​បំផុត និង​ថោកទាប​បំផុត ។ មុខ​ជំនួញ​នេះ​អត់​ចាំ បាច់​ចំណាយ​ដើមទុន អត់​ចាំបាច់​ចំណាយ​កម្លាំង​ច្រើន សំខាន់​អោយតែបាន​វោហារ​ប៉ប៉ាច់ប៉ប៉ោច មាន​ខួរក្បាល​ឈ្លាសវៃ​ខាង​ភូតកុហក​បោកប្រាស់ ហើយ​ចេះដា​ក់កាយ​ដាក់ចិត្ត​ធ្វើជា​ខ្ញុំកញ្ជះ​ឲ្យ​ម្ចាស់ជំនួយ នោះ​ពួកគេ​នឹង​ទទួលបាន​ផលប្រយោជន៍ និង​លាភសក្ការៈ​សម្រាប់​ខ្លួនគេ និង​បក្ខ​ពួកគេ​យ៉ាង​សប្បាយ ហ៊ឺហា​។ មោទនភាព​របស់​ពួកគេ​មានតែ​មួយគត់​គឺ​ការផ្សាយ​បំភ្លៃ និង​សំអុយ​កិត្តិយស​ជាតិ​សាសន៍ ខ្លួនឯង ។ យើង​សង្កេត​ទៅលើ​របាយការណ៍​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​សរសេរ និង​ផ្សព្វផ្សាយ​នាពេល​កន្លងមក​មាន​ចរិត​ពិសពុល​ណាស់ ហើយ​ក៏បាន​បង្កប់​យ៉ាងជ្រៅ​នូវ​គំនិត​ទុច្ចរិត ខាង​នយោបាយ និង​មិន​ឆ្លុះបញ្ចាំង​ការពិត​ទេ ។
​ ​
​កាលពី​ចុងខែ​មិថុនា​កន្លងទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​រួមទាំង​អង្គការ​អន្តរជាតិ​ខ្លះ​ផង បាន​ជួបជុំគ្នា​ពិភាក្សាគ្នា​អំពី​អនុសាសន៍​ដែល​ពួកគេ​បានស្នើរ​ឡើង​កាលពី​ឆ្នាំ​២០១៤ ដោយ​ជំរុញ​ឲ្យ រាជរដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​។ ហើយ​នៅ​ដើមខែ​កក្កដា​នេះ​ទៀត​អង្គការ លីកាដូ​ក៏​បានចេញ​របាយការណ៍​សង្ខេប​ដោយ​ចំណងជើង​នៃ​របាយការណ៍​នេះ​ស្តាប់ទៅ​ហាក់ដូចជា​ធ្វើ​ឲ្យ​រំជួលចិត្ត និង​មាន​ក្តី​សោកសៅ​ក្រៃណា​មហា​សោកសៅ​នោះ​គឺ ការរំលោភបំពាន​លើ​អ្នកការពារ​សិទ្ធិមនុស្ស រយៈពេល​២​ឆ្នាំនេះ ។ ពួកគេ​សរសេរថា ខណៈ​ពេលនេះ​ស្ថានការណ៍​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ផុយស្រួយ​ខ្លាំងណាស់ ។ ពួកគេ​រៀបរាប់​ទាំង​ក្តុកក្តួល​ទៀតថា បុគ្គល​ឯករាជ្យ​អ្នកការពារ សិទ្ធិមនុស្ស​រួមទាំង​មនុស្ស​ល្បីៗ (​មនុស្ស​ល្បីៗ​នៅទីនេះ​ប្រហែល​ពួកគេ​មិនមែន​សំដៅ​ទៅលើ​អ្នក ដឹកនាំ​ដែល​បង្កើត​ឲ្យ​មាន​សន្តិភាព និង​អភិវឌ្ឍ​កងទ័ព ដែល​កំពុង​ការពារ​ទឹកដី​កង​នគរបាល​ដែល​កំពុង ការពារ​សន្តិសុខ​ជាតិ ឬក៏​តារា​សម្តែង និង​កីឡាក​ឆ្នើម​រូប​ណា​ឡើយ​) កំពុង​ក្លាយទៅជា​ជនរងគ្រោះ ខ្លះ​ត្រូវ​បំភិតបំភ័យ ខ្លះ​ត្រូវ​រំលោភបំពាន ខ្លះ​ត្រូវ​ជាប់គុក ខ្លះទៀត​រត់ចោលស្រុក​ព្រាត់ប្រាស់​ទៅ​នៅ ក្រៅប្រទេស​។ នៅក្នុង​បុរេវិនិច្ឆ័យ​ដែល​បង្កើត​ចេញពី​ក្នុង​ប្រអប់​ខួរក្បាល​របស់​អ្នក​ទាំងនេះ គឺ​កម្ពុជា​ជា​ឋាននរក​សម្រាប់​ពួក គេ ឯ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​រាជរដ្ឋាភិបាល​ផ្តាច់ការ ឃោរឃៅ​ខ្លាំងណាស់ ។
​ ​
​យើង​សួរ​ទៅវិញ​ថា តើ​អ្នក​ទាំងនេះ​ជួបជុំគ្នា​ពិភាក្សា និង​វាយតម្លៃ​អំពី​របស់​ដែល​ហៅថា​ស្ថានភាព សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅទីណា​? នៅ​ភ្នំពេញ ឬ​នៅ​ញូវយ៉ក​? ឯ​ក្រុម​ដែល​សរសេរ​របាយការណ៍ ស្តីពី​ការរំលោភបំពាន​លើ​អ្នកការពារ​សិទ្ធិមនុស្ស ហើយ​ផ្សព្វផ្សាយ​របាយការណ៍​នេះ​យ៉ាង​គ​គ្រឺ​ក​គគ្រេង តើ​គេ​សរសេរ​នៅ​ភ្នំពេញ ឬក៏​នៅ​ញូវយ៉ក​ដែរ​?​ពិតណាស់ថា ពួកគេ​មាន​សេរីភាព​ពេញទី​ក្នុងការ​ជួបជុំ ពិភាក្សា ឬក៏​សរសេរ និង​ផ្សព្វផ្សាយ​របាយការណ៍ ដោយ​ចោទប្រកាន់​អំពី​ភាព​ផ្តាច់ការ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពួកគេ​កំពុង​ចោទថា រាជរដ្ឋាភិបាល​នោះ​ផ្តាច់កា​រណាស់ រំលោភបំពាន បំភិតបំភ័យ​ខ្លាំងណាស់ ។ តើ​វា​ឡូ​ហ្សិ​ក​ទេ​? មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនធំ​នៅតែ​អះអាង ហើយ​អះអាង​ទៀតថា ពួកគេ​មិន​តក់ស្លុត​ទេ ពួកគេ​ជួយ​ដល់​ពលរដ្ឋ ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ទេ ។ នេះ​ជាការ​ត្រឹមត្រូវ​ណាស់​ប្រសិនបើ​ធ្វើ ត្រឹមត្រូវ​តាមច្បាប់ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រាប់ពាន់​រាប់ម៉ឺន​នាក់ អ្នកវិភាគ​នយោបាយ​ជាច្រើន​អ្នក កំពុង​ធ្វើ​សកម្មភាព​លើ​គ្រប់​វិស័យ និង​គ្រប់ទិសទី​ច្រកល្ហក​នៅក្រោម​ក្របខណ្ឌ​ច្បាប់ តើ​មាន​នរណា ម្នាក់​ភិតភ័យ​ទេ​? ជាប់គុក​ទេ​? រត់ចោលស្រុក​ទេ​?….​អ្នក​ទាំងអស់នេះ​បាន​នឹង​កំពុងធ្វើការ​យ៉ាងសកម្ម ដោយបាន​សហ​ការណ៍​យ៉ាង​ល្អ​ជាមួយ​សហគមន៍​នានា ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​ទទួលបាន​ការគាំទ្រ ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ព្រោះ ពួកគេ​ធ្វើការ ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ភាព​សុខដុម​របស់​សង្គមជាតិ ។
