សំណង​មិនមែន​ជីវិត​: សូម​បង្កើន​ការ​រឹតបន្តឹង​អ្នកបើកបរ​រថយន្ដ​កុងតឺន័រ​

671
ចែករម្លែក
  • 3
    Shares

​កាលពី​ម៉ោង​ជិត ៣ រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ រន្ធត់​មួយ បានកើត​ឡើង ដែល​បង្កឡើង​ដោយ​រថយន្ដ​កុងតឺន័រ​ដឹក​ថ្ម​មួយគ្រឿង បើក​ចុះ​ចំណោត ហើយ​អះអាងថា ដាច់​ហ្វ្រាំង បណ្តាល​ឲ្យ​បុក​រះ​រថយន្ដ​ប្រមាណ ២០​គ្រឿង​ផ្សេងទៀត​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ចុះ​ចំណោត ជិត​ជ្រោះ​ពេជ្រនិល ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ប្រាំ​បីនាក់​ផ្សេងទៀត​របួស​។

​អ្នកឃើញ​ហេតុការណ៍​បាន​បញ្ជាក់ថា ដំបូង​ឡើយ​រថយន្ដ​កុងតឺន័រ​ដែល​ដឹក​ថ្ម​មួយគ្រឿង កំពុង​ចុះ​ចំណោត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ម្ដុំ​យាយ​ម៉ៅ ហើយ​ដាច់​ហ្វ្រាំង ក៏បាន​បុក​រះ​រថយន្ដ​ជាង ២០​គ្រឿង​ផ្សេងទៀត មាន​ទាំង​រថយន្ដ​ធំ និង​រថយន្ដ​តូច បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្លះ​គៀប​ជាប់ នៅក្នុង​រថយន្ដ ហើយ​រថយន្ដ​ខ្លះ​ធ្លាក់​ផ្លូវ ទៀតផង​។​

​ជាការ​ពិតណាស់​គ្រោះថ្នាក់​បង្កដោយ​រថយន្ត​កុងតឺន័រ ពិសេស​នៅ​ផ្លូវជាតិ​លេខ​៤ គឺ​កើតឡើង​ស្ទើរ​មិន​លោះ​ថ្ងៃ​ឡើយ​។ ប្រជាពលរដ្ឋ អ្នកបើកបរ​យើង​ម្នាក់ៗ​នរណា មិន​ល្បី ពី​រថយន្ត​ធុង​ធំ ពិសេស​ក្រុម​កុងតឺន័រ​។ អ្នកបើកបរ​រថយន្ត​ធុង​ធំ និង​រថយន្ត កុងតឺន័រ​មួយចំនួន មិន​ខ្វល់​នឹង​គ្រោះថ្នាក់ និង​អាយុជីវិត​អ្នកដទៃ​ឡើយ​។

បើសិន​ជាមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដូច្នេះ អ្នកបើកបរ រត់​បាត់ ហើយ​គ្រោះថ្នាក់ មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​កុងតឺន័រ​នោះ ស្លាប់ ឬ​របួស​ឯណា ដោយសារ​រថយន្ត​កុងតឺន័រ ធំ​ខ្ពស់​។ ម្យ៉ាងទៀត​ក្រោយ​កើតហេតុ​ច្រើនតែ​ម្ចាស់​ក្រុមហ៊ុន​ឬ​ក្រុមហ៊ុន​ធានារ៉ាប់រង ចេញមុខ ចេញ​សំណង​ដល់​ជនរងគ្រោះ​តែប៉ុណ្ណោះ​។ តើ​មនុស្ស​ស្លាប់​ទៅហើយ​អាច​រស់ ឡើងវិញ​ទេ​? តើ​មនុស្ស​ដាច់​ដៃ​ដាច់​ជើង​ពិការ​មួយជីវិត​អាច​ទទួល​ភាព​ធម្មតា​ឡើងវិញ បានទេ​?

