សំណង់​អគារ​បាក់ៈ ពេល​ស្តាប់ឮ​ហួសចិត្ត ចូល​ប៉ែត​!

724
ចែករម្លែក

កាលពី​ទៀបភ្លឺ ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​បាក់​រលំ​អគារ​មួយ ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់​៧​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ ៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ សំណង់​មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ និង​កំពុងដំណើរការ​សាងសង់បាន​ប្រមាណ ៧០ ទៅ ៨០ ភាគរយ​។​

​រហូតដល់​ម៉ោងជាង​ប្រាំ​រសៀលថ្ងៃទី​២២ ខែមិថុនា លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់ ដោយសារ​ការបាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ ដែល​ធ្វើ​ពី​ឆ្អឹង​ដែក​នេះ​មាន​ចំនួន​ប្រាំពីរ​នាក់​ហើយ​។​ចំណែក​អ្នករងរបួស​២២​នាក់​ទៀត ត្រូវ​ក្រុមគ្រូពេទ្យ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ដដែល​ក្រុម​សង្គ្រោះបាន​បន្ត​ជួយ​ទាញយក​ជនរងគ្រោះ ចេញពី​គំនរ​អគារ​បាក់បែក និង​កំពុង​បន្ត​រុករក​ជនរងគ្រោះ ដែលជា​កម្មករសំណង់ស្នាក់​នៅក្នុង​ការដ្ឋាន​នេះ​។​

​អាជ្ញាធរខេត្ត​ព្រះសីហនុ បានប្រកាសថា ការដ្ឋាន​សំណង់ ដែល​បាក់​រលំ​នេះ​មាន​ម្ចាស់ជា​ជន​ជាតិចិន និង​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​ចិន ឈ្មោះ Xi GANG TANG GONG GOU JI HAISAO មាន​ថៅកែ​សាងសង់ ជា​ជន​ជាតិចិន និង​អ្នកម៉ៅការ បូកជញ្ជាំង​អគារ ជា​ជន​ជាតិចិន​។

​ក្រោយ​ហេតុការណ៍​នេះ ជនជាតិ​ចិន​បួន​នាក់ ត្រូវបាន​នាំខ្លួន ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ ធ្វើ​កំណត់ហេតុ និង​បន្ត​ចាត់ការ​តាម នីតិវិធី​ច្បាប់​។​

​យ៉ាងណា​ក៏ដោយចុះ បើ​ពិនិត្យមើល​រូបថត ដែល​គេ​ផ្សព្វផ្សាយ គឺ​សំណង់​អគារ​កម្ពស់ ៧​ជាន់ ដែល​បាក់​រលំ​នេះ ប្រើ​ឆ្អឹង​ដែក រៀប​ឥដ្ឋ ខណ្ឌ​ជា​បន្ទប់ៗ ដោយសារ​ត្រូវធ្វើជា​សណ្ឋាគារ​។ ក្រៅពីនោះ នៅពេល​សាងសង់ ក៏មាន​ឡាន​ស្ទួ​ច ត្រូវបាន​គេ​យកទៅ​ដា​ក់នៅ​ជាន់​លើ​នោះ​ថែមទៀត​។​

​ប៉ុន្តែ​នៅពេល​អគារបាក់​រលំ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ ខែមិថុនា គឺ​រាប​ដល់​ដី​តែម្តង​។ អភិបាលខេត្ត​ព្រះសីហនុ លោកយន្ត មីន បាន​ប្រាប់​កាសែត​ថា សំណង់​អគារ​នេះ មិនមាន​ច្បាប់​ទេ ហើយ​អាជ្ញាធរ​សមត្ថកិច្ច​បាន​ចុះ​ហាមឃាត់​ការសាងសង់​ពីរដង​រួចមកហើយ​។

​តែ​មហាជន​ឆ្ងល់​ថា មិនដឹង​ជាហេតុ​អ្វី បានជា​សំណង់​អគារ​កម្ពស់ ៧​ជាន់ របស់​ក្រុមហ៊ុន​ចិន​នេះ នៅតែ​បន្ត​សាងសង់ រហូតដល់​បាក់​រលំ ហើយ​កម្មករ​ខ្មែរ​យើង ជា​អ្នករងគ្រោះ មាន​ស្លាប់ និង​របួស​ជាច្រើន​នាក់​ដូច្នេះ​?​។​

