សំណុំរឿង​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​បិទ​ការ​ស៊ើបសួរ

591
ចែករម្លែក
សំណុំរឿង​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​បិទ​ការ​ស៊ើបសួរ

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​:​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកានេះ បានសម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ឬ ជូន​ព័ត៌មាន ស្តីពី “​ការបិទ​ការ​ស៊ើបសួរ​” ដែលទើប​ទទួលបាន​មុននេះ​បន្តិច ។

​ក្នុង​សេចក្តីជូនដំណឹង ឬ ជូន​ព័ត៌មាន​ស្តីពី “​ការបិទ​ការ​ស៊ើបសួរ​” បង្ហាញថា លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ “​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និងទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។​

​មាត្រា​៤៤៣ ​នៃ​ក្រមព្រហ្មទណ្ឌ​ប​ទស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ចែងថា​“​គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ​ឬ​ភ្នាក់ងារ​បរទេស​ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ​ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​បទស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ។

​ដោយឡែក​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ បង្ហាញថា កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ពាក្យស្នើសុំ​មួយច្បាប់​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។​

​ដោយ​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ ជាពិសេសត្រង់ចំណុច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ​ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល ​និង​ម្យ៉ាងទៀត ដោយសារ​នាពេល​កន្លងមក​ក្នុងពេល​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ជន​ត្រូវ​ចោទ​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធីតុលាការ​,​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា​សម្រេច​ដាក់ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ លេខ​៤៩៩៦ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​យោងតាម​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៨៨០៤ “​គ​”​ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩, ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចខាងក្រោម​៖
​ក​-​មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ខ​- មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​។​
​គ​-​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច ៕​សរន​/Ha