សំណុំរឿង​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស​: ប៉ូលិស​បញ្ជូន​មនុ​សុ្ស​ចំនួន​០៤​នាក់​ទៅ​តុលាការ​

890
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ក្នុងករណី​ពរ​ពោះ​ជំនួស ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញាធរ​ធ្វើការ​សាកសួរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ថ្លែងប្រាប់​ខ្លីៗ នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​។​

​លោក ទូច សា​រ៉េ​ន បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ស្ត្រី​ចំនួន​១១ ដែល​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស គឺ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារតែ​ពួកគាត់​មាន​បញ្ហា​សុខភាព​។​

​ចំណែក​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ចំពោះ​មនុស្ស​ទាំង​០៤​នាក់​នេះ អយ្យការ​កំពុង​ពិនិត្យ​និង​ចាត់ការ ។​
​ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បង្ក្រាប​ករណី​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន ១១​នាក់ និង​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​ផ្សេងទៀត សង្ស័យ​ជា​មេខ្យល់​។ ដោយ​ការ បង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺ​បាន​ធ្វើឡើង​នៅ​ទី​តាំងពីរ​ផ្សេងគ្នា គឺ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ដោយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​។​

លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចំពោះ​ករណី​ស្ត្រី​ពរ​ពោះ​ជំនួស​ទាំង​១១​នេះ សមត្ថកិច្ច​មិនទាន់​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ ដោយសារតែ​ការធ្វើ​នីតិវិធី​មិនទាន់​បញ្ចប់​។ ហើយ​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​ខណៈពេលដែល​ពួកគេ​បម្រុង​នឹង​ចេញដំណើរ​ទៅ​ក្រៅប្រទេស​។ ហើយ​ស្ត្រី​ពរ​ពោះ​ជំនួស​ទាំង​១១​នាក់ សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​ព័​ត៍​មាន​ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​តុលាការ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ​៩A ផ្លូវ​៣៤៨ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន​៣២​នាក់ និង​មេខ្យល់​ចំនួន​៥​នាក់​។ ហើយ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ដែលជា​មេការ ជាប់​សង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារី​ខ្មែរ​ចំនួន ០៤​នាក់​ផងដែរ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​ជនសង្ស័យ​ទាំង​៥​នាក់​មានដូចជា​៖ ១.​ឈ្មោះ Tiu Qiang ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៤៩​ឆ្នាំ ជា​មេការ​។ ២. ឈ្មោះ ស្វាយ ស៊ី​ណុ​ច ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជា​មេការ​។ ៣. ឈ្មោះ នឿន ស្រី​ឡាង ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជា​មេការ​។ ៤. ឈ្មោះ លឹម សុភាព ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជា​អ្នកបកប្រែ និង​៥. ឈ្មោះ ថៃ ភាព ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជា​មេការ​។ មនុស្ស​ទាំង​០៥​នាក់​នេះ ជាប់​សង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​។​

​បើតាម​ចម្លើយ​របស់​នារី​ពរ​ពោះ​ជំនួស​ទាំង​៣២​នាក់ នាពេល​កន្លងមក បានឱ្យដឹងថា ក្នុង​កូន​មួយ​ដែល​ពួកគេ​ពរ​ពោះ​ជំនួស​នេះ ទទួលបាន​ប្រាក់កំរៃ​ចំនួន ១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​ខែ​ដំបូង ឱ្យចំ​នួន​៥០០​ដុល្លារ ខែ​បន្ទាប់ ៣០០​ដុល្លារ រហូតដល់​កើត ទើប​ទទួលបាន​ចំនួន ៦​ពាន់​ដុល្លារ​បន្ថែមទៀត​។ ចំពោះ​ការថែទាំ​គភ៌ ការ​ប្រសូត្រ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន​។​ ​លក្ខណៈពិសេស ​នៃ​ការ​ពរ​ពោះ​ជំនួស​ក្នុងករណីនេះ គឺ​ពេល​ជិត​ដល់​ត្រូវ​ឆ្លងទន្លេ ប្រសូត្រ គឺ​ក្រុមហ៊ុន​បញ្ជូន​ស្ត្រី​ពរ​ពោះ​ទៅ​ប្រទេស​ចិន សម្រាលកូន​រួច​ទើប​បញ្ជូនមក​ស្រុក​ខ្មែរ​វិញ ហើយ​ប្រគល់​លុយ​បង្គ្រប់ ១​ម៉ឺន​ដុល្លារ​៕ ល​

#