​សំណួរ​របស់​មហាជន​ជាច្រើន ក៏បាន​សួរថា តើន​រណា ទទួលខុសត្រូវ ពេលនេះ​? អាជ្ញាធរ​សមត្ថកិច្ច មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា ក្រសួង​រៀបចំ​ដែនដី មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​អន្តរ​វិស័យ អាជ្ញាធរ​ក្រុងព្រះសីហនុ និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​ជាមាន​សមត្ថកិច្ច គ្រប់គ្រង​ដែនដី​របស់ខ្លួន ហេតុអ្វី ក៏​បណ្តោយឲ្យ​ម្ចាស់​សំណង់ បន្ត​សាងសង់ បើ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​? ចុះ​ហេតុអ្វី បានជា​ស្ថាប័នទាំងនេះ គ្មាន​អំណាច ហាមឃាត់​ចំពោះ​សំណង់​ខុសច្បាប់ ទុកឲ្យ​កើត​គ្រោះថ្នាក់បែបនេះ​?

​មហាជន​ជាច្រើន​បាន​សម្តែង​ការហួសចិត្ត ពេលឮ​អភិបាលខេត្ត​ព្រះសីហនុ និយាយថា អគារ​សំណង់​កម្ពស់ ៧​ជាន់ ដែល​បាក់​រលំ​នេះ “​គ្មាន​ច្បាប់​” តែ​អាច​ដំណើរការ​សាងសង់​បានជា​ធម្មតា រហូត​កើតមាន​គ្រោះមហន្តរាយ រលំ​សង្កត់​កម្មករ ស្លាប់និង​របួស ដូច្នេះ​។​

​ឬមួយ​ក៏​អាជ្ញាធរ​សមត្ថកិច្ច លើកឡើង ដោយ​មិន​ទទួលខុសត្រូវ នៅពេល​កើត​បញ្ហា ព្រោះថា កន្លងមក មិន​ថាសំណង់​តូចធំ​ទេ គឺ​បើសិន​ជាមាន​លុយឲ្យ​អាជ្ញាធរ​សមត្ថកិច្ច រាប់​ចាប់ពី​ថ្នាក់ភូមិ ឃុំ​សង្កាត់ ស្រុក​ក្រុង​ខណ្ឌ គឺ​សំណង់​នោះ ស្របច្បាប់​ហើយ​។ តែបើ​មិន​ឲ្យ​លុយ ក្នុងការ​រត់ការ​ស៊ី​ញេឯកសារ​ទេ គឺ​សំណង់​ការដ្ឋាន​នោះជា​សំណង់​ខុសច្បាប់​។​

​ជាក់ស្តែង ការដ្ឋាន​សំណង់​របស់​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ភ្នំពេញ ដែលមាន​ទំហំ ៩,៥ ម៉ែត្រ គុណ​នឹង ៨,៥ ម៉ែត្រ ដែល​គ្រោង​សាងសង់​កម្ពស់​បី​ជាន់ គឺ​ម្ចាស់​ការដ្ឋាន បានរៀបចំ​សំណុំ​ឯកសារ ដែល​ឯកសារ​ស្នើសុំ​ការអនុញ្ញាត​សាងសង់​នោះ​ទទួល បាន​ពី​ច្រកចេញចូល​តែមួយ នៅ​សាលាខណ្ឌ និង​ពី​ចៅសង្កាត់​ដោយមាន​ទាំង​ការ ស្នើសុំ​ផ្តិតមេដៃ​ត្រឹមត្រូវ​ពី​អ្នកជិតខាង ជាប់​ព្រំ ហើយ​ស៊ី​ញេបោះត្រា​របស់​ចៅសង្កាត់ រួចរាល់​ហើយ​នោះ តែ​នៅពេល​ទៅសុំ​ស៊ី​ញេ នៅ​សាលាខណ្ឌ ត្រូវបាន​មន្ត្រី​ជំនាញ ណែនាំ​ថា ដោយសារតែ​ដី​តូច ហើយ​បើ​អនុញ្ញាត​តាមច្បាប់​សាងសង់ គឺ​ត្រូវ​កាត់​ដី ខាងមុខផ្ទះ​ទុក ៤ ម៉ែត្រ និង​ខាងក្រោយ​ផ្ទះ ២​ម៉ែត្រ ដូច្នេះ​មន្ត្រី​ជំនាញ​នៅ​សាលាខណ្ឌ រួមទាំង​អភិបាលខណ្ឌ​ផង បានអនុញ្ញាត ជា​ពាក្យសម្តី ឲ្យ​ម្ចាស់​ការដ្ឋាន ដំណើរការសាងសង់ ព្រោះ​ក្នុងនាម​ប្រជាពលរដ្ឋ គឺ​អាជ្ញាធរ អបអរសាទរ ឲ្យ​តែ​ប្រជាពលរដ្ឋមាន​ដី និង​មាន​លុយ​ធ្វើ​ផ្ទះ​នៅ​។​

