សំណុំរឿង​ក្មេងស្ទាវ​មួយក្រុម​ចាក់​សម្លាប់​បុរស​ម្នាក់​ពេល​រាំ​ធុងបាស់​ក្នុង​ថ្ងៃ​ជំនូន​កូនស្រី ត្រូវ​តុលា​ការលើក​ពេល​ជម្រះ​

871
ចែករម្លែក

​ដោយ​ : ចាន់ថន​ / ​ព្រៃវែង​ ៖ ករណី​ឃាតកម្ម​ចាក់​សម្លាប់​បុរស​ម្នាក់​ក្នុង​ថ្ងៃ​ជំនូន​កូនស្រី​នៅ​ស្រុក​ពារាំង​កាល​ឆ្នាំ​២០១៥ ពេលនេះ​ត្រូវបាន​តុលាការ​លើក​ពេល​ជម្រះ ដោយ​មូល​ហេតុថា​មកពី​អត់​មាន​មេធាវី​ការពារ​ក្ដី​ទាំង សងខាង​។

​យោងតាម​ដីកា​កោះហៅ​ក្រុមគ្រួសារ​ជនរងគ្រោះ ​ឲ្យ​ចូលខ្លួន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែមិថុនា ​ឆ្នាំ​២០១៨ ចេញ​ដោយ​លោក ឈឺ​ន សុ​ផុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​ហៅ អ្នកស្រី អឿន សិត អាយុ​៤៥​ឆ្នាំមាន​ទីលំនៅ ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង និង​ជា​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ជា ភា អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​ជាមួយ ដែល​ត្រូវ​ក្រុមក្មេងស្ទាវ​ចាក់​សម្លាប់​នៅ​យប់​ទី​១៨​ខែមីនា​ឆ្នាំ​២០១៥ នៅផ្ទះ​របស់ខ្លួន​ក្នុង​កម្មវិធី​រាំ​ធុងបាស់​ជំនូន​កូនស្រី​។​

​ជាមួយគ្នា​នោះ​អ្នកស្រី អឿន សិត បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែមិថុនា នេះ​ថា សំណុំរឿង​ព្រហ្មទណ្ឌ លេខ​១៣២​ចុះ​ថ្ងៃទី​២០ ​ខែមេសា ​ឆ្នាំ​២០១៥ ​របស់​សាលាដំបូង​ខេត្តព្រៃវែង ដែលមាន​ប្ដី​លោកស្រី​ជា​ជនរងគ្រោះ និង​មាន​ជនជាប់ចោទ​ច្រើន​នាក់ ប៉ុន្តែ​តុលាការ​ចាប់បាន​ម្នាក់​ឈ្មោះ ផ្លេក ភ្លាវ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ គ្នា​ពេលនេះ​កំពុង​ជាប់ឃុំ នោះ​តុលាការ​បាន​ហៅ​អ្នកស្រី​និង​សាក្សី​ចំនួន​២​នាក់​ទៀត​ឲ្យ​ចូលខ្លួន​សវនាការ ប៉ុន្តែ​ត្រូវ​លើក​ពេល​។​

​អ្នកស្រី​បញ្ជាក់ថា កាល​ថ្ងៃកើតហេតុ​ខាងលើ ប្ដី​របស់​អ្នកស្រី ត្រូវ​ជនជាប់ចោទ​ឈ្មោះ ផ្លេក ភ្លាវ និង​បក្ខពួក​ប្រមាណ​ជា​៥​ទៅ​៦​នាក់ បាន​ព្រួត​គ្នា​ចាក់​សម្លាប់​គាត់​យ៉ាង​វេទនា ព្រោះ​ចូលទៅ​ឃាត់​គេ​ឈ្លោះ​គ្នា ហើយ​អ្នកស្រី​ប្ដឹង​ទា​សំណង​៥,០០០​ដុល្លារ​។​ហើយ​ក្រោយពេល​កើតហេតុ សុំ​ណុំ​រឿងនេះ​ត្រូវ​ជាប់គាំង​ជិត​២​ឆ្នាំ តុលាការខេត្ត​ព្រៃវែង មិន​ចាត់ការ រហូត​ក្រុមគ្រួសារ​អ្នកស្រី​ដែលមាន​គ្នា​៣​នាក់​ជា​បងប្អូន​និង​កូន​បានមក​យំសោក​សង្រេង​ក្នុង​តុលាការខេត្ត​ព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​១៩​តុលា ឆ្នាំ​២០១៦ ដើម្បី​ទាមទា​ឲ្យ​តុលាការ​ខេត្តព្រៃវែង ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្លួន​។​ខណៈ​ពេលនោះ​ក្រុម​ជនដៃដល់​ចេញចូល​ផ្ទះ​ជាធម្មតា ហើយ​សមត្ថកិច្ច​បាន​ប្រាប់​គាត់​ថា ក្រុម​ជនដៃដល់​ទាំងនោះ មិនទាន់មាន​ដីការ​ចាប់ខ្លួន​ទេ ។​

​លុះដល់​ឆ្នាំ​២០១៦​ទើប​ចាប់ខ្លួន​ជនដៃដល់​បាន​ម្នាក់​ឈ្មោះ ផ្លេក ភ្លាវ ដីកា​ចេញ​ដោយ លោក តាក់ គីម​សៀ ចៅក្រម​ស៊ើបសួរ​និង​បញ្ជូន​រឿង​មក​ជម្រះ​។ ទោះបីជា​យ៉ាងណា មន្ត្រី​តុលាការ​បាន​ថ្លែង នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​ថា សំណុំ​នេះ​ត្រូវ​លើក​ពេល​ជម្រះ ព្រោះ​ភាគី​ទាំងសងខាង​អត់​មាន​មេធាវី​ការពារ​ក្ដី ជាពិសេស​ខាង​ជនជាប់ចោទ​៕​B