សំណង់​ខឿន​ច្រាំងទន្លេ​ស្ថាបនា​បាន​៦០​ភាគរយ​ខណ​:​ទឹកទន្លេ​ស្ថិតនៅ​បម្រែបម្រួល​បន្តិចបន្តួច​

313
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​សំណង់​ខឿន​ច្រាំងទន្លេ​មេគង្គ​ក្រុង​កំពង់ចាម​បាន​ស្ថាបនា​សម្រេចបាន​ចំនួន​៦០​ភាគរយ​ហើយ​ខណ​:​ដែល​កម្ពស់​ទឹកទន្លេ​ស្ថិតក្នុង​សភាព​បម្រែបម្រួល​បន្តិចបន្តួច​។​គឺ​បើ​ប្រៀបធៀប​រយ​:​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ មាន​កម្រិត​កម្ពស់​ខុស​ចន្លោះ​ប្រមាណ​ជិត​១០​ម៉ែត្រ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ២១ កក្កដា​ថា ការងារ​ស្នូល​ដែល​យើង​នៅសល់​ប្រហែល​៤០​ភាគរយ​សំខាន់​និង​ចាំបាច់​ចំពោះមុខ​របស់​ខឿន​ច្រាំងទន្លេ​ទាំងមូល​មាន​:​ការ​ដំណើរ​ការចាក់​បេតុង​ជើងទេរ​ផ្នែក​ខាងលើ​បំផុត​ចាក់​បេតុង​ថាស់​ផ្នែក​កណ្តាល​ច្រាំង និង​ចាក់​ធ្នឹម​ថាស់​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​សំណង់​នៅសល់​ខាងលើនេះ​គឺ​នឹងត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​ហើយ​រួចរាល់​ក្នុង​ចន្លោះ​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៩​នេះ​។ បើទោះជា​មកដល់​ថ្ងៃទី ២១ កក្កដា​ឆ្នាំ​២០១៩ ទឹកទន្លេ​ស្ថិតនៅ​កម្ពស់​៤,៤៤​ម៉ែត្រ​គឺ​កម្ពស់​ទឹក​នេះ​បើ​ធៀប​រយ​:​ពេល​ដូចគ្នា​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨​នោះ គឺ​ទាប​ប្រហែល​ជាង ប្រាំបី ម៉ែត្រ​ឯណោះ​។​

​លោក​វិបុល​បាន​លើកឡើងថា​ប៉ុន្តែ​យើង​មិនអាច​ធ្វេសប្រហែស​និង​ព្យាករណ៍​ជាមួយនឹង​កម្ពស់​ទឹក​ប្រែប្រួល​បន្តិចបន្តួច​នៅ​បាតទន្លេ​នេះ​បានទេ​។ ដោយ​វេលា​នេះ​ជា​រដូវ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​ហើយ គឺ​ទឹកទន្លេ​នេះ​អាច​នឹង​ជន់​ហក់​ឡើង​យ៉ាង​រហ័ស​ជាយ​កថា​ហេតុ​ណាមួយ​នឹង​អាចមក​រារាំង​ប៉ះពាល់​ដល់​សំណង់​ច្រាំងទន្លេ​បាន គឺជា​ឧទាហរណ៍​ជាក់ស្តែង​ជំនន់​ទន្លេមេគង្គ​ឆ្នាំ​កន្លង​ទៅនោះ​។​

​លោក​បាន​បន្តថា​ដូច្នេះ​ត្រូវតែ​បង្ខំ​សម្រុក​សាងសង់​ស្ថាបនា​ឱ្យបាន​ហើយ​ការងារ​ទាំង​ស្រុក​សំណង់​ជើងទេរ​ផ្នែក​ខាងលើ​បំផុត​នេះ​សិន​នោះ​នឹង​លែង​បារម្ភ​បញ្ហា​ប្រឈម​របស់​ជំនន់​ទឹកទន្លេ​នេះ​គឺ​ទុក​ការងារ​ណា​នៅ​ខាងលើ​ច្រាំង​ដូចជា​ការងារ​សំណង់​រៀប​ខឿន​សម្រាប់​លម្អរ​ផ្នែក​ខាងលើ​ដែល​ពិនិត្យឃើញថា ទឹកនឹង​ឡើង​មិនអាច​ជន់​លិច​ធ្វើតាម​ក្រោយ​បន្តទៀត​។​

​គួរ​បញ្ជាក់ថា​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ស្រក​ចុះ​ពី​កម្ពស់​៤,៤៤​ម៉ែត្រ​មក​នៅ​កម្ពស់​៤,១៣​ម៉ែត្រ​ថ្ងៃ​ត្រឹម​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បន្ទាប់ពី​ឡើង​ចំនួន​ពីរ​ថ្ងៃនោះ​។​ប៉ុន្តែ​កម្ពស់​ទឹក​នេះ​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៨​នោះ​គឺមាន​កម្ពស់​១៣,១៧​ម៉ែត្រ​៕S/​