សោយសុខ​ជីវិតចុងក្រោយ​ដោយ​ស៊ី​ចំណី​បណ្តើរ ស្តាប់​ព្យា​ណូ​បណ្តើរ​

1194
ចែករម្លែក

​ដំរី​ញី​ពិការភ្នែក​មួយ​ក្បាល​ឈ្មោះ ឡាំ ឌួ​ន (Lam Duan) អាយុ ៦៥ ឆ្នាំ​កំពុងស៊ី​អាហារ ថ្ងៃត្រង់​របស់​វា​បណ្តើរ ស្តាប់​បទ “Silent Night” (​រាត្រី​ស្ងាត់​) ដែល​ប្រគំ​ដោយ​ព្យា​ណូ បណ្តើរ​។

​អស់​រយៈពេល ៨​ឆ្នាំ​មកហើយ​ដែល​ដំរី​ពិការភ្នែក​នេះ​ត្រូវបាន​ស្តារនីតិសម្បទា​តាមរយៈ ការប្រើ​តន្ត្រី​នៅ Elephants World ជា​ជម្រក​ចូល​និវត្ត​សម្រាប់​ដំរី​ចាស់ៗ​នៅ​ខេត្ត កាន់​ចា​ណា​ប៊ូ​រី (Kanchanaburi) ប្រទេស​ថៃ ភាគ​ខាងលិច​។

​យោងតាម​អង្គការ​គាំពារ​សុខុមាលភាព​សត្វ World Animal Protection បានឱ្យដឹងថា ជិត ៨០ ភាគរយ​នៃ​ដំរី​នៅតាម​តំបន់​ទេសចរណ៍​នានា​ក្នុងប្រទេស​ថៃ កម្ពុជា ឥណ្ឌា ឡាវ នេ​ប៉ាល់ និង​ស្រីលង្កា ប្រឈម​ស្ថានភាព​រស់នៅ​មិនល្អ របប​អាហារ​មិន​គ្រប់គ្រាន់ និង​ធ្វើការ​ហួសកម្លាំង​។​

​ដំរី​នៅ Elephants World ទទួលបាន​ចំណី​ល្អៗ និង​ការព្យាបាល​ជំងឺ​រាងកាយ​របស់​ពួកវា ប៉ុន្តែ​តន្ត្រី​គឺជា​វិធី​ព្យាបាល​ដ៏​ពិសេស​ម្យ៉ាង​មួយទៀត​ដែល​ពួកវា​ហាក់​ចូលចិត្ត​យ៉ាងខ្លាំង​។

លោក ផល បា​ថុ​ន (Paul Barton) ដែលជា​តន្ត្រីករ​ព្យា​ណូ​ជនជាតិ​អង់គ្លេស វ័យ ៥៧ ឆ្នាំ​តែងតែ​ប្រគំ​ព្យា​ណូ​ឱ្យ​សម្លាញ់​ដំរី​របស់គាត់​ស្តាប់​ជាច្រើន​ដង​ក្នុង​មួយ​សប្តាហ៍​។
​គាត់​និយាយថា “​ប្រហែលជា​ដំរី​ពិការភ្នែក​ទាំងនេះ​ទទួលបាន​ភាពកក់ក្តៅ​ខ្លះ​ពី​ការ​ស្តាប់ តន្ត្រី​ក្លា​ស៊ិ​ក​”៕ ប្រែ​សម្រួល​: ខុម​