​ ​
​យើង​ត្រូវ​កំណត់​ឲ្យ​ច្បាស់ អ្វី​ទៅ​សេរីភាព​នៃ​ការបញ្ចេញមតិ​? ជាការ​ពិតណាស់​ប្រទេស​នីតិរដ្ឋ អ្វីៗ​ត្រូវធ្វើឡើង​នៅក្នុង​ដែន និង​ក្របខណ្ឌ​របស់​ច្បាប់ ។ តើ​វា​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​ឬ នៅពេលដែល​ពួកគេ​ឃោសនា​ញុះញង់ អុជអាល និង​កេណ្ឌ​ប្រមូល​មនុស្ស​ឲ្យ​បង្កចលាចល​តាម​ដងផ្លូវ ធ្វើ​ឲ្យ​ខូច​ដល់​សណ្តាប់ធ្នាប់​សង្គម និង​ផលប្រយោជន៍​សាធារណៈ​? ការ និយាយ​ចោទប្រកាន់ ទម្លាក់កំហុស បំផ្លើស បំភ្លៃ​ការពិត ការប្រមាថ​មាក់ងាយ​បង្ខូច​សំអុយ​កេរ្តិ៍ឈ្មោះ តើ​នេះ​ជា​សេរីភាព នៃ​ការបញ្ចេញមតិ​ដែរឬទេ​? ពិតណាស់ ចម្លើយ​គឺ​មិនមែន​ទេ ។ ប៉ុន្តែ​យើង​អាច​ចោទ​សួរថា តើ​អង្គការ​សង្គម​ស៊ីវិល​មួយ ចំនួន​នេះ យល់​ឬ​អត់​? ពួកគេ​ពិតជា​យល់ច្បាស់​ណាស់​ហើយ​យល់ លើសពី​អ្នកដទៃ​ធម្មតា​ទៀតផង ។ ពីព្រោះថា គោលដៅ ចុងក្រោយ​របស់​ពួក​ឈរ​ខាងក្រោយ​ចាំ​ញាក់​ខ្សែ គឺ​កំទេច​គណបក្ស​ប្រជាជន​កម្ពុជា និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ខាង តែ​បាន​ទោះ​ត្រូវ​បង់​តម្លៃ ណាក៏ដោយ រាប់ទាំង​ការចេះ​សម្តែង​ធ្វើ​ឆ្កួត ល្ងីល្ងើ និយាយ​ពីស្តាំ​ទៅ​ឆ្វេង និយាយ​ពីឆ្វេង​ទៅ​ស្តាំ ក៏ដោយ​។ និយាយ​យ៉ាងម៉េច ឬ​ធ្វើ​សកម្មភាព​យ៉ាងណា​ក៏​កុំ​ចាំបាច់​គិតពី​ច្បាប់​សំខាន់បំផុត​ឲ្យ​តែ​បាន​សមត្ថកិច្ច បង្ក្រាប ឬ​ចាប់ ដាក់គុក នោះ​គឺ​ជោគជ័យ​ហើយ ។ ពួកគេ​នឹងមាន​ឱកាស​តាក់តែង​របាយការណ៍​មួយ ដែលមាន​ភ័ស្តុតាង​ជាក់ស្តែង​និយាយ​អំពី ការបិទ​សិទ្ធិសេរីភាព ការរំលោភបំពាន​សិទ្ធិមនុស្ស ដើម្បី​ផ្សព្វផ្សាយ​សំអុយ​ពី​កម្ពុជា​បាន​ហើយ ។ ប៉ុន្តែ​ពួកនេះ អត់​ដែល​បាន និយាយ​ពី​ច្បាប់​មួយ​ម៉ាត់ ណា​ទេ​។ ប៉ុន្តែ​បើ​គេ​និយាយ​អំពី​ច្បាប់​វិញ គឺមាន​តែ​ការ​រិះគន់ថា ច្បាប់​នេះ​បកស្រាយ​មិន​ច្បាស់ ឬក៏ ច្បាប់​នេះ​ចន្លោះប្រហោង​ត្រង់ចំនុច​នេះ ឬ​ចំនុច​នោះ ដើម្បី​ទុក​ប្រៀប​សម្រាប់​គាបសង្កត់​ទៅលើ​សិទ្ធិ សេរីភាព​នៃ​ការបញ្ចេញ មតិ​។ នេះ​ជា​ល្បិច​ទុច្ចរិត​នៅក្នុង​សេណារីយោ​មួយ ដែល​រៀបចំឡើង​ដោយ ប្រាកដប្រជា​ណាស់​។ ដូច្នេះ​យើង​មើលឃើញ ច្បាស់​ហើយ​ថា នេះ​គ្រាន់តែ​ជា​វិធី​មួយ​ក្នុងចំណោម វិធី​ជាច្រើន​ទៀត ដែល​ពួក​ចាំ​ញាក់​ខ្សែ​ពីក្រោយ​កំពុង​ធ្វើ​យ៉ាងសកម្ម ។
​ ​
​កុំ​ចាំបាច់​និយាយ​អំពី​ឋានសួគ៌​នៅ​ភព​ណា ឬ​នៅក្នុង​គម្ពីរ​នៃ​សាសនា​ណា​បើ​យើង​និយាយ​តែ​អំពី​ឋានសួគ៌ នៅលើ​លោកិយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ឋានសួគ៌​នៃ​សេរីភាព​ហើយ ។ ជា​ឋានសួគ៌​សេរីភាព សម្រាប់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន សារព័ត៌មាន​មួយចំនួន​អ្នកវិភាគ​នយោបាយ​មួយចំនួន ដែល​ធ្វើ​សកម្មភាព​ហួស​ពី​ដែន​ក្របខណ្ឌ​នៃ​សេរីភាព​ដែល​ចែង​ដោយ​ច្បាប់​ជា​សេរីភាព​ដាច់បង្ហៀរ​រហូត ដល់​គេ​ហ៊ាន​ប្រើប្រាស់​សេរីភាព​ហួស​ជ​ន្ទោ​ល​នេះ ដើម្បី​បំភ្លៃ​ន័យ​ពិត​នៃ​សេរីភាព​ក្នុង​ក្របខណ្ឌ​ច្បាប់ និង​ឈានទៅ​បំផ្លាញចោល​សង្គមជាតិ​ទាំងស្រុង​តែម្តង ។ ប៉ុន្តែ​ពួកគេ​ក៏​មិនត្រូវ​ភ្លេច​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្តេជ្ញាចិត្ត​រួចហើយ​ថា ត្រូវតែ​រក្សា​សន្តិភាព​ក្នុងប្រទេស​មួយ​នេះ​ឲ្យ​បាន ទោះ​ត្រូវ​បង់​ក្នុងតម្លៃ​ណាក៏ដោយ ។
​ ​
​ក្នុងឋានៈ​ជា​ជាតិ​សាសន៍​មួយ យើង​ត្រូវតែមាន​មោទនភាព​ជាមួយ​ជាតិ​សាសន៍​យើង ជាមួយ​មាតុភូមិ​កំណើត​របស់​យើង​។ យើង​យល់​ហើយ​ថា អ្នកណា​ក៏​ចង់បាន​ជីវភាព​ថ្កុំថ្កើង​រុងរឿង​ដែរ ប៉ុន្តែ​ក៏​មិន​ត្រូវយក​មនសិការ​រ​បស់​ខ្លួន យក​ឧ​ត្ត​ម​គតិ​របស់ខ្លួន យក​មោទនភាព​ជាតិ​ខ្លួន​យក​កិត្តិយស របស់ខ្លួន និង​ពូជពង្សវង្សត្រកូល​ខ្លួន​ទៅ​ដាក់បញ្ចាំ ឬ​លក់​ឡាយឡុង​ឲ្យ​ម្ចាស់ជំនួយ​ឬ​អ្នក​ផ្តល់ប្រាក់​ពី ក្រោយ​នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ដល់់​អ្នក​រាល់គ្នា​ហើយ ប៉ុន្តែ​គឺ​អ្នក​រាល់គ្នា​ទេ​ដែល​បាន​យក​សិទ្ធិសេរីភាព​ខ្លួនឯង​ទៅ​លក់​ក្នុងតម្លៃ​យ៉ាង​ថោក​បំផុត​ឲ្យ​អ្នក​ក្រៅ ទៅវិញ​នោះ ៕ ដោយ​:​លី ទួង​