សែ​ប សិទ្ធិ​កា នៅតែ​បន្តការងារ​សិល្បៈដោយ​ក្តីសង្ឃឹម ទោះបី​បរាជ័យជា​ច្រើនដង​ក៏ដោយ​

414
ចែករម្លែក

ភ្នំពេញ​៖ តារា​ម៉ូ​ដែល កញ្ញា សែ​ប សិទ្ធិ​កា ទោះបីជា​កាលពី​ថ្មីៗ​នេះមិនអាច​ដណ្តើម​មកុដ MISS GRAND CAMBODIA ឆ្នាំ​២០១៩ ប៉ុន្តែ​នាង​អះអាង​បន្ត​ការងារ​សិល្បៈ​ទៅមុខ​បើទោះបីជា​នាងធ្លាប់​ប្រឡងពីរដង​បរាជ័យ​ក៏ដោយ​។​

​ប៉ុន្តែ​ឆ្នាំនេះ កញ្ញា សែ​ប សិទ្ធិ​កា រាង​គ្រាន់បើ​ជាង​មុន​បន្តិច ដោយ​លើក​នេះ​បើ​មិនបាន​ជាប់​លេខណាមួយ​ក៏ដោយក្នុង​កម្មវិធី MISS GRAND CAMBODIA 2019 ក៏​នាង​បាន​ពានរង្វាន់លើកទឹកចិត្ត​មួយគឺ​ពានរង្វាន់​មិត្ត​ភាពល្អ (Friendship Award) ។​

​កញ្ញា សែ​ប សិទ្ធិ​កា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ ឱ្យដឹងថា កាលពី​ឆ្នាំ ២០១៨ នាង​ធ្លាប់​ដាក់ពាក្យ​ចូល​ប្រឡង MISS GRAND CAMBODIA ម្តង​ហើយ ដោយ​កាលនោះនាង​បានត្រឹមតែ​ជាប់​បេក្ខភាព​ត្រឹម ១០ រូប​ប៉ុណ្ណោះ ហើយក៏​ធ្លាក់​តែម្តង​។

ដល់​ឆ្នាំនេះ នាង​បាន សម្រេចចិត្ត​ប្រឡង​ម្តងទៀត ដោយ​មិន​អស់សង្ឃឹម​ឡើយ ប៉ុន្តែ​នៅតែ​មិនអាច​ជាប់​លេខណា​ឡើយ បាន​ត្រឹម​ជាប់​បេក្ខភាព ១៤ នាក់​ទៅវិញ​។ ពេលនោះ គណៈកម្មការ បានសម្រេច​ផ្តល់​ពាន Miss Friendship Award (MISS GRAND CAMBODIA2019) សម្រាប់​នាង​ទៅវិញ​​ជា​រឿង​មិន​នឹក ស្មាន​ដល់​។

​តារា​ម៉ូ​ដែល​រូបនេះ បាន​ប្រាប់ថា បើទោះបីជា​នាងប្រឡង​ពីរដងមិន​ទទួលបាន​ជោគជ័យ​ក៏ដោយ ក៏​នាង​នៅតែ​បន្តការងារ​សិល្បៈ​ទៅមុខ ព្រោះ​កាលពី​លើក​មុន នាង​ធ្លាប់មាន​អារម្មណ៍​អាក់ខាន​ម្តង ហើយក៏​សម្រេចចិត្ត​ច្បាស់លាស់ ក្នុង​ឆ្នាំ​២០១៩​នេះ ខំប្រឹង​។ ចាប់តាំងពី​ដើមឆ្នាំ​២០១៩ មក​នាង តែងតែ​ទទួល​ការថត សម្តែង និង បង្ហាញ​ម៉ូត​ជាច្រើន ដោយ​មិន​រើសអើង​ឡើយ​។ នាង​ក៏​សង្ឃឹមថា ការងារ​សិល្បៈ​របស់​នាងដែល​ខំប្រឹង​រាល់ថ្ងៃនេះ ជំរុញ​នាង ឱ្យមាន​ភាពល្អ​ប្រសើរឡើង​នា​ថ្ងៃអនាគត​៕ ដោយ​៖ បូ​រិ​ន​/Ha