​ក៏ប៉ុន្តែ​នៅពេល​ម្ចាស់​ការដ្ឋាន ដំណើរការ​សាងសង់ ក៏មាន​បណ្តឹង​ពី​អ្នកជិតខាង ថា​ការដ្ឋាន​នោះ​រំលោភ​លើ​ព្រំដី ហើយ​អាជ្ញាធរ​ភូមិបាន​ចុះ​ដោះស្រាយ​ដោយ​ការ សម្របសម្រួល ត្រូវរ៉ូវ​គ្នា​រួចហើយ និង​អនុញ្ញាត​ឲ្យ​ការដ្ឋានបន្តដំណើរ​ការ​តែ​មិន បានធ្វើ​កំណត់ហេតុផ្តិតមេដៃ​អ្វី​ទេ​។​

​រំលង​អស់​ពេល​ជាង​មួយខែ នៅពេល​ការដ្ឋាន​នោះ សាងសង់​ដល់​ចាក់​បេតុង​ឡៅតឿ បែរជា​អាជ្ញាធរ​សង្កាត់ ចុះ​ឃាត់ ដោយ​សំអាងថា មាន​បណ្តឹង​ពី​អ្នកជិតខាង​ពីបទរំលោភ​ព្រំដី​។ ចូល​ដោះស្រាយ​នៅ​សាលាសង្កាត់ ពុំ​ត្រូវរ៉ូវ​គ្នា ក៏​ភាគី​ដើមបណ្តឹង​បានប្តឹង​បន្តទៅ​សាលាខណ្ឌ ហើយ​មន្ត្រី​ជំនាញ​ខណ្ឌ បាន​ចុះ​ពិនិត្យ និង​ផ្អាក​ការដ្ឋាន រង់ចាំ​ការវាស់វែង ដោយសារតែ​ដី​ការដ្ឋាន និង​ដី​ផ្ទះ​របស់​អ្នកប្តឹង​ដែល​នៅជាប់​ព្រំដីគ្នា​នោះ សុទ្ធ​តែមាន​ប្លង់រឹង​។​

​នៅពេល​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​អន្តរ​វិស័យ​របស់​សាលាខណ្ឌ និង​មន្ត្រី​ជំនាញ សូ​រិ​យោ​ដី​ខណ្ឌ បាន​ចុះ​វាស់វែង ដោយ​ប្រើ​ឧបករណ៍ DGPS ចុច​ស្ទង់​រកឃើញ​ព្រំដី គឺ​នៅ​ជញ្ជាំង​ផ្ទះ​របស់​ភាគី​អ្នកប្តឹង​លើ​ម្ចាស់​ការដ្ឋាន​ហើយ​នោះ​បែរជា​ភាគី​អ្នកប្តឹងមិន​ទទួលស្គាល់ និង​មិន​សុខចិត្ត ហើយ​អះអាងថា នឹង​ប្តឹង​បន្ត​ទៅកាន់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់រាជធានី​ភ្នំពេញ​។

