សំណុំរឿង​នៅ​តុលាការ ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ មិនមែន​ស្រែក​តាមផ្លូវ​ទេ​!

721
ចែករម្លែក

កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចំនួន ៣​រូប បានដាក់​លិខិត​ជូន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង ពី​ការប្រមូលផ្ដុំ សម្ដែង​មតិ ដោយមាន​អ្នកចូលរួម​យ៉ាងតិច ៧២ នាក់​។ ការជួបជុំ​មុខ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ គ្រោង​ធ្វើឡើង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​។

​ឆ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានប្រកាសថា គម្រោង​ប្រមូលផ្តុំ​នេះ គឺ​ដើម្បី​ទាម ទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​លើកលែងទោស​លោក សម រង្ស៊ី​។ សមាគម​គ្រូបង្រៀន ក៏​បារម្ភ​ជុំវិញ​ការបាត់បង់ EBA ក្នុងពេល​ខាងមុខ ហើយ​ថា បើសិន ជាមាន​ការដោះលែង​លោក កឹម សុខា និង​លើកលែងទោស​ដល់​លោក​សម រង្ស៊ី នោះ​សហភាព​អឺរ៉ុប មិន​ផ្តាច់ EBA ពី​កម្ពុជា​ទេ​។​
​ ​
​យ៉ាងណាក៏ដោយ ក្នុង​លិខិត ចុះ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ប្រាប់​សមាគម​គ្រូ​ប​បង្រៀន​ថា អាជ្ញាធរ​រាជធានី មិន​អនុញ្ញាត អោយ​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ជួបជុំ ធ្វើការ​តវ៉ា ទាមទារ​ដោះលែង លោក កឹម សុខា នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ខាងមុខ​នេះឡើយ​។ មូលហេតុ ដោយសារតែ​សកម្មភាព​នេះ ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន តុលាការ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​ព្រមាន​ថា ក្នុងករណី មានការ​រឹងទទឹង បន្ត​ជួបជុំ​បំពាន​លើ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​អ្នកដឹកនាំ​ការជួបជុំ​នេះ​ត្រូវ​ទទួលខុសត្រូវ​ទាំង ស្រុង ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​
​ ​
​ជាការ​ពិត ការជួបជុំ​សម្តែង​មតិ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដូចដែល​មានចែង​ក្នុង​រដ្ឋ ធ​មនុញ្ញ​។ ក៏ប៉ុន្តែ​គម្រោង​ជួបជុំ​សមាគម​គ្រូបង្រៀន​របស់លោក រ៉ុង ឈុន នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ច្បាស់​ណាស់​ថា ជា​គម្រោង​ជួបជុំ ដែលមាន​ចរិត​នយោបាយ សុទ្ធសាធ​។ ហេតុអ្វី​? ព្រោះថា បើសិនជា​ក្រុម​គ្រូបង្រៀន​របស់លោក រ៉ុង ឈុន ច្បាស់​ជាមាន​បំណង ជួយ​ដល់​លោក កឹម សុខា និង​លោក​សម រង្ស៊ី ពិតមែន គឺ​ត្រូវតែ រក​មេធាវី​ខ្លាំងពូកែ ដើម្បី​តតាំង​ក្តី នៅ​តុលាការ ព្រោះ​តុលាការ​ជា​អ្នកចោទ ប្រកាន់ និង​កាត់ទោស​លើ​មេដឹកនាំ​នយោបាយ​ទាំងពីរ ដែល​មិនអាច​គ្រាន់តែ​ជួបជុំ លើក​បដា ស្រែក​ទាមទារ​ឲ្យ​ដោះលែង​បាន​នោះទេ​។​
