សំណុំរឿង​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស​: ចោទប្រកាន់​មនុស្ស​១៨​នាក់ ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​-​សមគំនិត​

815
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​ក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ​ថា ក្រោយពី​ពិនិត្យ​និង​ចាត់ការ​សំណុំរឿង​ចប់សព្វគ្រប់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ចំនួន​១៤​នាក់ ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ តាម​មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​មាត្រា​៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​បន្តថា ចំពោះ​ជនសង្ស័យ​ចំនួន ៤​នាក់ ផ្សេងទៀត ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស មាត្រា ២៩ និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​ជន​ត្រូវ​ចោទ​ចំនួន​១៥ នាក់​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ជនសង្ស័យ​ទាំង​០៤​នាក់ មានដូចជា ១.​ឈ្មោះ សុខ ឃឿន ២.​ឈ្មោះ ខៀវ វណ្ណា ៣.​ឈ្មោះ ចេង សំអុល និង​៤.​ឈ្មោះ អៀង ម៉ាន់​។​

​អ្នកនាំពាក្យ​ក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រឿងនេះ​មាន​ជនសង្ស័យ​សរុប​១៨​នាក់ ដែល​ចាប់ខ្លួនបាន ១៥​នាក់ ហើយ​គេចខ្លួន ៣​នាក់ ។​
​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ក្នុងករណី​ពរ​ពោះ​ជំនួស ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញាធរ​ធ្វើការ​សាកសួរ​។

​ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បង្ក្រាប​ករណី​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន ១១​នាក់ និង​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​ផ្សេងទៀត សង្ស័យ​ជា​មេខ្យល់​។ ដោយ​ការ បង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺ​បាន​ធ្វើឡើង​នៅ​ទី​តាំងពីរ​ផ្សេងគ្នា គឺ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ដោយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ខណៈពេលដែល​ពួកគេ​បម្រុង​នឹង​ចេញដំណើរ​ទៅ​ក្រៅប្រទេស​៕ ល​