សំណុំរឿង​កឹម​សុខា​ក្បត់ជាតិ ៖ ប្រធាន​អង្គការ​មួយ​ជា​សាក្សី​មិន​ចូល​បំភ្លឺ​តាម​ការកំណត់

1197
ចែករម្លែក

​ដោយ : ស​រិ​ទ្ធ / ​​ភ្នំពេញ ៖ ​លោក ​សៀ ភិរម្យ ​ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ មិនបាន​ចូល​បំភ្លឺ ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុងនាម​ជា​សាក្សីជុំវិញ​សំណុំរឿង ​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្បត់ជាតិ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​តាម​ការកំណត់​នោះទេ​។​ ករណីនេះ​តុលាការ​នឹង​បន្ត​នីតិវិធី​នៅពេល​ក្រោយ​ ។​

​លោក​ គី ឫទ្ធី អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ​លោកប៉ា ងួនទៀង ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៤​ខែមិថុនា​លោក ​គ្រី សុង អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិ​ទិ្ឋ​មនុស្ស​កម្ពុជា​ឲ្យ​ចូល​បំភ្លឺ​នៅ​ពីថ្ងៃ​ទី​៥ ខែមិថុនា លោកស្រី ​ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឲ្យ​ចូល​បំភ្លឺ​នៅ ព្រឹក ថ្ងៃទី​៧ ខែមិថុនា​លោក មាស គឹម​សេង ប្រធាន​អង្គការ​ក្រ​សមាគម​ធាងត្នោត ឲ្យ​ចូល​បំភ្លឺ​នៅ​រសៀល ថ្ងៃទី​៧ ខែមិថុនា ​និង ​លោក ​សៀ ភិរម្យ ​ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ។​

​ក្នុងចំណោម​មនុស្ស​៥​នាក់​នេះ​គឺមាន​លោក ប៉ា ងួនទៀង ​និង​លោក ​សៀ ភិរម្យ​ មិនបាន​ចូល​បំភ្លឺ​តាម​ការកំណត់​ទេ​។​ ចំណែក​៣​នាក់​បាន​ចូល​បំភ្លឺ​តាម​ការកំណត់ ​។​ ​ក្នុង​សំណុំ​រឿងនេះ​នៅមាន​សាក្សី​៣​នាក់​ទៀត ដែល​តុលាការ​កោះអញ្ជើញ​អោយចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ទៀត​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទសន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ​២០១៨ បានចេញ​ដីកា​បន្ត​ឃុំខ្លួន លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ក្រោយពេល​បញ្ចប់​ការសួរនាំ​ពេញ​មួយថ្ងៃ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​៕​B