​បើសិនជា ហេតុផល​ដាច់​ហ្វ្រាំង ជាការ​ពិតមែន គឺ​ក៏​ជា​កំហុស​ធ្ងន់ធ្ងរ​របស់​អ្នកបើកបរ និង​មន្ត្រី​ជំនាញ ដែល​មិនបាន​ត្រួតពិនិត្យ​រថយន្ត​នោះ ឲ្យ​បាន​ត្រឹមត្រូវ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បើក​កន្លែង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ហៅថា ឆៀក ជាច្រើន​កន្លែង​។ ដូច្នេះ​បើសិនជា មន្ត្រី​ជំនាញ​ខាង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត មិនបាន​យកចិត្តទុកដាក់ ហើយ​គ្រាន់តែ​រាប់​ក្បាល​ឡាន​យកលុយ នោះ​ជា​គ្រោះថ្នាក់ ដែល​កើតចេញពី​ការធ្វេសប្រហែស​។ រីឯ​អ្នកបើកបរ​ទៀតសោត​ក៏ត្រូវ​តែ​ត្រួតពិនិត្យ យានយន្ត​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ឡើងកាន់​ចង្កូត បើកបរ​ទើប​មិន​បង្ក​គ្រោះ ថ្នាក់​ដល់​ខ្លួនឯង និង​ជាពិសេស​គ្រោះថ្នាក់​ដល់​អ្នកដទៃ ដែល​គ្នា​មិន​ដឹងអី​សោះ​។​

​អ្នកបើកបរ​រថយន្ត ពិសេស​រថយន្ត​កុងតឺន័រ និង​រថយន្ត​ធំៗ​ដឹក​ដី ដឹកទំនិញ​មួយចំនួន ក៏​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍​គួរតែ​ត្រួត ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។ ពោលគឺ​ច្បាប់​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​យាន្ត​យន្ត លើកលែង តែ​ម៉ូតូ​កម្លាំង​ក្រោម ១២៥ សេ​សេ ត្រូវមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​។ ប៉ុន្តែ​កន្លងមក មន្ត្រី​ជំនាញ បាន​ត្រួតពិនិត្យ រកឃើញថា អ្នកបើកបរ​រថយន្ត​ធុន​ធំ​ពិសេស​រថយន្ត កុងតឺន័រ​មួយចំនួន មិនមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ មិនបាន​ចូល​សាលារៀន​បើកបរ ហើយ​មាន​ខ្លះទៀត ថែមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ថែម​ទៀតផង​។​

​ដូច្នេះ តាមរយៈ​សោកនាដកម្ម​ដ៏​រន្ធត់​ចុងក្រោយ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ជ្រោះ ពេជ្រនិល​នេះ កម្លាំង​ជំនាញ ពិសេស​ក្រសួង​សាធារណការ រួមទាំង​ប៉ូលិស​ចរាចរណ៍ គួរតែ​ត្រួតពិនិត្យ នៅ​ដើមទី ពោលគឺ​នៅមុន​ការចេញដំណើរ ហើយ​នៅពេល​ចេញដំណើរ តាមផ្លូវ​ជាតិ​លេខ​៤ និង​តាមផ្លូវ​នានា​ទូទាំងប្រទេស ដើម្បី​ជៀសវាង​សោកនាដកម្ម លើផ្លូវ​ថ្នល់​ដែល បង្កដោយ​រថយន្ត​ធុន​ធំ កើត​ឡើងជា​ដដែល​ទៀត​។
​ការត្រួតពិនិត្យ​ទៀតសោត ក៏​គួរតែ​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ មិនមែន​ដាក់​ប៉ុស្តិ៍ ដើម្បី​តែ​បាន​លុយ ហើយ​ចង់​អ្នកបើកបរ​នោះ មាន​ប័ណ្ណបើកបរ ឬ​ដឹក​លើស​ចំណុះ យ៉ាងណា ក៏​នៅតែ​ឲ្យ​បើកបរ​ឆ្លងកាត់​នោះទេ​។

​សូម​មន្ត្រី​ជំនាញ គិតពី​សោកនាដកម្ម និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ អ្នកដំណើរ ដទៃទៀត ដែល​គ្នា​មិន​ដឹងអី​សោះ ធ្វើដំណើរ​សុខៗ ស្រាប់តែ​ទៅ​រងគ្រោះថ្នាក់ ត្រូវ​ខូចខាត​ឡាន​ម៉ូតូ រហូតដល់​របួស និង​ស្លាប់ ព្រោះតែ​ជនល្មើស​ដែល​បើកបរ មិន​ទទួលខុសត្រូវ​ដូច្នេះ​។​

​សរុបមក​សំណង​មិនមែនជា​ជីវិត​ដែល​ជនរងគ្រោះ​ឬ​ក្រុមគ្រួសារ​ជនរងគ្រោះ​ត្រូវការ​បំផុត​នោះទេ​!​។​ការទទួល​សំណង​ព្រោះតែ​ជា​ជម្រើស​មិនអាច​ផ្លាស់ប្តូរ​បាន​៕ ដោយ​: ម៉េង​ឆៃ​