សេវាកម្ម​រថភ្លើង​ក្រុង​ហុងកុង​ទាំងអស់​ត្រូវ​ផ្អាក​បន្ទាប់​ពី​ស្ថានីយ​រថភ្លើង​ច្រើន​ត្រូវបាន​បំផ្លាញ​

381
ចែករម្លែក

​ប្រតិ​ប​តិ្តក​រ​សេវាកម្ម​រថភ្លើង​នៅ​ក្រុង​ហុងកុង​បាន​និយាយថា​សេវាកម្ម​រថភ្លើង​ទាំងអស់​នៅ​ក្រុង​ហុងកុង​ដោយ​រួមទាំង​ខ្សែ​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​ត្រូវបាន​ផ្អាក​នៅ​ថ្ងៃ​​សៅរ៍​ថ្ងៃទី​៥​ខែ​តុលា​នេះ បន្ទាប់ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ គេ​ឃើញ​ស្ថាន​នី​យ​រថភ្លើង​ក្រោម​ដី​មួយ​ចំនួន​មាន​ការខូចខាត និង​ភ្លើង​ចរាច​រណ៍​(​ភ្លើងស្តុប​)​ជាង​១០០​កន្លែង​ត្រូវបាន​បំផ្លាញ ហើយ​សេវាកម្ម​ដឹកជញ្ជូន​​សារ​ធា​រណៈ ត្រូវ​បាន​បិទ​ទាំងស្រុង​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ស្ថានីយ​រថភ្លើង​ច្រើន​ត្រូវបាន​បំផ្លាញ​និង​ដុត​បំផ្លាញ​ដោយ​ក្រុមអ្នកតវ៉ា​ដែល​ប្រតិកម្ម​ប្រឆាំងនឹង​ការ​លើកយក​មក​​ប្រើ​វិញ​អំណាច​ក្នុង​គ្រាអាសន្ន​ដែលមាន​អាយុកាល​កន្លះ​សតវត្សរ៍​មកហើយ ដោយ​ហាមឃាត់​ការប្រើប្រាស់​របាំងមុខ​នៅក្នុង​ការប្រមូលផ្តុំ​តវ៉ា​។​

​ការតវ៉ា​ដែល​មាន​ការ​ខឹងសម្បារ​ខ្លាំង​កើត​ឡើង​ជា​បន្ត​បន្តាប់​នៅ​ទីក្រុង​ហុងកុង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នោះ បាន​កើនឡើង​យ៉ាងខ្លាំង​ខណៈ​មនុស្ស​រាប់ពាន់​នាក់​ពាក់​​របាំងមុខ​ដោយ​បង្ហាញ​ការផ្គើន​បាន​ធ្វើការ​តវ៉ា​ខ្លាំង កាលពី​ថ្ងៃ​សុក្រ​នៅ​ទូទាំង​ទីក្រុង​នេះ​។​

​រថយន្ត​ក្រុង​ក៏​ទំនងជា​ត្រូវ​ដូរ​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ដោយសារ​ស្ថានភាព​ផ្លូវ ក្រោយ​ភ្លើង​ចរាចរណ៍​ជាង​១០០​ត្រូវ​បាន​ធ្វើអោយ​ខូច​កាលពី​យប់​ថ្ងៃ​សុក្រ​។​

​អ្នក​តវ៉ា​ប្រឆាំង​ក៏​បាន​ដុត​អោយ​ឆេះ​ផ្នែក​ខាង​មុខ​និង​វាយ​បំបែក​កញ្ចក់​នៃ​សាខា​ធនាគារ​Bank of China, China Construction Bank និង China Travel Services ខណៈ​​ដែល​ស្ថាប័ន​ជំនួញ​ផ្សេងទៀត​ដូចជា​ហាង​Starbucks​ក៏​រង​ការបំផ្លាញ​។​

​កាលពី​យប់​ថ្ងៃ​សុក្រ យុវជន​ទី​២​បាន​រង​ការបាញ់ប្រហារ​ពី​ប៉ូលិស ដែល​បាន​បាញ់​គ្រាប់​បែកផ្សែង​ដើម្បី​បណ្តេញ​ហ្វូង​បាតុករ​។​សារព័ត៌មាន​ក្នុង​ក្រុង​បាន​និយាយថា ប៉ូលិស​បាន​​បាញ់​យុវជន​អាយុ​១៤​ឆ្នាំ ក្រោយ​មាន​ឧបទ្ទវហេតុ​ចរាចរណ៍​មួយ​នាំអោយ​មាន​ការប្រឈមមុខ​ជាមួយ​អ្នកប្រឆាំង​តវ៉ា ដែល​បាន​វាយ​ប៉ូលិស​។​

​ប៉ូលិស​ក៏​បាន​បញ្ជាក់ថា ការបាញ់​នេះ​ដើម្បី​ការពារ​ខ្លួន​ដោយសារតែ​ប៉ូលិស​រង​ការវាយប្រហារ​និង​គ្រាប់បែក​សាំង​មួយ​ត្រូវបាន​គេ​ចោ​កដាក់​ប៉ូលិស​រូប​នេះ ដែល​នាំ​អោយ​ឆេះ​គាត់​។​

​ក្នុងពេល​ជាមួយគ្នា នាយក​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ បាន​និយាយថា ច្បាប់​ថ្មី​ស្តីពី​ការហាមពាក់​របាំងមុ​ខ​ក្នុងអំឡុង​ការតវ៉ា ផ្តោត​លើ​អ្នក​ប្រឆាំង​តវ៉ា​និង​កុបករ​​ពាក់​ម៉ាស​មុខ ។​ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​ទី​៥​តុលា​។​ច្បាប់​ស្រដៀង​គ្នា ក៏​ត្រូវបាន​អនុវត្ត​នៅ​អូស្ត្រាលី កាណាដា បារាំង​និង​អាល្លឺម៉ង់​៕​ដោយ​៖​សុខា​/​វាសនា​

អ្នក​តវ៉ា​រាប់ពាន់នាក់​ធ្វើការ​តវ៉ា​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ នៅ​ទូទាំង​ទីក្រុង​ហុងកុង​ដោយ​ពាក់​ម៉ាស​មុខ​ផ្គើន​នឹង​ច្បាប់​ដែល​ទើប​ចេញ​បាន​ប៉ុន្មាន​ម៉ោង​