​ភ្លាមៗ ដោយ​ឃើញ​លទ្ធផល​បែបនេះ ម្ចាស់​ការដ្ឋាន​តាមរយៈ​អ្នកសម្របសម្រួល​ម្នាក់ បាន​ទូរស័ព្ទ ជម្រាប​អភិបាលខណ្ឌ​ពី​លទ្ធផល​នៃ​ការវាស់វែង​តាម​ឧបករណ៍​ទំនើប DGPS ហើយ​អភិបាលខណ្ឌ​ក៏បាន​សម្រេច​ផ្ទាល់មាត់​ឲ្យ​ម្ចាស់​ការដ្ឋាន​ដំណើរការ សាងសង់​ឡើងវិញ​។​

​ក៏ប៉ុន្តែ​នៅពេល​ការដ្ឋាន​ដំណើរការ បែរជា​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​អន្តរ​វិស័យ របស់​សាលាខណ្ឌ បានមក​ហាមឃាត់ និង​ធ្វើលិខិត​ហាមឃាត់ មិន​ឲ្យ​ម្ចាស់​ការដ្ឋានសាងសង់​បន្ត ដោយ​សំអាងថា មាន​បណ្តឹង​រំលោភ​ព្រំដី និង​សរសេរថា​ការដ្ឋានសំណង់​នោះជា​សំណង់​ខុសច្បាប់​។​

​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក នៅពេល​ម្ចាស់​ការដ្ឋាន តាម​សាកសួរ រក​បណ្តឹង​នោះ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ បែរជា​មិនឃើញ​។ ដល់ពេល​សួរ​ទៅ​មន្ត្រីនៅ​ការិយាល័យ​អន្តរ​វិស័យ របស់​សាលាខណ្ឌ ទើប​មន្ត្រី​ជំនាញ ប្រាប់ថា បណ្តឹង​នោះនៅ​សាលាខណ្ឌ​នៅឡើយ ហើយ​មន្ត្រី​ជំនាញ​នឹង​ចុះ​វាស់វែង​ដី ផ្ទះ​របស់​ភាគី​ដើមបណ្តឹង ដែល​មិន​សុខចិត្ត​នោះ​សិន​។​

​ដំណើរការ​ដោះស្រាយ​បណ្តឹង ចេះតែ​អូសបន្លាយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូតដល់ សប្តាហ៍​ទី​៣​ហើយ នៅតែ​មិនទាន់មាន​ដំណោះស្រាយ ខណៈដែល​ការដ្ឋាន​ត្រូវបានផ្អាក​ដោយ​គ្មាន​កំណត់ ដើម្បី​រង់ចាំ​ការដោះស្រាយ​។​

​យ៉ាងណាក៏ដោយ ក្នុងករណី​សំណង់​មានច្បាប់ ឬ​ខុសច្បាប់​នេះ គឺ​បើសិនជា​ម្ចាស់ សំណង់ រក​មន្ត្រី​ភូមិ ឬ​មន្ត្រីសង្កាត់​ឃុំ ស្រុក​ក្រុង​ខណ្ឌ ជា​អ្នក​រត់ការ​ដោយ​ផ្ទះល្វែង មួយ​ប្លង់ គេ​ទារ​ថ្លៃ នៅ​ភូមិ​ចន្លោះ​ពី ៤៥០ ដុល្លារ ទៅ ៦០០ ដុល្លារ ហើយ​នៅ​សង្កាត់​ឃុំ និង​នៅ​ក្រុង​ស្រុក​ខណ្ឌ ហាងឆេង គឺ​ពី ៦៥០ ដុល្លារ ទៅ ៧០០ ដុល្លារ ក្នុងផ្ទះ មួយ​ល្វែង នោះ​ការដ្ឋាន​សំណង់ ដែល​ស៊ី​ញេត្រឹម​អភិបាលក្រុង ខណ្ឌ ស្រុក នឹង​ក្លាយជា​សំណង់មានច្បាប់​ត្រឹមត្រូវ ហើយ​ការសាងសង់​ក៏​មិន​តម្រូវ​ឲ្យ​កាត់​ដី​ចោល​មុខផ្ទះ ឬក៏​នៅក្រោយ​ផ្ទះ និង​នៅ​ចំហៀង​ផ្ទះ​ឡើយ​។

