សំណុំរឿង​កឹម​សុខា​ក្បត់ជាតិ​: សាក្សី​ពីររូប​ទៀត​ចូល​បំភ្លឺ នៅ​តុលាការ

1049
ចែករម្លែក
  • 68
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រធាន​អង្គការ​សមាគម​ធាងត្នោត បាន​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​សាក្សី ជុំវិញ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្បត់ជាតិ​។​

​លោក គី ឫទ្ធី អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ​លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឱ្យចូល​បំភ្លឺ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែមិថុនា​។ ចំណែក​លោក មាស គឹម​សេង ប្រធាន​អង្គការ​ក្រ​សមាគម​ធាងត្នោត ត្រូវ​ចូល​បំភ្លឺ​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​៧ ខែមិថុនា​នេះ​ផងដែរ​។​

​ក្រោយពី​បាន​ចូល​បំភ្លឺ​រួចហើយ លោកស្រី ចក់ សុភាព បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​យ៉ាងខ្លី​ថា តុលាការ​សាកសួរ​ពី​ប្រវត្តិ​ការងារ​របស់លោក កឹម សុខា កាល​កាន់តំណែង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ទំនាក់ទំនង​របស់លោក កឹម សុខា នៅ​ស្ថា​ត​ទូត​អាមេរិក​ប្រចាំ​កម្ពុជា នាពេល​កន្លងមក​។​

​លោកស្រី ចក់ សុភាព ជា​សាក្សី​ទី​២ និង​លោក​មាស គឹម​សេង ជា​សាក្សី​ទី​៣ ដែល​បាន​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿងនេះ បន្ទាប់ពី​លោក គ្រី សុង អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជា​សាក្សី​ទី​១ ដែល​បាន​ចូល​បំភ្លឺ​រួចហើយ កាលពី​ថ្ងៃទី​៥ ខែមិថុនា​។ ពោលគឺ​ក្នុង​សំណុំ​រឿងនេះ នៅមាន​សាក្សី​៥​នាក់​ទៀត ដែល​តុលាការ​កោះអញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ដែរ​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ​២០១៨ បានចេញ​ដីកា​បន្ត​ឃុំខ្លួន លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ក្រោយពេល​បញ្ចប់​ការសួរនាំ​ពេញ​មួយថ្ងៃ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​៕ ល​