សោម វិឆ័យ និង សេង ស្រឿ​ន លំបាក​ស៊ីគ្នា​ហើយ​

131
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement គូ​ដែល​ត្រូវ​ប្រកួត​ជម្រុះ​នោះ សេង ស្រឿ​ន ក្លិប​មេស​ថ្ង​ក​ខេត្តស្វាយរៀង ត្រូវ​តស៊ូ​ជាមួយ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ពូកែ​ជើង​ដូចគ្នា ។ មាន​អ្នក​ប្រដាល់ មិនតិច​នាក់​ទេ ដែល​សន្លប់​ដោយសារ​ស្នៀត​ជើង​ដ៏​ធ្ងន់ របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​។ ពេលនេះ កំពូល​អ្នកលេង​ជើង ជួប​ជាមួយ​អ្នកលេង​ជើង ដូចគ្នា​ហើយ មិនដឹងថា នរណា ដែលមាន​សមត្ថភាព ឆ្លង​ផុត​ជុំ​ទី​១​នោះទេ​។​

សេង ស្រឿ​ន និង សោម វិឆ័យ

​ទាំង​វិឆ័យ ទាំង សេង ស្រឿ​ន ក្រៅពី​ទាត់​គេ ហាក់ដូចជា​មិនមាន​អ្វី ពិសេស​នោះ ឡើយ ។ ការ​វ៉ៃ​ចេញ​របស់គេ ពេលខ្លះ វ៉ៃ​តាមរបៀប​ផ្សងព្រេង ដែល​ការ​ផ្សងព្រេង​ខ្លះ ក៏បាន​ផល​ដែរ ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ មានឱកាស​ឈ្នះ​ដូចគ្នា មិនដឹងថា នរណា​ប្រជែង​បាន​កៅអី ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​​ជម្រុះ​ជុំ​ទី​២ ​ឡើយ ហើយក៏​មិនដឹងថា នរណា​ខ្ទាត​ចេញ ពី​ការប្រកួត​ដែរ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ សុខ សុវណ្ណ ក្លិប​កងពលធំ ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ អ្នក​ប្រដាល់ វ៉ែន ហុង​ជី​វ៉ុ​ង​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ គឺជា​អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា តែ​អតីតកាល​របស់ សុវណ្ណ អស្ចារ្យ​ជាង ជី​វ៉ុ​ង ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទោះបី ជី​វ៉ុ​ង មិនមែនជា​អ្នក​ប្រដាល់ អាច​មើលស្រាល​បាន ក៏ពិតមែន តែ​សុវណ្ណ ទំនងជា​មានឱកាស​ឈ្នះ ច្រើនជាង​ហើយ ។​

សុខ សុវណ្ណ និង វ៉ែន ហុង​ជី​វ៉ុ​ង​

​សូមបញ្ជាក់ថា មួយរយៈ​នេះ សុវណ្ណ វ៉ៃ​ឆាប់​ធ្លាក់​កម្លាំង​ណាស់ ហើយ​ការប្រកួត​នេះ ប្រសិនបើ​គេ​ហាត់ មិនបាន​ដិតដល់​ទេនោះ អាច​នឹង​ចាញ់​កម្លាំង ជី​វ៉ុ​ង ហើយ ។ នរណា ដណ្ដើមបាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ហើយ​នរណា ជា​អ្នក​ហាលអាវ នៅ​ជុំ​ទី​១​នេះ ?

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នកប្រដាល់ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផា ផា​យ៉ាក់ (Pha Phayak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់ ដែល​ពូកែ​ឆ្វេង និង​ខ្លាំង​ឆ្វេង ទាំង​ដៃ​ទាំង​ជើង តែ​គេ​មិនមែន ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្តធំ​នោះទេ ។​

រឿង សោ​ភ័​ណ្ឌ និង ផា ផា​យ៉ាក់​

​បើ​គេ​មានប្រៀប​លើ​គូប្រកួត គេ​វ៉ៃ​បាន​អស្ចារ្យ​ណាស់ តែបើ​គូប្រកួត​ខ្លាំង​ជាង សោ​ភ័​ណ្ឌ ចិត្ត​តូច​តែម្ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផា ផា​យ៉ាក់ វិញ​នោះ គឹ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ ញឹកញាប់​ណាស់ គេ​ក៏​មិនមែនជា អ្នក​ប្រដាល់​អស្ចារ្យ​ខ្លាំង​ដែរ ។ សម្រាប់​ជំនួប​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ គេ​ជឿថា សោ​ភ័​ណ្ឌ មានឱកាស​ឈ្នះ​ច្រើនជាង ហើយ​អាច​ឈ្នះ ដោយ​វាយ​ឲ្យ​សន្លប់​ទៀតផង ។​

​ការជួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ស៊ន រ៉ា​គីម ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ នី សុភា ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ បូ ចាន់​នុង ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v