​ផ្ទុយទៅវិញ បើសិនជា​ម្ចាស់​សំណង់ មិន​ឲ្យ​មន្ត្រី​ភូមិ ឃុំ​សង្កាត់ ស្រុក​ក្រុង​ខណ្ឌ រត់ការ​ទេ គឺ​សំណង់​ការដ្ឋាន​នោះ ជា​សំណង់​ខុសច្បាប់​ហើយ​។ នេះ​ជា​រឿង​ពិត​មួយ ដែល​កំពុង​កើតមាននៅក្នុង​រាជធានី​ភ្នំពេញ​។​

​មួយវិញទៀត នៅពេល​ស៊ី​ញេលើ​លិខិត​ស្នើសុំ​សាងសង់​នោះ គឺ​អាជ្ញាធរ​សមត្ថកិច្ច នៅ​ថ្នាក់​សង្កាត់​ឃុំ និង​នៅ​ថ្នាក់ស្រុក​ក្រុង​ខណ្ឌ ក៏​មិនបាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​ដី ដែល​ត្រូវ​សាងសង់ ឬក៏​ចុះ​ពិនិត្យ​គុណភាព និង​ដំណើរការ​ការដ្ឋាន​សំណង់​អ្វី​ទេ​។ ដល់ពេល​មាន​បញ្ហា​កើតឡើង បែរជា​មន្ត្រី និង​អាជ្ញាធរ ចាត់ទុកថា ការដ្ឋាន​នោះ ជា​សំណង់​ខុសច្បាប់​ទៅវិញ​។​

​សរុបមក ករណី​សំណង់​អគារ​បាក់​រលំ នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ករណី​សំណង់ ការដ្ឋាន​ផ្ទះល្វែង គឺ​អាជ្ញាធរ​សមត្ថកិច្ច មន្ត្រី​ជំនាញ គួរតែ​ក្លាហាន​ហ៊ាន​ទទួលខុស ត្រូវ​ចំពោះ​សមត្ថកិច្ច​របស់ខ្លួន​។ ក្នុងនោះ វិធានការ​ច្បាប់ ក៏​គួរតែ​អនុវត្ត​ន៍តឹងរ៉ឹង​លើ​ម្ចាស់ការដ្ឋាន ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ដែល​បង្ក​គ្រោះថ្នាក់ បាក់​រលំ​អគារ​។​

​ជាមួយគ្នានេះ ទោះបីជា​វិធានការ​ជួយសង្គ្រោះ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច​អនុវត្តន៍ យ៉ាង​សស្រោកសស្រាំ ក្នុងការ​រុករក កាយ​គំនរ​បាក់បែក ស្វែងរក​ជនរងគ្រោះ​ដោយ ប្រើប្រាស់​កម្លាំង​សរុប​ហើយក៏​ដោយ ក៏​សំណង​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់ រួមទាំង​ជនរងគ្រោះ ដែល​រងរបួស​ហើយ​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ ក៏​គួរតែ​អាជ្ញាធរ​សមត្ថកិច្ច តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ផ្តល់ជូន​សមរម្យ ផងដែរ​។​

​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​មន្ត្រី​ជំនាញ ក៏​គួរតែ​បង្កើន​ការទទួលខុសត្រូវ​ដោយ​តម្រូវ ឲ្យ​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​ការដ្ឋាន មាន​ទំនួល​ខុសត្រូវ​ខ្ពស់ជាង​មុន​ដោយ​គិតពី​គុណភាព សំណង់ និង​សុវត្ថិ​ភាពជា​ចម្បង ជៀសវាង​សោកនាដកម្ម បាក់​រលំ​អាគារ​ដែល​កំពុងសាងសង់​នេះ កើតឡើង​នៅ​កន្លែង​ផ្សេងទៀត​៕ ដោយៈ ម៉េង​ឆៃ/Ha