សេរីភាព នៃ​ជំនឿ​និង​ការគោរព​ប្រតិបត្តិ​សាសនា គឺជា​ជ្រុង​មួយ​បង្ហាញ​ពី​សន្តិភាព​!

590
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ លោក រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែកកំពឹស អមដំណើរ​ដោយ​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ និង​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​ជា​អនុប្រធាន និង​សមាជិក​ក្រុមការងារ​ទាំងអស់ បាន​នាំយក​ទៀន​ព្រះវស្សា និង​សម្ភារៈ​ថវិកា ទៅ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​០២ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួមមាន វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី និង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួត​ពិនិត្យមើល​ទីតាំង​សាលាបឋមសិក្សា​កែវ​មុនី ដែល​លោក​បាន​ជួយឧបត្ថម្ភ​ទាំងស្រុង​លើ​ការជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​បរិវេណ​សាលា ជាក់ស្តែង​បាន​ចាក់ដី​បំពេញ​ទីធ្លា​សាលា​ទាំងមូល បានធ្វើ​លូ​ប្រឡាយ​រំដោះ​ទឹក​ជុំវិញ​សាលា ជួសជុល​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បាន​និង​កំពុងតែបន្ត​រៀបចំ​ចាក់​បេតុង​លើ​ទីលាន​ក្នុង​បរិវេណ​សាលា និង​ជួសជុល​កសាង​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត រួមមាន​ជួសជុល​កែលម្អ​លាប​ពណ៌​អាគារ​សាលា រៀប​ឥដ្ឋ​បូក​ស៊ីម៉ងត៍​លាប​ពណ៌​របង​ជុំវិញ​សាលា និង​ធ្វើ​ទោង​សម្រាប់​ប្អូនៗ កុមារ​ជិះ​លេង​កំសាន្ត ផងដែរ ដើម្បី​សោភ័ណភាព​សាលា និង​ផាសុកភាព​ដល់​សិស្សានុសិស្ស ។

​លោក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា សេរីភាព​នៃ​ជំនឿ​និង​ការគោរព​ប្រតិបត្តិ​សាសនា គឺជា​ជ្រុង​មួយ​ដែល​បង្ហាញ​ពី​សន្តិភាព​ផងដែរ ព្រោះ​តាម​ប្រវត្តិសាស្ត្រ​យើង​ធ្លាប់ ដឹង​ទាំងអស់គ្នា​ហើយ​ថា ក្នុងពេល​ប្រទេស​មាន​សង្គ្រាម ប្រជាជន​យើង គឺ​រស់នៅ​វេទនា​ខ្លាំងណាស់ ពុំមាន​ន​ណា​ម្នាក់ មានឱកាស និង​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើបុណ្យ គោរព​សាសនា តាម​សេរីភាព​នៃ​ចិត្ត​ខ្លួនឯង​នោះទេ ជាពិសេស ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ក្នុងនោះ​ជំនឿ​សាសនា​ទាំងអស់​ក៏​ត្រូវបាន​លុបបំបាត់ ពលរដ្ឋ​ម្នាក់ៗ​រស់ក្នុង​អន្លង់​ទុក្ខ មិនអាច​ធ្វើបុណ្យ មិនអាច​ជឿ​ឬ​ប្រតិបត្តិ​គោរព​សាសនា គ្រប់​ប្រភេទ ផ្ទុយ​ពី​បច្ចុប្បន្ន ដែល​យើង​ម្នាក់ៗ​គឺមាន​សិទ្ធិ​សេរី និង ឱកាស ធ្វើបុណ្យ​បាន​គ្រប់ៗ​គ្នា និង​អាចមាន​ជំនឿ​គោរព​ប្រតិបត្តិ បាន​គ្រប់​សាសនា នេះ​ក៏​ព្រោះតែ​សង្គម​យើង​មាន​សន្តិភាព​និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក រ័ត្ន ស្រ៊ាង បាន​ជូន​ថវិកា​ដល់​លោកយាយ លោកតា​ពុទ្ធ​បរិ​ស័​ទ្ធ​ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី ព្រមទាំង​បាន​នាំយក​ការ៉េម នំ​បុ័ង និង​ទឹក​សុទ្ធ​ចែកជូន​លោកយាយ លោកតា កុមារា កុមារី​សិស្សានុសិស្ស​ដែល​បានមក​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោក​ក្នុង​ទី​បរិវេណ​វត្ត និង​សាលា ចូលរួម​បរិភោគ​រួមគ្នា​យ៉ាង​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​៕