សេ​១២៥​បើក​ផ្តាច់​ព្រលឹង​បោះពួយ​ទៅបុក​ម៉ូតូ​គុប ឆក់យក​ជីវិត​ក្មេងស្រី​ម្នាក់ របួសធ្ងន់​២​នាក់​

456
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជួប​នូវ​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​យុវជន​ម្នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​ខាង​បើក​ម៉ូតូ​បង្ហោះ មួល​ដាច់​ហ្គា​ចោល បើក​បោះពួយ​ល្បឿន​លឿន វ៉ា​ជែង​ពី​ខាងស្តាំ​ជា​បន្តបន្ទាប់ ជ្រុល​ទៅបុក​ម៉ូតូ​គុប​ជ្រុង ជិះ​២​នាក់​ម្តាយកូន​ស្រី​ពីក្រោយ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ម៉ូតូ​បង្ក ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-2795 បើកបរ​ដោយ​យុវជន​ជើង​ខ្លាំង​ខាង​បង្ហោះ​ម៉ូតូ ឈ្មោះ ចក់ សំណាង អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា រៀន​ថ្នាក់​ទី​១២ មាន​ទីលំនៅ​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​ម៉ូតូ ម្ខាង​ទៀត ម៉ាក ហុងដា គុប​ជ្រុង សេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-2355 ជិះ​២​នាក់​ម្តាយកូន ឈ្មោះ មូល សារិទ្ធ អាយុ​៣៨​ឆ្នាំ ជា​ម្តាយ និង កូនស្រី​ឈ្មោះ អាន ស្រីនាថ អាយុ​៨​ឆ្នាំ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ដែលមាន​ទីលំនៅ​ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ស្ត្រី​២​នាក់​ម្តាយកូន ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ បត់​ស្តាំ​ក្នុង​គោលបំណង ចូល​ដឹក​ឥ​វ៉ាន់ នៅផ្ទះ​អ្នកលក់ ស្រាប់តែ ម៉ូតូ​សេ​១២៥ បើក​ដោយ​យុវជន​ផ្តាច់​ព្រលឹង បោះពួយ​ល្បឿន​លឿន វ៉ា​ជែង​គេឯង​ពី​ខាងស្តាំ​ដៃ បោល​មក​បុក​ពីក្រោយ​ម៉ូតូ​គុប ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​ដួល​រងរបួស ២​នាក់​ម្តាយកូន​ស្តី បាក់ជើង​ស្តាំ​ដូចគ្នា សន្លប់​ស្តូក ចំណែក​យុវជន​បង្ក បែក​មុខ វង្វេង​បាត់ស្មារតី ។​

​តាម​អ្នកស្រុក លាន់មាត់​គ្រប់គ្នា យុវជន​ហ​ស្សនាម​«​បើក​ផ្តាច់​ព្រលឹង​» ល្បី​ទៅហើយ ខាង​បង្ហោះ​ម៉ូតូ បាន​កាន់ចង្កូត​ម៉ូតូ​ហើយ កុង​ទ័​រ​មិន​ក្រោម​៨០​ឡើយ រហូតដល់​ម៉ែឪ​និយាយ​លែង​ស្តាប់ មកដល់​ព្រឹក​នេះ គាត់​បើក​វ៉ា​ជែង​ខុស​បច្ចេកទេស ទើប​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​បែបនេះ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​២​នាក់​ម្តាយកូន​ស្រី ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹកបញ្ជូន​កូនស្រី ទៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា ហើយ​បាន​ស្លាប់ ម្តាយ បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ​មន្ទីរពេទ្យ​1-79 ចំណែក​យុវ​បង្ក ត្រូវបាន ម្តាយ​ដឹក​តាម​ម៉ូតូ​យកទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​រង​ខូចខាត ខ្ទេច​ដូចគ្នា ត្រូវបាន​នគរបាល​ជំនាញ វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ ផ្នែក​ជំនាញ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ល​