​ ​
​គួររម្លឹកថា សំណុំរឿង​របស់លោក កឹម សុខា ជា​សំណុំរឿង​ក្នុង​ទោស​ក្បត់ជាតិ​តាម រយៈ​ការ​សារភាពថា លោក​បាន​ឃុបឃិត​នឹង​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល កម្ពុជា​ស្របច្បាប់​។ រីឯ​លោក សម រង្ស៊ី វិញ ក៏​រុំ​រឹត​ទៅដោយ​បណ្តឹង​រាប់​ភ្លេច នៅ​តុលា ការ ដោយសារតែ​មាត់ និយាយ​គ្មាន​ការពិត ក៏​កើត​ទុក្ខទោស ហើយ​រត់ចោលស្រុក ទៅសម្ងំ​រស់នៅ​សុខសាន្ត នៅ​ប្រទេស​បារាំង​។ លោក សម រង្ស៊ី មាន​ងារ​ថា អ្នក នយោបាយ ជើង​មិន​ជាប់​ដី​។​
​ ​
​ម្យ៉ាងវិញទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ បានរៀបចំ​ទីលាន​ប្រជាធិបតេយ្យ​ស្ថិតនៅ​សួន ច្បារ​មាត់ទន្លេ មុខ​ឃ្លាំង​សាំង នៅ​ឫស្សីកែវ ដើម្បី​ឲ្យ​មានការ​ជួបជុំ​តវ៉ា​សម្តែង​មតិ​តាម ចិត្ត​។ ដូច្នេះ​ក្រុម​គ្រូបង្រៀន​របស់លោក រ៉ុង ឈុន បើ​ពិតជា​មានបំណង​ជួបជុំ​លើក​បដា តវ៉ា​មែន​នោះ ក៏​គួរតែមាន​គម្រោង​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ កុំ​ឲ្យ​ប៉ះពាល់ សណ្តាប់ធ្នាប់ ពិសេស​បង្ក​ការកកស្ទះ​ចរាចរណ៍ នៅមុខ​តុលាការ​។​
​ ​
​ប៉ុន្តែ​យ៉ាងណាក៏ដោយ គម្រោង​ជួបជុំ​របស់​ក្រុម​គ្រូបង្រៀន លោក​រ៉ុង ឈុន កំណត់​យក ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ គឺជា​គម្រោង ដែលមាន​របៀបវារៈ ពិតប្រាកដ​។ ទោះបីជា ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​រួចហើយ មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ក៏ ពិតមែន តែ​ក្រុម​គ្រូបង្រៀន​របស់លោក រ៉ុង ឈុន ច្បាស់​ណាស់​ថា មិន​ស្តាប់​តាម​ការ ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ឡើយ​។ នៅ​ថ្ងៃទី​១៥ សីហា ខាងមុខ ពួកគេ​ចង់​ឲ្យ​មាន រារាំង បង្ក្រាប​ការជួបជុំ និង​ចាប់ខ្លួន​ក្រុម​អ្នកចូលរួម​ពិធី​ជួប​ជុំនោះ ដើម្បី​បង្ហាញថា រាជរដ្ឋាភិបាល រឹតត្បិត​សិទ្ធិសេរីភាព មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​តវ៉ា​អ្វី​បាន​សោះ ឡើយ​។​
​ ​
​ក៏ប៉ុន្តែ​ក្នុងនាម​អាជ្ញាធរ​សមត្ថកិច្ច មាន​ភារកិច្ច​ក្នុងការ​ថែរក្សា​របៀបរៀបរយ​សង្គម ថែរក្សា​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។ ដូច្នេះ​បើសិនជា​ក្រុម​មតិ​ភាគតិច ពោលគឺ​ក្រុម​គ្រូបង្រៀន​តែ​ប៉ុន្មាន​នាក់ បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​សង្គម​បាត់បង់ របៀបរៀបរយ និង​បង្ក​ការកកស្ទះ​ចរាចរណ៍ នៅ​ថ្ងៃទី​១៥ សីហា ខាងមុខ នៅមុខ​តុលាការ​មែន​នោះ គឺ​ច្បាស់​ណាស់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ត្រូវ​តែ អនុវត្ត​ច្បាប់ ដើម្បី​បម្រើ​ប្រយោជន៍​របស់​មនុស្ស​ភាគច្រើន ដោយ​ខានមិនបាន​៕ ដោយ​៖ ម៉េង​ឆៃ​