សែន​សោកស្តាយៈ​ទោះជា​មានការ​ខិតខំ​ទប់ស្កាត់ សកម្មភាព​ល្មើស​នៅតែមាន​

948
ចែករម្លែក
សកម្មភាពគ្រៀវដើមឈើរបស់ក្រុមជនល្មើស(រូបថតក្រសួងបរិស្ថាន)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ​តំបន់ ការពារធម្មជាតិ​មួយចំនួន​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នៃ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​ ទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​តឹងរ៉ឹង​និង​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​យ៉ាងណាក៏ដោយ​។​នេះ​ដោយសារតែ​ទីផ្សារ​ដី​ឡើងថ្លៃ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ដល់​អ្នកកាសែត​នៅ​ចុង​សប្តាហ៍​នេះ​ថា ​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​វិធីសាស្ត្រ​និង​ល្បិចកល​ជា​រូបភាព​ផ្សេងៗ​គ្នា​ដើម្បី​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ដើម្បីអះអាងថាខ្លួន​បានរស់នៅ និង​អាស្រ័យ​ផល​លើដី​នោះ​ជា​យូរ​ឆ្នាំ​មកហើយ​។​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​និង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន​ឱ្យចូល​រុករាន​កាប់ឆ្ការ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​និង​លក់​ក្នុង​តម្លៃថោកៗ​ឱ្យ​ខ្លួន ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ ក្នុងនោះ​រួមមាន​ការដាំ​ដំណាំ​ផ្សេង​ដែល​ងាយ​នឹង​លូតលាស់​ដូចជា​ដើម​ចេក ដើម​ស្វាយ និង​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត ។​មួយចំនួនទៀត​បាន​ប្រើប្រាស់​វិធីសាស្ត្រ​គ្រៀវ​ដើមឈើ​ផង និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ​ផង​។ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ក្រសួងបរិស្ថាន នេះ​គឺជា​ទង្វើ​ខុសច្បាប់​។


​ទាក់ទង​នឹង​ការ​គ្រៀវ​ដើមឈើ​នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានបញ្ជាក់ថា​ ក្រុម​ជនល្មើស​ដែល​ប៉ុង​ប៉ង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​អភិរក្ស​បាន​ជួល​ប្រជាពលរដ្ឋ​កាត់​រំលំ​ដើមឈើ​តូចៗ និង​ធ្វើ​ខ្ទម​តូចៗ​។ ខ្លះទៀត​បាន​គ្រៀវ​ដើមឈើ​ដោយ​ស្ទោះ​សម្បកឈើ និង​កូ​ស​យក​រំអិល​ចេញ​ដើម្បី​កាត់ផ្តាច់​ការនាំសារធាតុ​ពី​គល់ឈើ​ទៅ​ដើមឈើ​ទាំងមូល និង​ជាមួយគ្នានេះ​បាន​លួច​ដាំ​ដំណាំ​ផ្សេងៗយូរ​ឬ​ឆាប់​ដើមឈើ​នោះ​នឹង​ងាប់ ពួកគេ​កាប់​ផ្តួលរំលំ​តែម្តង​។ ករណីនេះ​មាននៅ​កើតឡើង​នៅ​តំបន់​មួយចំនួន​ដូចជា​នៅក្នុង​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ក្រុម​ជនល្មើស​បាន​គ្រៀវដើម​អាកាស្យា បោះបង្គោល​ព្រំដី ព្រមទាំង​បាន​ដាំដំណាំ​ផ្សេងៗ​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​។


​ចំពោះមុខ​នៃ​ការប្រើប្រាស់​វិធីសាស្ត្រ​គ្រៀវ​ដើមឈើ​និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ​នេះ រដ្ឋលេខា​ធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រ​សួ​ងបរិស្ថាន​ដែល​កំពុងតែ​ឈរជើង​ការពារ និង​អភិរក្ស​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា ​រួមមាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បាន​ចុះ​ល្បាត​និង​បាន​ដក​បង្គោលព្រំ​ខុសច្បាប់ និង​ដក​ដំណាំ​យុទ្ធសាស្ត្រ​ទាំងនោះ​ចេញ និង​បាន​បិទ​ស្លាក​កំណត់សម្គាល់​តំបន់ការពារធម្មជាតិ និង​សេចក្តីណែនាំ ក៏ដូចជា​សេចក្តីជូនដំណឹង​នានា ដែល​ទាក់ទង​នឹង​ច្បាប់​ការពារ​ធនធានធម្មជាតិ​។ ជនល្មើស​មួយចំនួន ត្រូវបាន​ឃាត់ខ្លួន​និង​ធ្វើ​ការអប់រំ​ណែនាំ​ពី​វិធានការ​ច្បាប់ និង​ខ្លះ​ត្រូវបាន​កសាង​សំណុំរឿង​ទៅ​តុលាការ ក្នុងករណី​ប្រព្រឹត្ត​បទល្មើស បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ​។

(រូបថតក្រសួងបរិស្ថាន)


​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ប្រាប់ថា​ រៀងរាល់ថ្ងៃ មន្ត្រី​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង ១២២០ នាក់​ដែលមាន​តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​ជា​ឆ្មាំ​ការពារ ធម្មជាតិ​នៅលើ​ផ្ទៃដី​អភិរក្ស​សរុប​ប្រមាណ ៧,៥ លាន​ហិកតា​នឹង​បង្កើន​សកម្ម​ភាពចុះ​ល្បាត​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រុន​រានទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​ ក៏ដូចជា​បទល្មើស​ព្រៃឈើ ការ​បរបាញ់​សត្វ​ខុសច្បាប់ និង​ជាពិសេស​ទប់ស្កាត់​ការកាប់​ឆ្ការ​និង​រុករាន​ដីព្រៃ​ខុសច្បាប់ និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​ទន្ទ្រាន​កាប់​កាប់​ដី​។ លោក​បាន​គូសបញ្ជាក់ថា ​ក្រសួងបរិស្ថាន​បដិសេធ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ដូចជា​ការកាប់​ទន្ទ្រាន​កាន់កាប់ ការផ្ទេរ​និង​ទិញ​លក់​ដី​ដោយ​ខុសច្បាប់​នៅក្នុង​ឧទ្យាន​ជាតិ ដែន​ជម្រក​សត្វ ឬ​តំបន់​ការពារ​នានា ហើយ​អ្នក​ដែល​កំពុង​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ ត្រូវ​បញ្ឈប់​សកម្ម​ភាពទាំងអស់ ​រួមមាន​ការ​ឈូសឆាយ និង​ការសាងសង់សំណង់​នានា​ជាបន្ទាន់ ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ ដោយ​ឥត​លក្ខខណ្ឌ​មក​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​៕​សរន​/Ha